កម្មវិធីប្រកួតMiss Grand Cambodia 2020 ទទួលបានការទាំងការកោតសរសើរ និងរិះគន់
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតសម្រស់ Miss Grand Cambodia2020ត្រូវបានបញ្ចប់ហើយកាលពីរាត្រីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួមទស្សនាគាំទ្រជាច្រើន។ ទន្ទឹមគ្នានេះដែរកម្មវិធីក៏ទទួលបានទាំងការកោតសរសើរ និងរិះគន់មួយចំនួនផងដែរ។
បន្ទាប់ពីទទួលបានសិទ្ធិក្នុងការរៀបចំកម្មវិធី Miss Grand Cambodia ផលិតកម្មមហាហង្សបានរៀបចំប្រកួតជ្រើសរើសបេក្ខនារីដែលវគ្គផ្តាច់ព្រ័ត្រមានចំនួន២៨ រូបតំណាងឲ្យខេត្តរាជធានី និងសហគមខ្មែររស់នៅក្រៅប្រទេស៣ផ្សេងទៀត។ ម្ចាស់គ្រងម្កុដ Miss Grand Cambodia 2020 បានទៅលើ កញ្ញា សេង រដ្ឋា ដែលមកពីខេត្តកំពង់ធំនិងតំណាងឲ្យខេត្តមួយនេះផងដែរ ខណៈជ័យលាភីរងទី១បានទៅលើកញ្ញា លឹម សុធារីតំណាងខេត្តព្រះសីហនុ, ជ័យលាភីរងទី២បានទៅលើកញ្ញា ជីវ ជីលីបេក្ខនារីតំណាងខេត្តបន្ទាយមានជ័យ, ម្ចាស់ជ័យលាភីរងទី៣បានទៅលើកញ្ញាវុធ ធីដាវីន ជាបេក្ខនារីតំណាងខេត្តបាត់ដំបង និងចុងក្រោយម្ចាស់ជ័យលាភីរងទី៤គឺបានទៅលើកញ្ញាសារុំ ចន្ថា ជាបេក្ខនារីតំណាងខ្មែរ–បារាំង។ យើងងាកមកមើលចំណុចល្អ និងចំណុចខ្វះខាតដែលកម្មវិធីនេះទទួលបាន
ចំណុចលេចធ្លោរួមមានកម្មវិធី Miss Grand Cambodia 2020ត្រូវបានរៀបចំទ្រង់ទ្រាយធំផ្លូវការលើកដំបូងដែលមិនធ្លាប់រៀបចំធ្វើពីមុនមក និងបានជ្រើសរើសម្ចាស់ជ័យលាភីគ្រងម្កុដមានទាំងរូបសម្រស់ស្រស់សោភាភ្ជាប់ដោយ ចំណេះដឹងសមរម្យ។គួរឲ្យចាប់អារម្មណ៍គឺកម្មវិធីត្រូវបានបញ្ចប់ដោយជោគជ័យបើទោះបីជាស្របពេលដែលការរីករាលដាលជាសាកលនៃជំងឺកូវីដ១៩ក៏ដោយ។ អ្វីដែលគួរឲ្យសរសើរគឺ កម្មវិធីបានផ្តល់ឱកាសដល់យុវជនជាច្រើនបានចូលរួមប្រកួតបង្ហាញស្នាដៃនៃការច្នៃម៉ូតសម្លៀកបំពាក់សម្រាប់ឈុតតំណាងជាតិ ឆ្លុះបញ្ចាំងពីសក្កដានុពលនៃខេត្តរាជធានីផងដែរ។ កាន់តែពិសេសកម្មវិធី Miss Grand Cambodia 2020 បានចូលរួមចំណែកខ្លាំងក្នុងលើកកម្ពស់មុខមាត់ជាតិតាមរយៈការបង្ហាញសមត្ថភាព រូបសម្រស់ សិល្បៈវប្បធម៌ជាតិ និងសក្កដានុពលនៃតំបន់ទេសចរណ៍គ្រប់ខេត្តរាជធានី។
ស្របគ្នាការលើកសរសើរយើងងាកមកមើលការរិះគន់ លើកម្មវិធីប្រកួតសម្រស់ នេះវិញម្តងគឺគណកម្មការនៃការដាក់ពិន្ទុដែលមានត្រឹមតែ៥នាក់ហើយក៏មានសមាសភាពមួយចំនួនជាសិល្បករជំនាន់ក្រោយប៉ុណ្ណោះហើយក៏មិនមានវត្តមានអតីតម្ចាស់ជ័យលាភី Miss Grand Cambodia ពីឆ្នាំមុនៗនោះ។មិនតែប៉ុណ្ណោះក៏មានការរិះគន់លើការរៀបចំឆាក ដែលមានភាពសមញ្ញ មិនមានភាពលេចធ្លោរពោលគឺមានតែLED ធម្មតា ។ អ្វីដែលគេរិះគន់ដែរនោះគឺកម្មវិធីប្រកួតបានធ្វើការផ្លាស់ប្តូរទីតាំងជាច្រើនកន្លែងផ្សេងពីគ្នាដែលដើមឡើយគ្រោងរៀបចំធ្វើនៅផ្សារទំនើបអ៊ីអន ក្រោយមកត្រូវបានផ្លាស់ប្តូរទៅក្នុងកបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិច ហើយចុងក្រោយដល់ត្រូវបានប្រកាសផ្លាស់មករៀបចំធ្វើនៅអាគារ ព្រីមៀសែនសុខវិញ។ អ្វីដែលធ្វើឲ្យអ្នកទស្សនាមិនពេញចិត្តគឺពិធីករពិធីការិនី ក្នុងកម្មវិធីនេះហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដែលអាចជួយដឹកនាំកម្មវិធីប្រកួតលើឆាកឲ្យកាន់តែមានភាពល្អប្រសើរ។ ក៏ចាប់អារម្មណ៍លើការរិះគន់មួយទៀតគឺការបើកវគ្គប្រកួតផ្តាច់ព្រ័តដំបូងអំពីការបង្ហាញឈុតតំណាងជាតិរបស់បេក្ខនារីមិនគួរឲ្យភ្ញាក់ផ្អើល និងទាក់ទាញ ពោលបេក្ខនារីត្រូវមកឈរបង្ហាញទស្សនិកជននៅលើឆាកទាំង២៨រូបតែម្តង ខណៈបេក្ខនារីខ្លះត្រូវឈរច្រើនជាង១ម៉ោងចាប់តាំងពីការត្រៀមការផ្សាយផ្ទាល់ជាមួយនឹងគ្រឿងតុបតែងកាយធ្ងន់ស្ទើតែពិបាកទ្រាំ៕