ទឹកចូលសួតនិងទឹកចូលស្រោមសួត មិនមែនមកពីងូតទឹកពេលក្ដៅខ្លួនឡើយគឺមកពី..
កន្លងមកចាស់ៗតែងតែហាមប្រាមមិនឲ្យយកកូនតូច ឬយើងជាមនុស្សធំក៏ដោយ ពេលក្ដៅខ្លួនដាច់ខាតកុំងូតទឹក ព្រោះទឹកចូលសួត។ បើតាមការបកស្រាយពីខាងមន្ទីរពេទ្យកាល់ម៉ែត នោះមិនមែនជារឿងពិតឡើយ ហើយជំងឺទឹកចូលសួត និងទឹកចូលស្រោមសួតក៏មិនដូចគ្នា និងមូលហេតុបង្កខុសគ្នាដែរ។
១- តើជំងឺទឹកចូលសួត និងទឹកចូលស្រោមសួតខុសគ្នា ឬដូចគ្នា? ចម្លើយដ៏ខ្លី គឺជំងឺទាំងពីរមុខនេះ ខុសគ្នាស្រឡះតែម្ដង។ – ទឹកចូលសួតោះ មានន័យថាខ្លួនយើងចាល់ជាតិទឹកក្នុងខ្លួនច្រើនជ្រុលដោយប្រការណាមួយទើបបណ្ដាលឲ្យជាតិទឹកទាំងនោះជ្រាបចូលទៅដក់ក្នុងថង់ខ្យល់របស់សួត នាំឲ្យយើងហត់ខ្លាំង។ មូលហេតុអាចបណ្ដាលមកពីខ្សោយបេះដូង ដែលនាំឲ្យការច្របាច់ឈាមមិនបានល្អ គឺធ្វើឲ្យជាតិទឹកច្រាលមកក្នុងសួត ឬមូលហេតុមួយទៀតមកពីខ្សោយតម្រងនោមខ្លាំងដែលមិនអាចបញ្ចេញជាតិទឹកបានល្អ ក៏បណ្ដាលឲ្យច្រាលទឹកមកសួតដែរ។
– ទឹកចូលស្រោមសួត៖ ជារឿងមួយដោយឡែក ដែលមានន័យថាមានការដក់ទឹកក្នុងស្រោមសួតដែលព័ទ្ធជុំវិញសួតអាចខាងឆ្វេង ឬស្តាំ ឬទាំងសង្ខាងក៏មាន វាអាចបណ្ដាលមកពីការរលាកស្រោមសួតខ្លួនឯងផ្ទាល់ ឬមកពីការខ្សោយបេះដូង តម្រងនោម ឬក៏ថ្លើម ទើបបណ្ដាលឲ្យចាល់ជាតិទឹករហូតដល់ទៅដក់ក្នុងស្រោមសួត។
២- តើការងូតទឹក ជាពិសេសពេលក្ដៅខ្លួន ទឹកអាចចូលសួត ឬក៏ស្រោមសួតបានទេ? ករណីនេះពុំអាចកើតឡើងទេ ហើយការយល់ឃើញបែបនេះ គឺខុសទាំងស្រុង ផ្ទុយទៅវិញពេលក្ដៅខ្លួន ត្រូវព្យាយាមងូតទឹកឲ្យបានច្រើនដង ដើម្បីជួយបញ្ចុះកម្ដៅក្នុងខ្លួន។
៣- តើជំងឺទឹកចូលស្រោមសួតមានរោគសញ្ញាដូចម្ដេច? – ក្អកស្ងួត ជាពិសេសនៅពេលប្ដូរឥរិយាបថ ដូចជាក្រោកពីដេក ឬផ្អៀងខ្លួនជាដើម – ហត់ – ឈឺទ្រូងផ្នែកចំហៀងឆ្វេងឬស្កាំ អាស្រ័យទៅលើការទឹកចូលស្រោមសួតខាងណា – មានរោគសញ្ញាផ្សេងៗទៀត អាស្រ័យលើមូលហេតុបង្កនៃជំងឺនេះ។
៤- ហេតុអ្វីបានមានជំងឺទឹកចូលស្រោមសួត? ជំងឺនេះមានមូលហេតុបង្កផ្សេងៗ ដែលភាគច្រើនគេជួបញឹកញាប់មានដូចជា៖ – រលាកស្រោមសួតដោយមេរោគ បាក់តេរី ឬរបេងជាដើម – ជំងឺមហារីកស្រោមសួត ឬមហារីកសរីរាង្គផ្សេង តែរាលដាលដល់ស្រោមសួត – ជំងឺខ្សោយបេះដូង – ជំងឺខ្សោយតម្រងនោម – ជំងឺក្រិនថ្លើម – មូលហេតុផ្សេងៗជាច្រើនទៀត
៥- ធ្វើយ៉ាងណាទើបដឹងមូលហេតុទាំងនោះ? ជាទូទៅគ្រូពេទ្យនឹងវិភាគតាមរយៈថតសួតដោយកាំរស្មីអិច ឬអេកូសួត និងជួនកាលអាចធ្វើការស្កេនសួត។ ភាគច្រើនតម្រូវឲ្យមានការបូមទឹកស្រោមសួត ដើម្បីធ្វើការវិភាគអមវេជ្ជសាស្រផ្សេងៗ៕ Hello គ្រូពេទ្យ