ប្រយ័ត្ន! ហេតុអ្វីជាតិស្ករក្នុងឈាមឡើងខ្ពស់ គ្រោះថ្នាក់ចំពោះអ្នក?

ដឹងទេក្រៅពីហានិភ័យនៃជំងឺទឹកនោមផ្អែមហើយនោះ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់ច្រើនផ្សេងទៀត។ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមនឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖

១. វាបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល៖ ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាលផងដែរ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមអុកស៊ីសែនទៅកាន់តែសាច់ដុំបេះដូងនិងជាលិកាខួរក្បាល។

២. អស់កម្លាំង៖ អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំងជាងមុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារឈឺនោមញឹកនិងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។

៣. ស្រកទម្ងន់ខុសប្រក្រតី៖ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបណ្ដាលឱ្យស្រកទម្ងន់ខ្លាំងភ្លាមៗខុសប្រក្រតី។ បញ្ហានេះកើតឡើងដោយសរកោសិការាងកាយមិនទទួលបានជាតិគ្លុយកូសដែលត្រូវការ ដូច្នេះរាងកាយដុតបំផ្លាញសាច់ដុំនិងជាតិខ្លាញ់សម្រាប់ប្រើជាថាមពលជំនួសវិញ។

៤. សុខភាពភ្នែកចុះខ្សោយមើលលែងសូវច្បាស់៖ រ៉េទីនភ្នែកជាអ្វីដែលជួយឱ្យអ្នកមើលឃើញ។ ហើយវាត្រូវការឈាមដែលមានផ្ទុកសម្បូរដោយអុកស៊ីសែននិងសារធាតុចិញ្ចឹមដើម្បីអាចរក្សាដំណើរការមុខងារត្រឹមត្រូវ។ ប៉ុន្តែសសៃឈាមដែលផ្គត់ផ្គង់ឈាមទៅកាន់រ៉េទីនអាចត្រូវទទួលរងការបំផ្លាញ ឬខូចខាតដោយសារជាតិស្ករក្នុងឈាមឡើងខ្ពស់។ ជាលទ្ធផលសុខភាពភ្នែកថយចុះមើលឃើញលែងសូវច្បាស់។

៥. ខ្សោយតម្រងនោម៖ មួយក្នុងចំណោមមុខងារច្រើនផ្សេងទៀតនៃតម្រងនោម គឺកម្ចាត់កាកសំណល់និងជាតិពុលពីក្នុងឈាម។ ​ប្រសិនបើឈាមមានផ្ទុកសម្បូរទៅដោយជាតិស្ករច្រើនពេកសឹងគ្រប់ពេល នោះតម្រងនោមត្រូវទទួលបន្ទុកខ្លាំងជាងធម្មតា។ ជាលទ្ធផលហានិភ័យនៃបញ្ហាខ្សោយតម្រងនោមនឹងកើតមានឡើង។

៦. ខូចសសៃប្រសាទ៖ មួយក្នុងចំណោមបញ្ហាគួរឱ្យបារម្ភផ្សេងទៀតនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ គឺសសៃប្រសាទទទួលរងការខូចខាត។ ដូច្នេះអ្នកអាចនឹងជួបប្រទះបញ្ហាក្រហាយ ឬស្ពឹកឈឺឆៀបៗត្រង់ប្រអប់ដៃ ដើមដៃ ជើង និងប្រអប់ជើងជាដើម។

សម្គាល់! ក្រៅពីការទទួលទានរបបអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិស្ករហើយនោះ ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពី៖ ១. ស្ត្រេស៖ ភាពស្ត្រេសខ្លាំងសឹងតែរាល់ថ្ងៃអាចជាមូលហេតុគួរឱ្យកត់សម្គាល់មួយនៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់ពិបាកគ្រប់គ្រង។ បញ្ហានោះ គឺភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសបង្កើនចំណង់អាហារអាចបណ្ដាលឱ្យឃ្លានអាហារនិងភេសជ្ជៈផ្អែមៗខ្លាំង។

២. គេងមិនគ្រប់គ្រាន់៖ ការគេងឱ្យបានគ្រប់គ្រាន់ពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ពិតជាចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយទាំងមូល រួមទាំងកម្រិតនៃជាតិស្ករក្នុងឈាម។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។

៣. ការទទួលទានភេសជ្ជៈគ្មានជាតិស្ករ ឬផ្ទុកជាតិផ្អែមសិប្បនិម្មិត៖ ប្រសិនបើអ្នកគិតថាភេសជ្ជៈគ្មានជាតិស្ករដែលផ្ទុកជាតិផ្អែមសិប្បនិម្មិតមិនអាចជះឥទ្ធិពលអ្វីលើកម្រិតនៃជាតិស្ករក្នុងឈាមនោះចូរគិតម្ដងទៀត! តាមពិតទៅជាតិផ្អែមសិប្បនិម្មិតអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាមគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែជាតិផ្អែមសិប្បនិម្មិតជះឥទ្ធិពលលើសុខភាពពោះវៀនដែលនឹងបង្កផលប៉ះពាល់ដល់កម្រិតនៃជាតិស្ករក្នុងឈាម។

៤. កង្វះជាតិទឹកក្នុងរាងកាយ៖ ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យកម្រិតនៃជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានប្រមាណ ២ លីត្រក្នុងមួយថ្ងៃ។

៥. មិនធ្វើលំហាត់ប្រាណសោះ៖ ការមិនធ្វើសកម្មភាពរាងកាយអ្វីសោះក៏បង្កើនកម្រិតនៃជាតិស្ករក្នុងឈាមផងដែរ។ ថាតើអ្នកធ្លាប់ដឹងទេថាការធ្វើលំហាត់ប្រាណអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែម រួមបញ្ចូលទាំងជួយបញ្ចុះកម្រិតនៃជាតិស្ករក្នុងឈាម និងស្ត្រេស? យោងតាម មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដ៏សំខាន់បំផុតមួយនៅលើពិភពលោក NIH បានណែនាំឱ្យធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ១៥០ នាទីរាល់សប្តាហ៍។ ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមត្រូវហាត់ប្រាណជាប្រចាំមិនគួរផ្អាក ឬរំលងលើសពី ២ ថ្ងៃជាប់គ្នាឡើយ។

៦. ជក់បារី៖ មិនត្រឹមតែជះឥទ្ធិពលខ្លាំងដល់សួតប៉ុណ្ណោះទេ ប៉ុន្តែការជក់បារីក៏បង្កបញ្ហាជាច្រើនចំពោះសុខភាពរាងកាយពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែម។ នោះក៏ព្រោះតែសារធាតុនីកូទីនក្នុងបារីអាចបង្កើនកម្រិតនៃជាតិស្ករក្នុងឈាម៕Health.com.kh

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.mahakhmer.com ដោយគ្មានការអនុញាត។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល info [at] mahakhme.com ឬទូរស័ព្ទលេខ​ 015 883 332។
អត្ថបទទាក់ទង