ការសិក្សាមួយថាញ៉ាំបាយច្រើនប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មានទើបល្មម?
ការសិក្សាមួយទើបចេញផ្សាយក្នុងខែកញ្ញានេះបានបង្ហាញថាអង្ករសមានទំនាក់ទំនងទៅនឹងជំងឺទឹកនោមផ្អែម នេះមានន័យថាអ្នកញ៉ាំបាយច្រើនក្នុងមួយថ្ងៃៗគឺមានហានិភ័យកើតជំងឺទឹកនោមផ្អែម។ ការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ McMaster របស់កាណាដានិងវិទ្យាស្ថានស្រាវជ្រាវផ្នែកសុខភាពចំនួនពីរផ្សេងទៀត បានសិក្សាទៅលើអ្នកចូលរួមចំនួន១៣ម៉ឺននាក់ ដោយអ្នកចូលរួមមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ក្នុងរយៈពេល១០ឆ្នាំ។
ការសិក្សានេះបានរកឃើញថាអ្នកញ៉ាំបាយ (អង្ករស)ច្រើនជាង៤៥០ក្រាមក្នុងមួយថ្ងៃ គឺប្រឈមមុខកាន់តែខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែម។ អ្នកចូលរូមចំនួន៦ ០០០នាក់ ដែលពេលដំបូងមិនមានជំងឺទឹកនោមផ្អែមនោះ បានវិវត្តទៅជាកើតជំងឺនេះ ដោយសារតែបរិមាណបាយដែលពួកគាត់បានញ៉ាំ។
ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាតិកាបូអ៊ីដ្រាតនៅក្នុងអង្ករសគឺមានសន្ទស្សន៍ជាតិស្ករខ្ពស់ ដែលបានរួមចំណែកធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងរបបអាហារកើនឡើងដែរ។ ការសិក្សានេះបានរកឃើញទៀតថាអង្ករស មិនត្រឹមតែមានទំនាក់ទំនងនឹងហានិភ័យជំងឺទឺកនោមផ្អែមទេ តែក៏ធ្វើឲ្យយើងប្រឈមនឹងបញ្ហា metabolic syndrome (បណ្ដុំនៃកត្តាប្រឈមធ្វើឲ្យកើតជំងឺបេះដូង) រួមមានដូចជាការកើនឡើង triglyceride(ខ្លាញ់អាក្រក់ក្នុងសរសៃឈាម) និងការធ្លាក់ចុះនៃខ្លាញ់ល្អ។
បើតាមក្រុមអ្នកស្រាវជ្រាវយើងគួរញ៉ាំបាយក្នុងបរិមាណសមល្មម និងជាមួយបន្លែ ឬសាឡាដឲ្យបានច្រើនដែរ ដើម្បីបំពេញជាតិសសៃរ និងប្រូតេអ៊ីនដែលរាងកាយត្រូវការ។ ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group