ប្រទេសថៃគ្រោងនឹងពន្យារពេលនូវការផ្តល់ទិដ្ឋាការដោយឥតគិតថ្លៃសម្រាប់ជនបរទេស
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានណែនាំដល់ក្រសួងការបរទេសថៃឱ្យពន្លឿនការបន្ធូរបន្ថយការរឹតត្បិតទៅលើជនបរទេសដែលចូលមកក្នុងប្រទេសនេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សំដីរបស់លោក Jaturon Chaiyakham អគ្គនាយករងនៃនាយកដ្ឋានកិច្ចការកុងស៊ុលដែលបាននិយាយថា បើនិយាយអំពីបញ្ហានេះ ក្រសួងការបរទេសនឹងស្វែងរកការយល់ព្រមពីគណៈរដ្ឋមន្រ្តីសម្រាប់ការពង្រីកទិដ្ឋាការឥតគិតថ្លៃសម្រាប់ទេសចរបរទេសពី ៣០ថ្ងៃទៅ ៤៥ថ្ងៃ ដើម្បីទូទាត់សម្រាប់រយៈពេលនៃការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃរបស់ពួកគេ។
មានប្រទេសចំនួន ៥៦ ដែលមានសិទ្ធិទទួលបានការលើកលែងទិដ្ឋាការនេះ ដែលវានឹងត្រូវបានអនុវត្តផងដែរចំពោះប្រទេសរុស្ស៊ីដែលមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសថៃ។
លោកបាននិយាយបន្ថែមថា ជាមួយនឹងការអនុវត្តនេះ ចំនួនភ្ញៀវទេសចរត្រូវបានគេរំពឹងថានឹងមានការកើនឡើងពី ១០.០០០នាក់ ទៅ ២០.០០០នាក់ក្នុងមួយខែ។
ទន្ទឹមនឹងនេះដែរ ជុំវិញបញ្ហានៃការបន្ធូរបន្ថយការរឹតបន្តឹងសម្រាប់ជំងឺកូវីដ-១៩ លោក Nattaphon Narkphanit ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានឱ្យដឹងថា លោកបានពិភាក្សាជាមួយក្រសួងការបរទេស
ដើម្បីបន្ធូរបន្ថយការរឹតត្បិតទៅលើជនបរទេសដែលចូលក្នុងប្រទេសថៃ រួមទាំងការរៀបចំទិដ្ឋាការសម្រាប់ការធ្វើដំណើររបស់ពួកគេផងដែរ បើទោះបីជាសុវត្ថិភាពនៃសុខភាពសាធារណៈនៅតែជាក្តីបារម្ភចំបងក៏ដោយ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងក្នុងសហគមន៍ជាច្រើននៃជំងឺកូវីដ-១៩ ពីជនជាតិថៃមួយចំនួនដែលបានវិលត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ា។
លោក Narkphanit បាននិយាយថា ទោះជាយ៉ាងណា សកម្មភាពនៃការរាប់ថយក្រោយអបអរសាទរឆ្នាំថ្មី អាចត្រូវបានធ្វើឡើងដរាបណាពួកគេប្រព្រឹត្តទៅក្រោមស្តង់ដារសុវត្ថិភាពសុខភាព៕