សារព័ត៌មានមហាខ្មែរ

តម្លៃសំបុត្រយន្តហោះរវាងកម្ពុជា-ចិន ធ្លាក់ចុះមកនៅជាង៣ពាន់ដុល្លារ ខណៈជើងហោះហើរកើនឡើងដល់ ១៥ជើងក្នុងសប្តាហ៍

8

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ សំបុត្រយន្តហោះទៅមករវាងកម្ពុជា និងចិន បានធ្លាក់ចុះមកជាង៣ពាន់ដុល្លារវិញ គិតមកដល់បច្ចុប្បន្ននេះ ស្របពេលដែលជើងហោះហើរនៃប្រទេសទាំងពីរ បានកើនឡើងដល់១៥ជើង ក្នុងមួយសប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា គិតមកត្រឹមខែសីហា សំបុត្រយន្តហោះទៅនិងមករវាងកម្ពុជា-ចិន បានធ្លាក់ចុះប្រមាណពី២០% ទៅ៣០% បើធៀបនឹងទៅនឹងកាលពីត្រីមាសទី១ ឆ្នាំ២០២២នេះ។ ការធ្លាក់ចុះនេះដោយការបន្ធូបន្ថយនៃវិធានការរិតបន្តឹងរបស់ចិន និងការឡើងនៃជើងហោះហើររវាងប្រទេសទាំង២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា «កាលពីអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ខ្លាំង តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន បានហក់ឡើងរហូតដល់១ម៉ឺនដុល្លារ ហើយក្រោយមកធ្លាក់ដល់ ៦ពាន់ដុល្លារ ហើយឥឡូវធ្លាក់នៅតែ៣ពាន់ដុល្លារជាងទេ។ បានន័យថា ប្រទេសគាត់បើកជាបណ្តើរៗ ហើយចំនួនជើងហោះហើរកាន់តែកើនឡើងៗ រវាងប្រទេសយើង និងចិន និងប្រទេសចិនជាមួយប្រទេសផ្សេងទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា ចំណែកតម្លៃសំបុត្រយន្តហោះតំបន់អាស៊ីវិញបានធ្លាក់ចុះ ពី២៥% ទៅ៣០% និងតម្លៃសំបុត្រទៅមករវាងកម្ពុជា និងអឺរ៉ុប បានធ្លាក់ចុះក្នុងរង្វង់ពី ១០% ទៅ២០% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២នេះ អាស្រ័យទៅតាមប្រទេសដែលបើកចំហរ និងប្រទេសដែលបន្តវិធានរឹតបន្តឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា បើធៀបមុនពេលរីករាលដាលនៃជំងឺកូវីដ១៩ គឺតម្លៃនេះនៅតែថ្លៃ ប៉ុន្តែបើធៀបនឹងកាលពីដើមឆ្នាំតម្លៃនេះ ធូរស្រាលជាងមុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមអ្នកនាំពាក្យរូបនេះ រយៈពេល៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនភ្ញៀវចិនដែលបានមកកម្ពុជា តាមផ្លូវអាកាសមានចំនួន ៤១ ៤២១នាក់ កើនឡើង២៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ តែបើធៀបរយៈពេល១ខែរវាងខែកក្កដា និងខែសីហា កើនឡើង ២២.៣៧%។ ចំណែកជើងហោះហើរសព្វថ្ងៃនេះ ពីកម្ពុជាទៅចិន ចំនួន១៥ជើង និងពីចិនមកកម្ពុជាចំនួន១៥ជើងក្នុងមួយសប្តាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរយៈពេល៨ខែនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ពីបណ្តាប្រទេសផ្សេងៗទៀតដូចជា ថៃមានចំនួនជិត២៤ម៉ឺននាក់ កើនឡើង៣២២.៥%, វៀតណាមចំនួនជិត២០ម៉ឺននាក់ កើនឡើង២៤២៤.៤% ,សហរដ្ឋអាមេរិកចំនួនជាង៣ម៉ឺន៤ពាន់នាក់ កើនឡើង១៥៩៤%, ឥណ្ឌូនេស៊ី ចំនួន២ម៉ឺន៧ពាន់នាក់ កើនឡើង ៦៦១.៤%, កូរ៉េ ចំនួន២ម៉ឺន៣ពាន់នាក់ កើនឡើង ៩៦០.៦% ម៉ាឡេស៊ី ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង២១៥៤.៣%, បារាំងចំនួន ជាង២ម៉ឺន២ពាន់នាក់ កើនឡើង២៤៧០.៨% អង់គ្លេស ១ម៉ឺន៥ពាន់នាក់កើនឡើង៤២២២.៩% និងអូស្រ្តាលី ចំនួនជាង១ម៉ឺន៣ពាន់នាក់ កើនឡើង៤៥៨៩.៦%។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា បើទោះបីជាការរាតត្បាតជំងឺកូវីដ១៩ បានធូរស្រាលជាងមុនក៏ដោយ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ហាក់មិនទាន់មានសញ្ញាវិជ្ជមាន ដែលជំរុញឱ្យអ្នកវិនិយោគចិន និងភ្ញៀវទេសចរចិន ចេញដើរច្រើននៅឡើយទេ ដែលធ្វើឱ្យការហោះហើរមានចំនួនតិចតួចនៅឡើយ។ តែយ៉ាងណា លោកសង្ឃឹមថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ភ្ញៀវទេសចិន និងកើនឡើងវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកលើកឡើងទៀតថា «សំបុត្រយន្តហោះនៅតែមានការថ្លៃដដែល អត់ទាន់មានការថមថយដូចមុនកូវីដ១៩ទេ ដែលធ្វើដំណើរពីកម្ពុជាទៅតែ ៥០០ដុល្លារ ៦០០ដុល្លារ ឬ៧០០ដុល្លារ តែពេលនេះមិនទាន់ធ្លាក់ចុះដល់ហ្នឹងទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន កាលពីពេលថ្មីៗនេះថា រយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនជិត១លាននាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ខណៈក្រសួងព្យាករណ៍ថា រហូតដល់ដំណាច់ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ ៕

អត្ថបទទាក់ទង