ពិតជាគួរអោយសោកស្តាយ ! ធ្វើបានពាក់កណ្តាលហើយរង្វង់មូលប្រាសាទកំពូល ៣ ក្រុងប៉ោយប៉ែត ត្រូវវាយកម្ទេចចោលវិញព្រោះមូលហេតុទាំងនេះ
ទីបំផុតរង្វង់មូលប្រាសាទកំពូលប្រាសាទបី នៅក្រុងប៉ោយប៉ែតគ្រោងចំណាយថវិកាប្រមាណជាង ៥០ ម៉ឺនដុល្លារ ដែលផ្តួចផ្តើមសាងសង់
ដោយលោក សាន ស៊ានហូ អតីតអភិបាលក្រុងប៉ោយប៉ែត បានធ្វើការវាយកម្ទេចវិញហើយ
តាំងពីថ្ងៃទី ១២ ខែតុលា ២០២០ មកម្ល៉េះ បន្ទាប់ពីមានការបញ្ជាឱ្យរុះរើពីសំណាក់ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ។
ជុំវិញមូលហេតុនាំឱ្យមានការបញ្ជាឱ្យរុះរើរង្វង់មូលខាងលើនេះចេញវិញតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃផ្ញើទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ
បានបញ្ជាក់ថា
ការឱ្យរុះរើនេះ គឺដោយសារតែសំណង់អគារច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺមានរូបប្រាសាទកំពូលបី និង មានរចនាបទជាខ្មែររួចទៅហើយ
ហេតុនេះពុំចាំបាច់សាងសង់ទៀតឡើយ ។
ម្យ៉ាងទៀត គឺដើម្បីចៀសវាងផលប៉ះពាល់ដល់ប្រព័ន្ធការពារសុវត្ថិភាពស្វ័យប្រវត្តិ នៃរនាំងបាំងផ្លូវរថភ្លើងឆ្លងកាត់ផ្លូវជាតិ
និង កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។
សូមបញ្ជាក់ថា គម្រោងសង់រង្វង់មូលឋានសួគ៌ប្រាសាទកំពូល ៣ នេះបានបញ្ចុះបឋមសិលាកាលពីឆ្នាំ ២០១៨ដោយមានគណអធិបតីសំខាន់ៗជាច្រើននាក់ ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ សិស្សានុសិស្សរាប់ពាន់នាក់ ។
តាមគ្រោងការសាងសង់រង្វង់មូលនេះ មានតម្លៃជាង ៥០ ម៉ឺនដុល្លារ មានកម្ពស់២៣ម៉ែត្រ និងទំហំ៤១ម៉ែត្រ ៕