សារព័ត៌មានមហាខ្មែរ

មិន​មែន​លំ​ៗ​ឯណា រូប​ចម្លាក់​មុខ​ដូច​ម៉ាដូណា ល្បី​ដល់​ថៃ ឥឡូវ​សាមី​ខ្លួន​ថា​ចង់​ជួប​ជាង ដើម្បី​សួរ​រឿង​មួយ

21

តារា​កំប្លុកកំប្លែង ម៉ាដូណា នៅ​ដើម​សប្ដាហ៍នេះ​បាន​និយាយ​នៅ​ក្នុង​កម្មវិធី​បើក​សម្ពោធ​ហាង​ពេជ្រ​មួយ​កន្លែង​នៅ​ម្ដុំ​ពេទ្យ​លោក​សង្ឃ​ថា លោក​ចង់​ជួប​ជាមួយ​ជាង​ដែល​ធ្វើ​រូប​ចម្លាក់​ដាក់​នៅ​វត្តមាន​មួយ មាន​មុខ​មាត់​ស្ទើរ​ដូច​បេះបិទ​ទៅ​នឹង​មុខ​មាត់​លោក។
ម៉ាដូណា ថ្លែង​បែប​នេះ ក្រោយ​ប្រមាណ​១​សប្ដាហ៍​មុន​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​លើ​បណ្ដាញ​សង្គម ដែល​គេ​បាន​ឃើញ​ប្រិយមិត្ត​ជា​ច្រើន​បាន​ចែក​ចាយ​រូប​ចម្លាក់​នៅ​ក្នុង​វត្ត​មួយ​ដែល​ភិនភាគ គឺ​មុខ​មាត់​ដូច​តារា​និយម​កំប្លុក​កំប្លែង​រូប​នេះ​បេះបិទ​តែ​ម្ដង ស្រប​ពេល​ប្រិយមិត្ត​ខ្លះ​បាន​ភ្ជាប់​ជាមួយ Caption លេង​សើច​ថា “វិចិត្រករ​អើយ​កុំ​បាច់​គូរ​អី” ។ រូប​ភាព​នោះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ជា​ច្រើន​ភ្ញាក់​ផ្អើល និង​ហួស​ចិត្ត ក្នុង​សូម្បី​តែ​សាមី​ខ្លួន​ក៏​ភ្ញាក់​ផ្អើល​ដូច​គ្នា។ “ហាហា ខ្ញុំ​ឃើញ​ដែរ ហើយ​មាន​គេ​ផ្ញើ​ឲ្យ​មើល​ទៀត ឃើញ​ហើយ​អស់សំណើច គឺ​ដូច​មែន ដូច​បេះបិទ​តែ​ម្ដង បើ​ដូច​រូប​ណា​គ្រាន់​តែ​តិច​ទៅ​មិន​អី​ទេ តែ​នេះ​ដូច​ស្វា​បាប៊ូ ហាហា ពេល​ខ្លះ​មើល​មុខ​ខ្លួន​ឯង​ដូច​យ័ន្ត ៨ទិស(សើច)!”។ ម៉ាដូណា ថ្លែង​ជាមួយ Sabay។ លោក ម៉ាដូណា បាន​ប្រតិកម្ម​តាំង​ពី​បាន​ឃើញ​រូប​នេះ​ដំបូង ដោយ​លោក​ចេញ​មក​ថ្លែង​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា “គ្រាន់​តែ​ឃើញ​ភ្លាម ម៉ាដូណា បាន​ប្រតិកម្ម​តាម​របៀប​លេង​សើច​ថា “នៅ​តែ​មិន​យល់ ហេតុអ្វី​ជាង​ឆ្លាក់​រូប​មួយ​នេះ មាន​គោល​បំណង​អ្វី​ឲ្យ​ច្បាស់លាស់ ម្ដេច​ហ៊ាន​យក​រូប​កំពូល​សម្រស់​មក​ឆ្លាក់​តាម​បែប​នេះ(សើច)”។”​ ពាក់​ព័ន្ធ​​រូប​ចម្លាក់ខាង​លើ បើ​តាម​ដំណឹង​ដែល​លោក ម៉ាដូណា ខ្លួន​ឯង​ទទួល​បាន គឺ​ល្បី​ដល់​ប្រទេស​ថៃ​ឯណោះ ដោយ​ខ្លះ​គេ​ថា រូប​នេះ​ស្ថិត​នៅ​ក្នុង​វត្ត​នៅ​ឯ​ប្រទេស​ថៃ តែ​តាម​ពិត​គឺ​វត្ត​ខ្មែរ​យើង​ទេ យ៉ាងណា​លោក​ក៏​មិន​ដឹង​ច្បាស់​ថា ចម្លាក់​នេះ​ស្ថិត​វត្ត​ណា ហើយ​នៅ​ស្រុក ភូមិ ឬ​ខេត្ត​ណា។ ទទួល​ភាព​ល្បី​ល្បាញ​តាម​រយៈ​ចម្លាក់​មាន​ភិនភាគ​ដូច​គ្នា BA របស់ “រ៉ូយ៉ាល់ឃីង” បន្ត​ថា ចង់​ជួប​ជាមួយ​ជាង​ចម្លាក់​ដែល​ឆ្លាក់​រូប​មាន​ភិនភាគ​ដូច​លោក​នេះ។ “បាទ ខ្ញុំ​ចង់​ជួប​គាត់…មិន​មែន​ចង់​ជួប​ធ្វើ​អី​ទេ គឺ​ចង់​ជួប​ហើយ​សួរ​គាត់​ថា គាត់​ហ្វេន​ខ្ញុំ ឬ​ក៏​លួច Crush ខ្ញុំ​មែន? បើ​មិន​មែន​ចាំ​ខ្ញុំ Crush គាត់​វិញ ហាហា!”។ និយាយ​ពី​រូបចម្លាក់​ដែល​ជា​ស្នាដៃ​របស់​ជាង​ចម្លាក់​អាថ៌កំបាំង​មាន​ច្រើន មាន​ទាំង​រូប​មនុស្ស មាន​ទាំង​រូប​សត្វ​ជា​ច្រើន។ ចំណុច​ដែល​កត់​សម្គាល់ គឺ​រូប​ស្ទើរ​ទាំង​អស់ មាន​ភិន​ភាគ​កាត់​មក​រក​លោក ម៉ាដូណា ហើយ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ល្បី​ល្បាញ​មួយ​រយៈ​កន្លង​មក​នេះ។ យ៉ាង​ណា​មក​ទល់​នឹង​ពេល​នេះ ទាំង​ជាង​ចម្លាក់ និង​អត្តសញ្ញាណ​នៃ​វត្ត​មាន​រូប​ចម្លាក់​ទាំង​នោះ នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ។

អត្ថបទទាក់ទង