ហុងកុង ! សកម្មជន៨នាក់ទៀតត្រូវបានចាប់ខ្លួនខណៈដែលការបង្ក្រាបក្រុមប្រឆាំងគ្មានសញ្ញាថមថយ
ហុងកុង៖ នៅថ្ងៃអង្គានេះប៉ូលិសហុងកុងបានចាប់ខ្លួនសកម្មជនចំនួន៨នាក់ថែមទៀតពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីខែកក្កដា ដែលនេះគឺជាសកម្មភាពថ្មីមួយទៀតរបស់អាជ្ញាធរក្នុងការបង្ក្រាបដោយឥតឈប់ឈរទៅលើក្រុមប្រឆាំងនៅក្នុងទីក្រុងហុងកុង។
ប៉ូលិសមិនបានបង្ហាញអត្តសញ្ញាណអ្នកដែលត្រូវបានចាប់ខ្លួនទេដោយគ្រាន់តែនិយាយថាពួកគេមានអាយុចន្លោះពី២៤ឆ្នាំទៅ៦៤ឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា អតីតសមាជិកសភាគាំទ្រលទ្ធិប្រជាធិបតេយ្យម្នាក់ឈ្មោះ លឿង វ៉ុកហ៊ុង (Leung Kwok-hung) ដែលត្រូវបានគេស្គាល់ថាជាបុរសសក់វែងបានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន។
ចំណាត់ការនេះត្រូវបានធ្វើឡើងក្រោយពីមនុស្ស៨នាក់អាយុចន្លោះពី១៦ទៅ៣៤ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងនោះរួមទាំងមនុស្ស៣នាក់ដែលសង្ស័យថាបានបំពានច្បាប់សន្តិសុខថ្មីជុំវិញការធ្វើបាតុកម្មតូចមួយនៅឯបរិវេណសាកលវិទ្យាល័យមួយកាលពីខែមុន។
ច្បាប់នោះដែលត្រូវបានប្រទេសចិនអនុម័តសម្រាប់ទីក្រុងហុងកុងបានចែងថាអបគមន៍, វិទ្ធង្សនា ភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេសគឺជាបទឧក្រិដ្ឋដែលត្រូវជាប់ពន្ធនាគាររហូតអស់មួយជីវិត។
សូមរម្លឹកថា ប៉ូលិសហុងកុងបានបាញ់កាណុងទឹកនិងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុកររាប់ពាន់នាក់កាលពីថ្ងៃទី០១ ខែវិច្ឆិកាដែលជាខួបនៃការប្រគល់ដែនដីហុងកុងទៅឲ្យចិនគ្រប់គ្រងដោយសារតែក្រុមបាតុករបានបំពាននឹងបំរាមរបស់ប៉ូលិសដែលហាមមិនឲ្យមានការជួបជុំ។
កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកក៏បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសចិនចំពោះការអនុម័តច្បាប់សន្តិសុខថ្មីសម្រាប់ហុងកុងដោយធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីកើនឡើងកាន់តែខ្លាំង៕