ទេសភាពស្អាតមែន ជណ្ដើរឈើជាង ២ ពាន់កាំភ្ជាប់ពីជើងភ្នំដងរែកឡើងដល់ប្រាសាទព្រះវិហារ
ភ្ញៀវទេសចរមួយចំនួនធំនៅពេលធ្វើដំណើរកម្សាន្តទៅកាន់ប្រាសាទព្រះវិហារ ច្រើននិយមធ្វើដំណើរតាមមធ្យោបាយរថយន្តដើម្បីឡើងទៅដល់ប្រាសាទដែលត្រូវចំណាយពេលប្រហែល ១ ម៉ោង ។ យ៉ាងណាក្ដីក៏មានភ្ញៀវមួយចំនួនជ្រើសរើសដោយធ្វើដំណើរថ្មើជើងតាមជណ្ដើរឈើប្រវែងរាប់រយម៉ែត្រ ទទួលបានអារម្មណ៍ពិសេសប្លែក អាចមើលឃើញទេសភាពយ៉ាងស្រស់ត្រកាល ។
បើតាមលោក សា ឌីណា ស្ថាបនិក Cambodia Amazing Trip Planner ដែលជាក្រុមហ៊ុននាំភ្ញៀវទេសចរទៅទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជា និង ទើបតែចុះទៅដល់ប្រាសាទព្រះវិហារថ្មីៗនេះ បានប្រាប់មកកាន់ ថា ជណ្ដើរឈើនេះ មានចំនួន ២២៤២ កាំ និង ប្រវែងប្រមាណ ១៤៥០ ម៉ែត្រ ដែលសង់អម «ជណ្តើរបុរាណ» ភ្ជាប់ពីជើងភ្នំដងរែកឡើងទៅគោបូរៈទី ៥ នៃប្រាសាទព្រះវិហារ។
ស្ថាបនិកវ័យក្មេងរូបនេះប្រាប់ទៀតថា ជណ្ដើរឈើនេះ គឺត្រូវបានសាងសង់ឡើងដោយអាជ្ញាធរជាតិព្រះវិហារ ដើម្បីសម្រួលដល់ទេសចរដែលចង់ធ្វើដំណើរថ្មើជើង ។ ការឡើងតាមជណ្ដើរនេះ គឺត្រូវចំណាយពេលប្រមាណជាង ២ ម៉ោង ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺទេសចរនឹងឃើញនូវសម្រស់ធម្មជាតិអមសងខាងយ៉ាងអស្ចារ្យ មានម្លប់ឈើគ្របលើជណ្ដើរត្រជាក់ត្រជុំ អំណោយផលដល់ទេសចរធ្វើដំណើរបានយ៉ាងងាយស្រួលមិនសូវជាហត់នឿយឡើយ ។
ប្រសិនបើប្រិយមិត្តមានឱកាសទៅលេងប្រាសាទព្រះវិហារ គួរសាកល្បងការធ្វើដំណើរថ្មើជើងតាមជណ្ដើរឈើនេះម្ដង ប្រៀបដូចជាការហាត់ប្រាណ លត់ដំពីភាពរឹងមាំរបស់ខ្លួនព្រមទាំងបានឃើញនូវសម្រស់ធម្មជាតិដ៏ល្អឯកប្រៀបដូចផ្ទាំងគំនូរ ៕