មានការ ព្រ មានចំពោះអ្នក អា ឡែ ហ្ស៊ី ! បុគ្គលិកពេទ្យ២នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ Pfizer
ទីក្រុងឡុងដ៍ ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដំបូងបង្អស់នៅចក្រភពអង់គ្លេស បានជួបបញ្ហាក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីអ្នកដែលមានប្រវត្តិអាឡែហ្ស៊ីធ្ងន់ធ្ងរ ប្រតិកម្មទៅនឹងថ្នាំ ឬអាហារ ត្រូវបានគេណែនាំថា មិនគួរចាក់វ៉ាក់សាំង Pfizer ទេ ពីព្រោះបុគ្គលិក NHS ២នាក់(បុគ្គលិកសេវាសុខភាពជាតិ) បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានចាក់វ៉ាក់សាំង នៅថ្ងៃយុទ្ធនាការចាក់វ៉ាក់សាំង នេះបើយោងតាមសារព័ត៌មានរបស់អង់គ្លេស DailyMail ចេញនៅថ្ងៃទី៩ ធ្នូ ២០២០នេះ ។
ចំនួនប្រជាជនអង់គ្លេស ដែលត្រូវបានហាមឃាត់ មិនឲ្យចាក់វ៉ាក់សាំង Pfizer មិនត្រូវបានគេដឹងនោះទេ ប៉ុន្តែប្រជាជនរហូតដល់ទៅ ៧លាននាក់ នៅចក្រភពអង់គ្លេស មានបញ្ហាអាឡែរហ្សីធ្ងន់ធ្ងរ និងមធ្យម ដែលត្រូវការថែទាំសុខភាព ខណៈដែលមនុស្សប្រហែល ២៥០.០០០នាក់ ត្រូវការចាក់ EpiPen គ្រប់ពេល ( EpiPen វាគឺជាថ្នាំដែលជួយសង្គ្រោះជីវិត នៅពេលនរណាម្នាក់ កំពុងមានប្រតិកម្មអាឡែហ្ស៊ីធ្ងន់ធ្ងរ) ។
និយតករអង់គ្លេស MHRA (ទីភ្នាក់ងារគ្រប់គ្រងឱសថ ផលិតផលសុខភាព និងឧបករណ៍វេជ្ជសាស្ត្រ ចក្រភពអង់គ្លេស) នៅពេលនេះ បានផ្តល់ដំបូន្មានជាមុនដល់ក្រុមបុគ្គលិក NHS ដែលកំពុងចាក់វ៉ាក់សាំងដល់ប្រជាជនថា អ្នកដែលមានប្រវត្តិប្រតិកម្មអាឡែហ្ស៊ី មិនគួរទទួលថ្នាំបង្ការកូវីដ-១៩នេះទេ (វ៉ាក់សាំង Pfizer) ។
សាស្ត្រាចារ្យ Stephen Powis នាយកវេជ្ជសាស្ត្រជាតិ នៃ NHS ក្នុងប្រទេសអង់គ្លេស បាននិយាយថា “និយតករអង់គ្លេស MHRA បានណែនាំថា មនុស្សដែលមានប្រវតិ្តប្រតិកម្មអាឡែហ្ស៊ី មិនទទួលឲ្យការចាក់វ៉ាក់សាំងនេះទេ បន្ទាប់ពីមនុស្សពីរនាក់ ដែលមានប្រវត្តិប្រតិកម្មអាឡែហ្ស៊ី បានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរកាលពីម្សិលមិញ ។ យ៉ាងណា រហូតមកដល់ពេល អ្នកទាំងពីរ កំពុងបានធូរស្រាលវិញហើយ ។
បុគ្គលិកថែទាំសុខភាព(សុំមិនបញ្ចេញឈ្មោះ)ទាំង២នាក់ ត្រូវការ ការព្យាបាលជាបន្ទាន់ រហូតមកទល់ពេលនេះ ពួកគេកំពុងជាសះស្បើយឡើងវិញ បន្ទាប់ពីពួកគេចេញរោគសញ្ញាភ្លាមៗ ក្រោយពីចាក់ថ្នាំបង្ការ នៅថ្ងៃដំបូង នៃកម្មវិធីចាក់វ៉ាក់សាំងដ៏ធំបំផុតមិនធ្លាប់មានក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃទី០៨ ធ្នូ ២០២០នេះ ។
