ថៃ បានអនុម័តផ្ដល់ប្រាក់កម្ចីដល់កម្ពុជា ២៧លានដុល្លារ សាងសង់ផ្លូវពីខេត្តសៀមរាប ភ្ជាប់ទៅខេត្តស៊ីសាកេត
ភ្នំពេញ៖ រដ្ឋាភិបាលថៃ បានអនុម័តកញ្ចប់ថវិកា ២៧លានដុល្លារ ផ្ដល់ឱ្យកម្ពុជាខ្ចី សម្រាប់សាងសង់ផ្លូវជាតិលេខ៦៧ (សៀមរាប-អន្លង់វែង-ជាំស្រងាំ) ក្នុងខេត្តឧត្តរមានជ័យ ដែលតភ្ជាប់ពីសៀមរាប ទៅខេត្តស៊ីសាកេតរបស់ថៃ។
បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
លោកស្រី Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលថៃ បានឱ្យដឹងថា ប្រាក់កម្ចីនេះនឹងផ្ដល់ជាដំណាក់កាលៗគឺដំណាក់កាលទី១
សម្រាប់គម្រោងសាងសង់ នឹងផ្ដល់នូវចំនួន ប្រមាណ ១៣.៥លានដុល្លារ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ មួយចំណែកទៀតគឺជាមូលនិធិពីបរទេស។
លោកស្រី Traisuree បានបញ្ជាក់ថា លក្ខខណ្ឌមួយចំនួននឹងត្រូវដាក់សម្រាប់ការសាងសង់ផ្លូវនេះ ក្នុងនោះគឺកម្ពុជានឹងតម្រូវឱ្យទិញសម្ភារសំណង់យ៉ាងតិច ៥០% សម្រាប់គម្រោងពីប្រទេសថៃ ហើយជួលអ្នកម៉ៅការថៃផងដែរ។
បើតាមអ្នកនាំពាក្យរងថៃ ដដែលនេះ បានឱ្យដឹងថា កាលពីថ្ងទី២៣ ខែសីហា គណៈរដ្ឋមន្ត្រីបានអនុម័តសំណើខ្ចីប្រាក់របស់កម្ពុជាចំនួន ៩៨៣លានបាត (ប្រមាណ ២៧លានដុល្លារ) ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្លូវថ្មី៕