ទីក្រុងថ្មីមួយ នឹងត្រូវបង្កើតឡើង ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរ ឱ្យបាន ៧លាននាក់ មកកាន់ខេត្តសៀមរាប នៅឆ្នាំ២០៣៥
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញទេសចរអន្តរជាតិ មកកាន់ខេត្តសៀមរាប-អង្គរ ឱ្យបានប្រមាណ ៧លាននាក់ នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មីៗនៅជុំវិញអង្គរ នឹងត្រូវបានបង្កើតឡើង ដែលផែនការនេះ ត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយក្នុងនោះ ក្រសួងទេសចរណ៍ ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាល ពិនិត្យ និងអនុម័ត នៅពេលខាងមុខ។
លោករដ្ឋមន្ត្រី បានបន្តថា គោលដៅទេសចរណ៍ថ្មីចំនួន ៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ ២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះ រួមមាន តំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។ ចំពោះការបង្កើតទីក្រុងសៀមរាបថ្មី គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗ ឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបឱ្យបាន ៧លាននាក់ នៅឆ្នាំ២០៣៥ ដោយនឹងបង្កើតការងារផ្ទាល់ប្រមាណ ៩០ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ ៥ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្ន មិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត។
ទីក្រុងថ្មីនេះ ត្រូវតែរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូល អាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ ត្រូវបានលោករដ្ឋមន្ត្រីបង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សារា៕