មែនក៏អី? មាស សុខសោភា ឆ្លើយតបទៅនឹងការរិះគន់ថាខ្លួនជាតារាបូសក្លៀកចរិតឆ្មើងឆ្មៃ (មានវីដេអូ)
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លើបណ្ដាញសង្គម Tik Tok មាននារីម្នាក់ឈ្មោះ ស្រីមុច បានធ្វើការបង្ហោះនូវឃ្លីបវីដេអូខ្លីមួយ ទាំងហួសចិត្ត និងក្ដៅស្លឹកត្រចៀក រៀបរាប់ទម្លាយពីអត្តចរិតរបស់តារាចម្រៀងល្បីកញ្ញា មាស សុខសោភា ពេលជួបផ្ទាល់ ថាជាមនុស្សគ្មានភាពរាក់ទាក់ មិនគួរឲ្យគោរព និងឲ្យតម្លៃ ដោយនារីខាងលើបានបន្ថែមដោយពាក្យសម្ដីបញ្ជាក់ច្បាស់ៗថា៖ «បានជួបផ្ទាល់នៅភ្នំគូលែន ឬកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថាជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឬកសោះអង្គើយ គេថាថតមិនបានទេ» ដោយជុំវិញបញ្ហានេះដែរ មហាជនកំពុងទន្ទឹងរងចាំមើលការបកស្រាយពីកញ្ញា មាស សុខសោភា ថាជារឿងពិត ឬយ៉ាងណា?។
រហូតមកទល់យប់មិញនេះទើប មាស សុខសោភា ដែលជាសាមីខ្លួន បានចេញនូវសារបង្ហាញអារម្មណ៍រីករាយត្រេកអរ និងអរគុណចំពោះមហាជន ដែលនៅតែបន្តគាំទ្រ ស្វែងយល់ និងផ្ដល់កម្លាំងចិត្តចំពោះបញ្ហានេះ ដោយរៀបរាប់ដូច្នេះថា៖ «នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រនាងខ្ញុំនិងបងប្អូនមិត្តសិល្បករទាំងអស់គ្នាទាំងក្នុង និងក្រៅប្រទេស សម្រាប់ការផ្ញើសារបញ្ចេញជាមតិផ្ដល់កំលាំងចិត្ត និងស្រលាញ់នៅអ្វីដែលនាងខ្ញុំមានហើយគាំទ្រនាងខ្ញុំតាំងពីដើមរហូតមក។ ស្របពេលមានបញ្ហាផ្ទុះការរិះគន់មកលើនាងខ្ញុំក៏បងប្អូន និងអ្នកគាំទ្រទាំងអស់គ្នាជួយចេញមុខការពារនាងខ្ញុំ»។
ជាមួយគ្នានោះម្ចាស់បទ «សុំទោសខ្លួនឯង» ក៏បានបន្តរៀបរាប់ដោយចិត្តត្រេកអរ និងជូនពរទៅកាន់មហាជន ក៏ដូចជាអ្នកគាំទ្រស្មោះស្ម័គ្ររបស់ខ្លួនថា៖ «នាងខ្ញុំពិតជាសប្បាយចិត្តនិងត្រេកអរយ៉ាងខ្លាំង សម្រាប់អ្នកគាំទ្រពិតប្រាកដរបស់នាងខ្ញុំ ហើយយល់ពីនាងខ្ញុំ និងយល់ពីតម្លៃនៃសិល្បៈ។ ជាចុងក្រោយនាងខ្ញុំសូមអរគុណ និងសូមជូនពរពុកម៉ែបងប្អូន និងអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាជួបតែសេចក្ដីសុខសុភមង្គល និងជៀសឆ្ងាយពីជំងឺកូវីតទាំងអស់គ្នា »៕