ពេលនេះមេធាវីផ្ទាល់ខ្លួន របស់ លោក ត្រាំ លោក រ៉ូឌី ជូលីអានី (Rudy Giuliani) តេស្តវិជ្ជមានវីរុសកូវីដ១៩
អាមេរិក៖ មេធាវីផ្ទាល់ខ្លួនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺ លោក រ៉ូឌី ជូលីអានី (Rudy Giuliani) បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក ត្រាំ បានសរសេរនៅបណ្ដាញសង្គមធ្វីតធ័រ (Twitter) កាលពីថ្ងៃអាទិត្យថា «សូមឆាប់ជាសះស្បេីយ, ពួកយេីងនឹងបន្តទៅមុខទៀត»។
លោក ជូលីអានី អាយុ ៧៦ឆ្នាំ ដែលបានដឹកនាំយុទ្ធនាការតស៊ូផ្លូវច្បាប់របស់ លោក ត្រាំ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនោះ គឺជាមនុស្សម្នាក់ថែមទៀតដែលជិតដិតនឹង លោក ត្រាំ ដែលបានឆ្លងវីរុសកូវីដ១៩។
នៅក្នុងឱកាសជាច្រេីន លោក ជូលីអានី បានជួបជាមួយក្រុមមន្ត្រីជាច្រេីនម៉ោងដោយមិនមានពាក់ម៉ាស់។
លោក ត្រាំ និង ក្រុមរបស់គាត់ ត្រូវបានគេរិះគន់ចំពោះការមិនគោរពតាមគោលការណ៍សុវត្ថិភាពដេីម្បីបង្ការការឆ្លងរាតត្បាតរបស់វីរុសកូវីដ១៩។ លោក ត្រាំ បានធ្វេីតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ ក្នុងខែតុលា។
យោងតាមសាកលវិទ្យាល័យ ចនហបគីនស៍ (Johns Hopkins) មនុស្សជិត ១៤លាន៦សែននាក់បានឆ្លងវីរុសកូវីដ១៩នៅអាមេរិក ហើយមនុស្ស ២៨១.២៣៤នាក់បានស្លាប់ដោយសារវីរុសនេះ៕