ភាគច្រើនឆ្លើយខុស !! តើក្រោយពីបានទទួលចាក់វ៉ាក់សាំងហើយ ចាំបាច់ត្រូវពាក់ម៉ាសទៀតឬទេ?
បច្ចុប្បន្ននេះមានសំណួរជាច្រើនទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលក្នុងនោះក៏មានសំណួរទាក់ទងនឹងការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពផងដែរ។
យោងតាមព័ត៌មានមួយដែលទីភ្នាក់ងារព័ត៌មាន AP ចុះផ្សាយកាលពាក់កណ្តាលខែធ្នូនេះ យើងទាំងអស់គ្នានៅតែតម្រូវឲ្យរក្សាវិធានការការពារទាំងឡាយ រួមមានការពាក់ម៉ាស់ និងរក្សាគម្លាតមួយរយៈសិនទោះបីទទួលបានវ៉ាក់សាំងហើយក៏ដោយ។
វ៉ាក់សាំងដែលគឺបានណែនាំនាពេលបច្ចុប្បន្ន សុទ្ធតែត្រូវការការចាក់ពីរដង ឧទាហរណ៍ដូចជាវ៉ាក់សាំងរបស់ Pfizer ត្រូវចាក់ដូសទី២ ប្រមាណ ៣សប្តាហ៍បន្ទាប់ពីចាក់លើកដំបូង។ ចំណែកថ្នាំរបស់ Moderna វិញ គឺត្រូវការពេល ៤ សប្តាហ៍ក្រោយទើបចាក់ម្តងទៀត។ ហើយវ៉ាក់សាំងមិនត្រឹមតែមិនមានប្រសិទ្ធភាព បើមិនទាន់បានចាក់គ្រប់ចំនួនទេ វានៅតែមិនអាចមានប្រសិទ្ធភាពភ្លាមៗក្រោយពីបានចាក់នោះដែរ។
យ៉ាងណាមិញ មានមនុស្សខ្លះអាចទទួលបានការការពារខ្លះ ប្រហែលពីរសប្តាហ៍ បន្ទាប់ពីការចាក់លើកដំបូង។ ប៉ុន្តែប្រសិទ្ធភាពពេញលេញអាចមិនមានលុះដល់ពីរសប្តាហ៍បន្ទាប់ពីចាក់លើកទី២ ។
ហើយគេមិនទាន់ច្បាស់ទេថា តើវ៉ាក់សាំងរបស់ Pfizer និង Moderna នឹងអាចជួយការពារមនុស្សឲ្យរួចផុតពីការឆ្លងទាំងស្រុងនោះទេ។ នេះមានន័យថា អ្នកចាក់វ៉ាក់សាំងហើយ នៅតែអាចឆ្លងបាន ទោះបីអាត្រាទាបក៏ដោយ។
លើសពីនេះទៅទៀត ទោះបីគេបានផលិតវ៉ាក់សាំងច្រើនក៏ដោយ ការចាក់វ៉ាក់សាំងសម្រាប់មនុស្សរាប់លាននាក់ ក៏ត្រូវចំណាយពេលរាប់ខែដើម្បីចាក់ដែរ។
លោកស្រី Deborah Fuller អ្នកជំនាញផ្នែកវ៉ាក់សាំង នៅ University of Washington (អាមេរិក) បានលើកឡើងថា ការធ្វើតេស្តវ៉ាក់សាំងសម្រាប់ទារក និងកុមារទើបតែចាប់ផ្តើម ហើយពួកគេនឹងមិនត្រូវបានទទួលចាក់វ៉ាក់សាំងទេ រហូតដល់មានភស្តុតាងថាវ៉ាក់សាំងមិនប៉ះពាល់ដល់សុវត្ថិភាព និងមានប្រសិទ្ធភាព។
ហេតុដូច្នោះ ដើម្បីការពារខ្លួនឯង និងមនុស្សជាទីស្រលាញ់របស់យើង ការពាក់ម៉ាស និងរក្សាគម្លាតសង្គមនៅតែជាតម្រូវការចាំបាច់ ទោះបីយើងទទួលបានវ៉ាក់សាំងហើយក៏ដោយ។