សញ្ញាគាំងបេះដូង ស្រីៗភាគច្រើនមិនសូវខ្វល់ តែគ្រោះថ្នាក់ធ្ងន់
សញ្ញាជំងឺគាំងបេះដូងរបស់ស្រ្តីមិនដូចបុរសទាំងស្រុងទេ ដូចជា ការឈឺចុកទ្រូងរាលដាលដល់ដៃម្ខាង ជាដើម។ ជួនកាលស្ត្រីមួយចំនួនធំមិនបានចាប់អារម្មណ៍ ប៉ុន្តែកំពុងតែប្រឈមនឹងគ្រោះថ្នាក់បេះដូងដំណើរការមិនល្អនេះ។ ម៉េចបានកើតជំងឺគាំងបេះដូង? មានសញ្ញាសម្គាល់អីខ្លះដែលអាចចំណាំថាយើងកំពុងតែប្រឈមមុខបញ្ហានេះ? តោះ! មកស្វែងយល់ប៉ុន្មានចំណុចខាងក្រោមនេះ៖
១- មូលហេតុ៖ ចម្លើយខ្លីដែលអាចធ្វើឲ្យបេះដូងគាំងដំណើរការអត់ល្អ ដោយសារតែកម្ទេចកំទីសារជាតិខ្លាញ់កូលេស្ដេរ៉ូល (Plague) កកនៅក្នុងសរសៃឈាមចិញ្ចឹមបេះដូង បានរាំងស្ទះដំណើរឈាមរត់ទៅកាន់បេះដូង។ អ្នកប្រឈមជំងឺនេះខ្ពស់ គឺអ្នកជក់បារីច្រើន ឆាប់ ឬឧស្សាហ៍ស្ត្រេស និងធាត់ជ្រុល។ អ្វីធ្វើគប្បីយល់ដឹងឲ្យច្បាស់ពីអាការៈ និងរោគសញ្ញាដែលឧស្សាហ៍កើតឡើងចំពោះខ្លួនផ្ទាល់ ហើយត្រូវណាត់ជួបពេទ្យឲ្យបានទៀងទាត់បំផុត។
២- រោគសញ្ញាគ្រោះថ្នាក់លាក់មុខ៖ – ចុកទ្រូង ឬមិនស្រួលក្នុងខ្លួន៖ នេះជារោគសញ្ញាធម្មតាទូទៅនៃជំងឺគាំងបេះដូង យ៉ាងណាមិញ របៀបស្រ្ដីជួបប្រទះអាចខុសពីបុរស។ រោគសញ្ញាអាចមានលក្ខណៈឈឺជាប់រហូត ឬឈឺចាក់ៗ (ម្ដងឈឺម្ដងអត់) ហើយអាការៈឈឺនេះ មិនស្ថិតនៅថេរខាងឆ្វេងរហូតទេ ប៉ុន្តែវាអាចរាលដាលគ្រប់កន្លែងនៃទ្រូង និងរសេះរសោះពិបាកក្នុងខ្លួន។ គ្រូពេទ្យឯកទេសជំងឺបេះដូងមួយចំនួនបង្ហាញថា ស្រ្ដីអាចចេញសញ្ញាផ្សេងៗទៀត ដូចជា ចង់ក្អួតចង្អោរឬដកដង្ហើមញាប់។
– ដកដង្ហើមញាប់ ចង់ក្អួតចង្អោរ វិលមុខរកខ្យល់៖ បើសិនជានៅសុខៗ ស្រាប់តែមានអារម្មណ៍ថាពិបាកដកដង្ហើមដោយគ្មានមូលហេតុច្បាស់លាស់ យើងអាចមានជំងឺគាំងបេះដូង។ ពិសេស បើមានរោគសញ្ញាគួរឲ្យសង្ស័យ ដូចដែលបានរៀបរាប់លើសពីមួយ។
