ការចរចាចុងក្រោយពិបាកត្រូវគ្នា អង់គ្លេសត្រៀមនាវាចម្បាំងការពារដែនទឹក
ប្រទេសអង់គ្លេស-សហភាពអឺរ៉ុប ៖ ការចរចារវាងសហភាពអឹរ៉ុបនិងអង់គ្លេស នៅតែជួបការលំបាក កាលពីយប់ថៃ្ងទី១២ ខែធ្នូ មុនកិច្ចប្រជុំ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្រោយការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ដោយពួកអ្នកចរចាអង់គ្លេសថា មិនអាចទទួលយកបាន ជំហររបស់សហភាពអឺរ៉ុប ខណៈសល់ពេល២០ថ្ងៃទៀត ដល់ថ្ងៃចាកចេញជាស្ថាពររបស់អង់គ្លេសពីប្លុកសហភាពអឺរ៉ុប។
ជាសញ្ញានៃការកើនឡើងនៃភាពតានតឹង រវាងដៃគូទាំង២ អង់គ្លេសឲ្យដឹងថា បណ្ដានាវាចម្បាំងរបស់ខ្លួនបានត្រៀមរួចរាល់ ការពារបណ្ដាតំបន់នេសាទអង់គ្លេស កន្លែងដែលអាចកើតមានភាពតានតឹង ក្នុងករណីបរាជ័យនៃការចរចា។ ការចរចាអាចបន្តនាថ្ងៃទី១៣ធ្នូ។
ការចរចានៅទីក្រុងព្រុចសែល រវាងក្រុមអ្នកចរចាទាំង២ ដោយមានវត្តមានអ្នកចរចាអឹរ៉ុបលោកMICHEL BARNIER និងសមភាគីអង់គ្លេសលោក DAVID FROST បានបន្តនាយប់ថ្ងៃទី១២ ធ្នូ មុនការសម្រេចនាថ្ងៃទី១៣ ធ្នូ លើវាសនានៃការចរចាស្ដីពីក្រោយ BREXIT ដែលក្នុងស្ថានភាពបច្ចុប្បន្ន អង់គ្លេសថា ជំហរសហភាពអឺរ៉ុប នៅតែមិនអាចទទួកយកបាន។
ប្រសិនបើការសម្របសម្រួលគ្នាមិនអាចរកឃើញ នោះអង់គ្លេសដែលប្រកាសចាកចេញជាផ្លូវការពីសហភាពអឺរ៉ុប តាំងពីថ្ងៃទី៣១ មករា ឆ្នាំ២០២០មក តែនៅបន្តគោរពបណ្ដាបែបបទអឹរ៉ុប ក្នុងដំណាក់កាលឆ្លងកាត់នោះ អាចសម្រេចចាកចេញដាច់ស្រេចមិនចាំបាច់មានកិច្ចព្រមព្រៀង៕