នៅ Single យូរពេក អ្នកតែងតែប្រឈមនឹងការមាក់ងាយ ៥យ៉ាងពីមនុស្សជុំវិញខ្លួន
ក្នុងលោកនេះ គ្មានអ្នកណាម្នាក់ចង់រស់នៅអត់គូ ឬអត់ស្នេហាទេ ប៉ុន្តែដោយសារតែមានហេតុផល និងកាលៈទេសៈផ្ទាល់ខ្លួន ដែលធ្វើឲ្យមនុស្សម្នាក់ៗ មិនអាចកំណត់ពេលវេលាបានជាក់លាក់ ក្នុងការមានគូស្រករ រហូតដល់នៅយូរ វ័យច្រើនជ្រុល បណ្ដោយខ្លួនឲ្យនៅលីវអត់គូយូរអង្វែង។ ខាងក្រោមនេះ ជាបញ្ហាទាំង ៥យ៉ាង ដែលអ្នក Single អាចទទួលរងការមាក់ងាយពីមនុស្សជុំវិញខ្លួន៖
១. ត្រូវបានគេចោទថាជាមនុស្សស្រលាញ់ភេទដូចគ្នា៖ អាយុច្រើនហើយ នៅមិនទាន់មានគូ ក្នុងក្រសែភ្នែកអ្នកមួយចំនួននៅជុំវិញខ្លួន គេនឹងអាចសន្និដ្ឋានផ្តេសផ្តាសថា អ្នកជាមនុស្សស្រលាញ់ភេទដូចគ្នា ខ្ទើយទេដឹង? លេសស្បៀនទេដឹង? ទើបបានជាមិនព្រមរៀបការ។ តើមានមនុស្ស Single ប៉ុន្មាននាក់ ដែលធ្លាប់ត្រូវគេចោទលើចំណុចនេះ?
២. គេយល់ថាអ្នកជាមនុស្សគ្មានកំណើត ទើបគ្មានអ្នកស្រលាញ់៖ “អាយុច្រើន អត់គូ អត់អ្នកណាយក មកពីវាគ្មានកំណើត បើមានកំណើត វាមិននៅលីវឡើងក្រៀមខ្លួនអ៊ីចឹងទេ…” នេះជាភាសាធ្ងន់ៗចេញពីមាត់បុគ្គលមួយចំនួន ដែលអ្នក Single ខ្លះធ្លាប់ត្រូវបានគេនិយាយដាក់។
៣. គេវាយតម្លៃថាអ្នកជាមនុស្សគ្មានសមត្ថភាព៖ ពាក្យថាគ្មានសមត្ថភាពដែលគេទម្លាក់មកលើមនុស្ស Single គឺសំដៅដល់ចំណុចច្រើនយ៉ាង ដូចជា ឲ្យហេតុផលមិនសមស្របថា អ្នកជាមនុស្សគ្មានសមត្ថភាពលើការងារ ប្រាក់ខែតិច ចិញ្ចឹមគេមិនរស់ (សម្រាប់បុរស) ទើបគ្មានលទ្ធភាពស្រលាញ់កូនគេ។ អាយុច្រើន មុខចាស់ តែគ្មានភាពចាស់ទុំលើការគិតពិចារណា ខ្សោយការរកដំណោះស្រាយ ភ័យព្រួយខ្លាចបើរៀបការទៅមិនអាចរ៉ាប់រងនឹងបញ្ហា ដែលកើតឡើងចំពោះគ្រួសារបាន។ មានអ្នកខ្លះទៀត គិតថាអ្នកជាមនុស្សអសមត្ថភាពរឿងនៅលើគ្រែថែមទៀតផង។
៤. គេចោទថាអ្នកជាមនុស្សរើសគូស្រករ៖ ជាធម្មតាទៅហើយដែលមនុស្ស Single ក្លាយទៅជាផ្ទាំងហ្ស៊ីបនៃការសង្ស័យនេះ សង្ស័យនោះ ពីមនុស្សជុំវិញខ្លួន តែមានចំណុចម្យ៉ាងទៀតដែលពួកគេយល់ខុសមកលើអ្នក Single គឺតែងតែគិតថា មកពីរើសច្រើនពេក ល្មមៗមិនព្រមយក ទើបបានជានៅចាស់ព្រៅ សៅកែ ដុះស្លែយូរឆ្នាំខែអ៊ីចឹង។ ការយល់បែបនេះ មិនត្រឹមត្រូវទាំងស្រុងឡើយ ព្រោះថាមនុស្សអត់គូ ឬនៅយូរ មិនមែនសុទ្ធតែមកពីរើសច្រើនពេកនោះទេ។
៥. ទទួលបានពាក្យថា អ្នកក្រមិនហ៊ាន អ្នកមានមិនព្រមមក៖ ពេលចង់មានស្នេហា មនុស្សនៅលីវយូរ ច្រើនត្រូវបានភាគីម្ខាងទៀតរិះគិត ហើយដាក់ការសង្ស័យលើចំណុចច្រើនយ៉ាង ដូចជា “ម៉េចបានជាម្នាក់ហ្នឹងអាយុច្រើនហើយ នៅមិនទាន់មានគូ? តិចគេជាមនុស្សមិនល្អទេដឹង? ឬក៏គេមានប្រវត្តិអីមិនល្អ ទើបបានជាគ្មានអ្នកស្រលាញ់? គួរតែព្រមទទួលស្នេហាពីម្នាក់ហ្នឹងអត់?…” ដោយសារតែម្នាក់ៗពិចារណាលើអ្នក Single ច្រើនជ្រុលបែបនេះហើយ ទើបបានជាពួកគេ ហាក់ដូចជាមានភាពពិបាក ក្នុងការរកគូគាប់បន្តិច ដោយសារតែម្នាក់ៗតែងតែដាក់ការសង្ស័យច្រើនពេកមកលើពួកគេ ប៉ុន្តែការគិតបែបនេះ គួរតែត្រូវបានបញ្ចប់ពីពេលនេះតទៅ ព្រោះថាស្នេហា មិនមែនជាអារម្មណ៍សង្ស័យឡើយ។
តើអ្នកណាខ្លះដែលធ្លាប់ទទួលរងបញ្ហាមាក់ងាយទាំង ៥យ៉ាងខាងលើនេះ ពីមនុស្សជុំវិញខ្លួន?