អាមេរិកលក់អាវុធបន្ថែមទៀតទៅឲ្យតៃវ៉ាន់ធ្វើអោយចិនខឹងគំរាមចាត់វិធានការសងសឹង
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ជុនយីង (Hua Chunying) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិននឹងចាត់វិធានការសងសឹកជាចាំបាច់ក្រោយពីសហរដ្ឋអាមេរិកបានប្រកាសពីការលក់អាវុធតម្លៃ២៨០លានដុល្លារបន្ថែមទៀតទៅឲ្យកោះតៃវ៉ាន់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្នុងទីក្រុងប៉េកាំងលោកស្រី ហួ បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការលក់អាវុធទៅឲ្យកោះតៃវ៉ាន់និងបញ្ឈប់ទំនាក់ទំនងយោធាជាមួយតៃវ៉ាន់ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងចិននិងអាមេរិកព្រមទាំងស្ថិរភាពនិងសន្តិភាពរវាងកោះតៃវ៉ាន់និងប្រទេសចិន។
កាលពីថ្ងៃអង្គារដដែលនោះប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) បាននិយាយផងដែរថាតៃវ៉ាន់ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាពី «កងកម្លាំងផ្តាច់ការ» ជារៀងរាល់ថ្ងៃ។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនការគាំទ្រចំពោះកោះតៃវ៉ាន់ដោយបានលក់កញ្ចប់អាវុធសរុបចំនួន១១លើក ហើយកាលពីថ្ងៃចន្ទរដ្ឋាភិបាលអាមេរិកបានជូនដំណឹងទៅសភាពីការលក់អាវុធបន្ថែមទៀតទៅឲ្យដែនកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ។
សកម្មភាពនេះបានធ្វើឲ្យចិនមានការខឹងសម្បារ ខណៈដែលទំនាក់ទំនងរវាងអាមេរិកនិងចិនកំពុងតែស្ថិតក្នុងភាពតានតឹងស្រាប់ទៅហើយ រួមជាមួយនឹងការដាក់ទណ្ឌកម្មរបស់ចិនទៅលើក្រុមហ៊ុនរបស់អាមេរិកដែលពាក់ព័ន្ធនឹងការបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់៕