ដោយក្តីបារម្មណ៍ ! គិលានុបដ្ឋាយិកា ស្រែកអង្វរប្រជាជនកុំឲ្យជួបជុំគ្នានៅថ្ងៃបុណ្យណូអែល ក្នុងឆ្នាំនេះ
Molly-Elizabeth Francis មានដើមកំណើតនៅ Dublin ប្រទេស អៀរឡង់ បាននិយាយថា នាងបានយំយ៉ាងខ្លាំងនៅកន្លែងធ្វើការ បន្ទាប់ពីបានសរសេរសុំអង្វរក្រុមគ្រួសារនិងប្រជាជនក្នុងប្រទេស មិនឲ្យមានការជួបជុំគ្នានៅថ្ងៃបុណ្យណូអែល ខណៈដែលនាងកំពុងតែតស៊ូដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺកូវីដ-១៩ ដែលធ្ងន់ធ្ងរ។
Molly ដែលកំពុងព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅឯមន្ទីរពេទ្យ St Peter’s ក្នុងទីក្រុង Albany រដ្ឋញូវយ៉ក បានចែករំលែករូបថត Selfie នៃស្នាមក្រហមនៅលើមុខរបស់នាង ក្នុងឈុត PPE និងការឈឺចាប់ពេញរាងកាយ។
ការបង្ហោះរបស់នាងត្រូវបានចែកចាយច្រើនជាង ៥០០០០ ដង និងមានអ្នកបញ្ចេញយោបល់ជាង ៩.៥០០ ព្រមទាំងមានអ្នកជំរុញឲ្យមានការគាំទ្របន្ថែមទៀត។
នាងបានសរសេរបែបអង្វរករនិងអស់សង្ឃឹមក្នុងហ្វេសបុកថា “ គ្រប់គិលានុបដ្ឋាយិកា គឺតែងតែឃើញអ្នកជំងឺជារៀងរាល់ថ្ងៃ ហើយហើយក្នុងចំណោមអ្នកជំងឺ ៥ នាក់របស់ខ្ញុំ អាចនឹងមានម្នាក់ស្លាប់ តែយ៉ាងណាខ្ញុំនៅតែក្បែរពួកគេនៅយប់នោះ។ ខ្ញុំក៏បានឃើញមនុស្សដដែលនិយាយថាមិនអីទេ ក្នុងការជួបជុំគ្នាជាក្រុមសម្រាប់ថ្ងៃឈប់សម្រាក។ ខ្ញុំដឹងថាពិបាកដែលមិនបានជួបជុំក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់នៅឆ្នាំនេះ ប៉ុន្តែមុនសប្បាយ សូមគ្រប់គ្នាគិតដល់អាយុជីវិត ” ។
ក្នុងនាមបុគ្គលិកសុខាភិបាល យើងមិនអាចប្រយុទ្ធប្រឆាំងនឹងបញ្ហានេះ តែម្នាក់ឯងបានទេ។ យើងត្រូវការសហគមន៍របស់យើង ដើម្បីរួមគ្នាហើយយកចិត្តទុកដាក់ខ្ពស់ជាងមុន។ យើងជាគិលានុបដ្ឋាយិការបស់អ្នកទាំងអស់គ្នា។ យើងកំពុងប្រយុទ្ធ ប៉ុន្តែយើងនឿយហត់ណាស់។ សូមចូលរួមចំណែករបស់អ្នក យើងនឹងបំពេញភារកិច្ចរបស់យើង៕