រដ្ឋាភិបាលផ្តល់ដីបឹងកប់ស្រូវឱ្យក្រសួងអភិវឌ្ឍន៍ជនបទសង់ទីស្តីការថ្មី
រាជរដ្ឋាភិបាលកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០ បានសម្រេចកាត់ផ្ទៃបឹងតាមោក(កប់ស្រូវ)ទំហំ១៥ហិកតាចេញពីអនុក្រឹត្យ ដើម្បីផ្តល់ជូនក្រសួង អភិវឌ្ឍន៍ជនបទធ្វើការសាងសង់អគារទីស្តីការថ្មីនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះនិងទំហំប្រាំបីហិកតាទៀតជូនទៅលោកសេង វុទ្ធី។
ទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១ខែកញ្ញាឆ្នាំ២០២០ បានជម្រាបជូនរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលិខិត៧៩០ សជណ.មយ ស្តីពីកម្មវត្ថុករណីសំណើ សុំ គោលការណ៍អនុញ្ញាតកាត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ១៥ហិកតា ស្ថិតនៅខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ សម្រាប់សាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍។
សេចក្តីជូនដំណឹងបានសរសេរយោងលិខិតលេខ០៤០.២០ លស.គ ចុះថ្ងៃ ទី១៤ ខែសីហា ឆ្នាំ២០២០របស់រដ្ឋបាលរាជធានីភ្នំពេញ លិខិត៤៤៤ ខន ០២០ សជណ ចុះថ្ងៃទី២៧ខែសីហាឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រីនៃព្រះរាជាណាចក្រកម្ពុជា , ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាចុះថ្ងៃទី២៦ខែសីហាឆ្នាំ២០២០។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនេះបានសរសេរថា ដូចមានចែងនិង យោងក្នុងកម្មវត្ថុខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូម ជម្រាបឯកឧត្តមជ្រាបថា រាជរដ្ឋាភិបាលយល់ព្រម ជាគោលការណ៍ដូចខាងក្រោមៈ កំណត់យកទីតាំងផ្ទៃបឹងតាមោក(បឹងកប់ ស្រូវ) ទំហំ១៥,០៣ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងសង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ សម្រាប់រៀបចំសាងសង់អគារទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ក្នុងសេចក្តីជូនដំណឹងដដែលសរសេរទៀតថា រាជរដ្ឋាភិបាលយល់ព្រមធ្វើប្រទានកម្មផ្ទៃដីបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៨,០២ហិកតា ស្ថិតនៅក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញជូនលោកសេងវុទ្ធីគ្រប់គ្រងជាកម្មសិទ្ធិ។
ផ្ទៃដីខាងលើនេះត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យស្តីពីការកែសម្រួល ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ស្ថិតនៅក្នុងរាជធានីភ្នំពេញរួចហើយកាលពីថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២០។បឹងតាមោកត្រូវបានកំណត់ក្នុងអនុក្រឹត្យលេខ២០អនក្រ.បក ចុះថ្ងៃទី០៣ខែកុម្ភៈឆ្នាំ២០១៦ ស្តីពីការកំណត់ផ្ទៃបឹងតាមោក(បឹងកប់ស្រូវ)ទំហំ ៣.២៣៩,៧ហិកតា។
ក្រសួងអភិវឌ្ឍន៍ជនបទសព្វថ្ងៃមានទីតាំងតូចចង្អៀត ជាប់ទីស្តីការគណៈរដ្ឋមន្ត្រីដោយផ្លូវធ្វើជាចំណតយានយន្តបង្កមានការកកស្ទះរាល់ថ្ងៃនោះសក្តិសមនឹងទទួលបានផ្ទៃដីបឹងតាមោកទំហំ១៥ហិកតាមកសាងសង់អគារទីស្តីការថ្មី៕