រូបមន្តធម្មជាតិកាត់បន្ថយបញ្ហាជ្រុះសក់ និងបណ្តុះសក់ឲ្យដុះលឿន!

សក់ប្រមាណពី 50 ទៅ 100 សរសៃ ត្រូវបានជ្រុះជារៀងរាល់ថ្ងៃ ហើយត្រូវបានគេចាត់ទុកជាធម្មតាសម្រាប់មនុស្សទូទៅ។ ប៉ុន្តែស្ត្រីជាញឹកញាប់អាចមានជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភចំពោះការជ្រុះសក់នេះជាងបុរស។ យ៉ាងណាមិញ សក់របស់អ្នកមានការដុះលូតលាស់ជា៣ដំណាក់កាលផ្សេងគ្នារួមមាន៖ ដំណាក់កាលលូតលាស់មានប្រហែលជា៩០%និងមានរយៈពេលច្រើនឆ្នាំ ហើយនៅដំណាក់កាលសម្រាកដែលជាទូទៅ មានរយៈពេលពី២ ទៅ ៣ខែ និងដំណាក់កាលចុងក្រោយ គឺការជ្រុះសក់ពីឫស ហើយក៏មានការដុះសក់ថ្មីជាបន្តបន្ទាប់។

បញ្ហាជ្រុះសក់នាពេលបច្ចុប្បន្ន មានការកើតឡើងច្រើនក្នុងប្រទេសកម្ពុជាយើង ហើយមូលហេតុភាគច្រើននៃការជ្រុះសក់របស់មនុស្សធំនាពេលបច្ចុប្បន្ន ដោយសារតែការប្រើប្រាស់គ្រឿងសម្អាងតុបតែងសក់និងបញ្ហាស្ត្រេសរបស់ពួកគាត់ បូករួមនឹងកត្តាចម្បងដែលបណ្ដាលឲ្យសក់ជ្រុះជាច្រើនទៀតមានដូចជា៖ បញ្ហាស្ត្រេស ទាំងផ្លូវកាយ និងផ្លូវចិត្តដែលជម្រុញឲ្យវដ្តនៃការលូតលាស់នៃសក់មានរយៈខ្លី និងឆាប់ជ្រុះ

-កត្តាបុរសឬតំណពូជ៖ បង្កឡើងដោយសារអ័រម៉ូនអង់ដ្រូសែនដែលមានច្រើនពេលមនុស្សពេញវ័យ។ វាបណ្ដាលឲ្យសក់ជ្រុះនៅម្ដុំខាងមុខ និងកណ្ដាល។ ចំពោះមនុស្សស្រីវិញអាចជាកត្តាតំណពូជ សក់ជ្រុះពេលអស់រដូវដោយសារការប្រើប្រាស់ថ្នាំពន្យារកំណើត ឬក្រោយពេលសម្រាល។

-ការខ្វះអាហារូបត្ថម្ភ៖ បញ្ហានេះក៏បណ្ដាលឲ្យសក់ជ្រុះដែរ ដូចជាកង្វះវីតាមីន B12 ជាតិដែក ស័ង្កសី និងខ្វះប្រូតេអ៊ីន ដោយសារទម្លាប់មិនបរិភាគសាច់ប្រចាំថ្ងៃ។
-ជំងឺក្រពេញ៖ ជំងឺក្រពេញមួយចំនួនក៏អាចឲ្យមានបញ្ហានេះដែរ ដូចជាជំងឺទឹកនោមផ្អែម ជំងឺពកកជាដើម។

-ការប្រើប្រាស់ថ្នាំ៖ ថ្នាំព្យាបាលជំងឺឈាមខាប់ដូចជា អាស្ពឺរីន(Aspirin) អរប៉ារីន(Heparin) និងថ្នាំព្យាបាលជំងឺបេះដូង បេតាប្លុកខឺ (Betablocker) ក៏ជាមូលហេតុមួយដែរ ការព្យាបាលដោយចាក់គីមី (Chemical therapy) សម្រាប់អ្នកជំងឺមហារីកក៏អាចឲ្យជ្រុះសក់បានដែរ។

-កត្តាជំងឺ៖ ជំងឺផ្លូវចិត្ត (Trichotillomania) ជាជំងឺដែលតែងកើតលើក្មេងអាយុ៨ ទៅ១៣ ឬ១៤ឆ្នាំដោយអ្នកជំងឺចូលចិត្តបោចសក់ខ្លួនឯង ហើយគេអាចដឹងបានដោយសារសក់របស់គេបាត់នៅដំណាក់កាលផ្សេងៗគ្នា ជំងឺផ្សិតដែលឲ្យសក់ដាច់មួយកំណាត់ជំងឺប្រព័ន្ធភាពសុំាដូចជាជំងឺលុយពីស(lupus)ដែលកើតឡើងដោយសារវត្តមានគោលិកាឈាមសច្រើននៅតាមស្បែកក្បាលដែលនាំឲ្យរលោកគល់រោម ហើយអាចឲ្យដំបៅពិបាកនឹងព្យាបាល និងជំងឺដំពកច្រើននៅដៃស្បូន (Polycystic ovarian) ។

ការតុបតែងសក់៖ ទម្លាប់បែបនោះក៏អាចបណ្ដាលឲ្យសក់ជ្រុះដូចជាការចងសក់តឹងពេកជាដើម។ ខាងក្រោមនេះជារូបមន្តធម្មជាតិជួយកាត់បន្ថយបញ្ហាជ្រុះសក់ និងបណ្តុះសក់ឲ្យដុះលឿន៖ ព្យាបាល៖ កាត់បន្ថយបញ្ហាជ្រុះសក់ និងបណ្តុះសក់ឲ្យដុះលឿន

ឱសថធម្មជាតិ៖ ទឹកដូង វិធីធ្វើ និងប្រើប្រាស់៖ -ប្រើទឹកដូងកន្លះពែងកាហ្វេ មកម៉ាស្សាលើស្បែកក្បាល -ម៉ាស្សារាងជារង្វង់រយ:ពេល ៥ទៅ ១០នាទី -ទុករយ:ពេល ២០នាទី -លាងសម្អាតចេញជាមួយសាប៊ូធម្មតា។ -ព្យាយាមអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ដើម្បីឆាប់ទទួលលទ្ធផល។ សម្រួលអត្ថបទៈ អ៊ាង សុផល្លែត

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង