យល់យ៉ាងដែរ!! បទដំបូងរបស់ ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra «ខែភ្ជុំជ្រូកយំពេញទ្រុង» ចេញជាផ្លូវការហើយ
(ភ្នំពេញ)៖ អ្វីដែលទស្សនិកជនទន្ទឹងរង់ចាំ បានចូលមកដល់ហើយ ខណៈចម្រៀងថ្មីដំបូងបង្អស់របស់តារាចម្រៀង ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra បានបញ្ចេញជាផ្លូវការហើយ នៅព្រឹកថ្ងៃអាទិត្យទី០៦ ខែកញ្ញា ឆ្នាំ២០២០នេះ។ បទថ្មី របស់លោក ព្រាប សុវត្ថិ ដែលបានបញ្ចេញនេះ គឺមានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង»។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ Fresh News Plus នៅព្រឹកនេះថា បទថ្មីដំបូងរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ មានចំណងជើងថា «ខែភ្ជុំជ្រូកយំពេញទ្រុង» គឺជាការនិពន្ធទំនុកចម្រៀង និង Melody ដោយរូបលោកផ្ទាល់។ បទនេះ គឺជាបទដំបូងរបស់តារាចម្រៀង ព្រាប សុវត្ថិ ដែលទស្សនិជនបានទន្ទឹងរង់ចាំ អស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈនៅវេលាម៉ោង៧ព្រឹកនេះ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ គឺមានក្នុង Channel Youtube របស់ផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ។
លោកបន្តថា បទ «ខែភ្ជុំជ្រូកយំពេញទ្រុង» ត្រូវបានបញ្ចេញឡើង ក្នុងឱកាសដើម្បីអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាប្រណៃណីទំនៀមទម្លាប់របស់ខ្មែរ តាំងពីដូនតាមក ហើយអត្ថន័យក្នុងបទចម្រៀង គឺត្រូវទៅនឹងរដូវកាលកាន់ភ្ជុំបិណ្ឌ នេះតែម្ដង។
គួររំឭកថា តារាចម្រៀង ព្រាប សុវត្ថិ បានចូលផលិតកម្ម Galaxy Navatra ជាផ្លូវការនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ដោយមានការទទួលស្វាមគមន៍យ៉ាងកក់ក្តៅ ពីក្រុមគ្រួសារ Galaxy Navatra តាមរយៈការៀបចំព្រឹត្តិការណ៍ ទទួលស្វាគមន៍មិនធ្លាប់មានពីមុនមករបស់ផលិតកម្មមួយនេះ។ លោក ព្រាប សុវត្ថិ ធ្លាប់បានបញ្ជាក់ក្នុងកម្មវិធីនោះថា លោកនឹងមានអ្វីដែលថ្មីៗ និងប្លែកអារម្មណ៍សម្រាប់ទស្សនិកជន ហើយលោកសង្ឃឹមថា ទោះទៅដល់ទីណាក៏នៅតែមានទស្សនិកជនគាំទ្រ ដែរ។
ចង់ដឹងថា ចម្រៀងដំបូងរបស់លោក ព្រាប សុវត្ថិ ពីរោះ និងប្លែកអារម្មណ៍កម្រិតណានោះ សូមប្រិយមិត្តស្តាប់កំសាន្តទាំងអស់គ្នា៖ Fresh News