បុគ្គលិក NHS ទាំងពីរនាក់ បានទទួលរងនូវប្រតិកម្មចំពោះវ៉ាក់សាំង ដែលមានអាការចេញកន្ទួលក្រហម ដកដង្ហើមខ្លីៗ ហើមមុខនិងអណ្តាត ឬសម្ពាធឈាមធ្លាក់ចុះ ។ គេមិនដឹងថា តើមនុស្សដទៃទៀត ត្រូវការប្រើ EpiPens ដូចបុគ្គលិក NHS ទាំងពីរត្រូវកាន់តាមខ្លួន គ្រប់ពេលនោះទេ ។
ទោះបីជាមានបញ្ហាប្រតិកម្មអាលែហ្សី ចំនួន២ករណីក៏ដោយ ក៏រដ្ឋាភិបាលអង់គ្លេស នៅតែបន្តចាក់វ៉ាក់សាំង ពី ៥.០០០ ទៅ ៧.០០០នាក់ក្នុងមួយថ្ងៃៗ នៅពាសពេញចក្រភពអង់គ្លេស ដោយប្រើវ៉ាក់សាំង Pfizer ចំនួន ៨០០,០០០ដូស ចាក់នៅតាមមន្ទីរពេទ្យ និងរាប់សិបកន្លែងផ្សេងទៀត ។
កន្លងមក នៅក្នុងការសាកល្បងវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក Pfizer មនុស្ស១៣៧នាក់ ក្នុងចំណោម ១៩.០០០នាក់ ដែលបានចាក់វ៉ាក់សាំងនេះ មានប្រតិកម្មមួយ ឬច្រើន ហើយមាន ១១១នាក់ទៀត មានប្រតិកម្មអាឡែហ្ស៊ី ផងដែរ ។ ប្រតិកម្ម អាចរួមមាន សីតុណ្ហភាព(ក្តៅឫត្រជាក់ខ្លួន) ចង្អោរ ហើមដៃ ឬក្នុងករណីធ្ងន់ធ្ងរ មានអារម្មណ៍ថា ជាទូទៅមិនស្រួលខ្លួន ជាមួយនឹងហើមក្រពេញទឹករងៃ ។
ក្នុងនាមជាវិធានការ ការពារជាមុន និយតករអង់គ្លេស MHRA បានចេញសេចក្តីណែនាំបណ្តោះអាសន្នដល់បុគ្គលិកថែទាំសុខភាព NHS ខណៈពេលដែលភ្នាក់ងារនេះ កំពុងធ្វើការស៊ើបអង្កេត ដើម្បីស្វែងយល់ឱ្យបានពេញលេញនូវរាល់ករណី និងមូលហេតុរបស់វា ។ ក្រុមហ៊ុន Pfizer និង BioNTech កំពុងគាំទ្រ MHRA ក្នុងការស៊ើបអង្កេតករណីនេះ ។
តើវ៉ាក់សាំង Pfizer (COVID-19 BNT162b2) មានភាពខុសគ្នា និងវ៉ាក់សាំងផ្សេងៗទៀត យ៉ាងដូចម្តេច ?
វ៉ាក់សាំងដទៃទៀត ផលិតឡើងតាមវិធីសាស្ត្រប្រពៃណីមួយ ធ្វើអោយមេរោគលែងមានសកម្មភាព ដែលដំណើរការដោយប្រើបំណែកនៃវីរុសត្រូវគេសម្លាប់ ហើយដើម្បីធ្វើឱ្យប្រព័ន្ធភាពស៊ាំ នៃសរពាង្គកាយ តតាំងហ្នឹងវីរុស ដោយមិនប្រឈមនឹងជំងឺណាមួយធ្ងន់ធ្ងរកើតឡើងឡើយ ។ ប៉ុន្តែវ៉ាក់សាំងពីក្រុមហ៊ុន Moderna និង Pfizer គឺជាប្រភេទវ៉ាក់សាំង mRNA ប្រភេទថ្មី ដែលមានន័យថា ជាផ្នែកនៃពូជកូរ៉ូណាវីរុស ដែលត្រូវបានគេចាក់ចូលទៅក្នុងសារពាង្គកាយ ដោយធ្វើឲ្យសរពាង្គកាយ ចាប់ផ្ដើមផលិតប្រូតេអ៊ីននៃវីរុស ដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធនឹងវីរុសខាងក្រៅ ៕