ប្រទេសកូរ៉េខាងត្បូងជំរុញឱ្យទីក្រុងព្យុងយ៉ាងកុំបង្ករឿងជាមួយរដ្ឋបាលលោក ចូ បៃដិន អោយសោះ
កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee In-young បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការបង្កហេតុជាមួយរដ្ឋបាលអនាគតរបស់ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ចូ បៃដិន ។
លោក Lee បាននិយាយថា «ខ្ញុំបាននិយាយរឿងនេះម្តងហើយម្តងទៀតជាច្រើនដង ហើយក៏មិនដែលឃើញមានការបង្កហេតុណាមួយពីប្រទេសកូរ៉េខាងជើងទេ ពីព្រោះវាផ្ទុយទៅនឹងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដោយប្រទេសកូរ៉េទាំងពីរ ហើយវាផ្ទុយនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជនចំពោះសន្តិភាព»។
រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិរូបនេះបានលើកឡើងអំពីកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានចុះហត្ថលេខាដោយមេដឹកនាំទាំងពីរនៅទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ដើម្បីកាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងបង្កើនកិច្ចសហប្រតិបត្តិការ។
លោក Lee ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា រយៈពេល ៦ខែដំបូងនៃរដ្ឋបាលលោក បៃដិន ដែលត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនេះជាផ្លូវការនៅខែមករា នឹងផ្តល់កម្លាំងជំរុញដល់ដំណើរការនៃការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិបាននិយាយថា «យើងសង្ឃឹមថារយៈពេល ៦ខែទៀតនឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីចាប់ផ្តើមដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េឡើងវិញ និងឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរពេញលេញ និងសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ»។
កិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែររវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងតាំងពីឆ្នាំ ២០១៩ មក បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដើរចេញពីកិច្ចប្រជុំកំពូលមួយនៅទីក្រុងហាណូយប្រទេសវៀតណាម។ ភាពតានតឹងនៅឧបទ្វីបកូរ៉េក៏បានកើនឡើងផងដែរបន្ទាប់ពីការិយាល័យទំនាក់ទំនងរួមគ្នាមួយនៅព្រំដែន Kaesong ត្រូវបានបំផ្ទុះឡើងដោយកូរ៉េខាងជើងកាលពីខែមិថុនាកន្លងទៅនេះ៕