– ឈឺដៃ ខ្នង ក ថ្គាម ឬក្រពះ៖ ស្ត្រីអាចនឹងជួបបញ្ហាទាំងនេះជាងបុរស។ ការឈឺចាប់មិនមែនកើតមានតែនៅលើទ្រូង និងដៃឆ្វេងទេ ប៉ុន្តែក៏អាចមាននៅថ្គាម ឬខ្នងដែរ។ ការធ្វើទុក្ខ (ឈឺចាប់) អាចចាប់ផ្ដើមម្ដងបន្ដិចៗ ឬឈឺភ្លាមៗ ហើយវាអាចមានលក្ខណៈឡើងចុះ មុននឹងទទួលអារម្មណ៍ឈឺចាប់ខ្លាំង (ធ្វើទុក្ខខ្លាំង) ឬពេលខ្លះធ្វើឲ្យភ្ញាក់ពីដំណេកក៏មាន។
គ្រូពេទ្យឯកទេស (ជំងឺបេះដូង) បានឲ្យដំបូន្មាន គ្នាយើងមានរោគសញ្ញាពិបាកបកស្រាយក្នុងផ្នែកណាមួយនៃតួខ្លួន លើចង្កេះ គួរតែប្រាប់ទៅវេជ្ជបណ្ឌិត ឬអ្នកផ្ដល់សេវាថែទាំសុខភាពភ្លាមៗ។ ករណីខ្លះ ដូចជា ឈឺក្រពះ ស្រីៗមានជំងឺអាចច្រឡំម្ដងម្កាលថាជា ដំបៅក្រពះ ចុកចុងដង្ហើម ឬផ្ដាសាយ។ ជំងឺបេះដូង អាចសម្គាល់ថា ជួនកាលគ្នាយើងមានជំងឺ (ស្ត្រីភាគច្រើន) អាចឈឺក្នុងពោះ មានអារម្មណ៍ ដូចមានសត្វដ៏ធំអង្គុយលើពោះអ៊ីចឹង។
– ហត់អស់កម្លាំង៖ ស្រីៗមានជំងឺគាំងបេះដូង អាចឆាប់មានអារម្មណ៍ ហត់ អស់កម្លាំង ទោះមិនសូវបានធ្វើអីច្រើនក៏ដោយ។ មួយចំនួនឧស្សាហ៍ប្រាប់ថា ហត់ ឈឺក្នុងទ្រូង ហើយមិនអាចធ្វើការធម្មតាៗបាន។
– បែកញើស៖ រោគសញ្ញានេះមានលក្ខណៈខុសពីការបែកញើសពេលហាត់ប្រាណ ឬអាកាសធាតុក្ដៅខ្លាំង ព្រោះបែកញើសម្ដងនេះ ដែលជារោគសញ្ញាជំងឺ ទំនងបែកញើសដោយសារស្ត្រេស។
៣- មើលថែខ្លួន៖ អ្វីដែលគួរធ្វើ មុនបណ្ដោយខ្លួនឲ្យធ្លាក់ក្នុងស្ថានភាព និងក្លាយជាជនរងគ្រោះដោយសារជំងឺគាំងបេះដូងមាន៖ – គួរឈប់ជក់បារី៖ ផ្សែងបារីដែលបឺតស្រូបចូលខ្លួន ក៏ជាចំណែកបណ្ដាលឲ្យកកស្ទះសរសៃឈាម និងធ្វើឲ្យបេះដូងគាំងបានដែរ។ បើស្រឡាញ់ខ្លួនឯង និងគ្រួសារ គួរតែបោះបង់ ដោយចាប់ផ្ដើមពីការកាត់បន្ថយបន្តិចម្ដងៗ។ – គួរហាត់ប្រាណ៖ គួរចំណាយពេលដើរ ហោចណាស់ឲ្យបានកន្លះម៉ោង រៀងរាល់ថ្ងៃ។ – គួរញ៉ាំ៖ បន្លែ និងសាច់សុទ្ធឲ្យបានទៀតទាត់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ “Hello គ្រូពេទ្យ”