៩ខែ ឆ្នាំ២០២០ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ត្រឹមជាង ១លាននាក់ មានការថយចុះជាង ៧០ភាគរយ ធៀបឆ្នាំមុន
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ ទេសចរអន្តរជាតិ មកទស្សនាកម្ពុជា មានត្រឹមតែ ១,២៤៧,៦៨០នាក់ ថយចុះ ៧៤.១% និងទទួលបានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ថយចុះ ៥១.៩% ដែលការថយចុះនេះ គឺដោយសាររងផលប៉ះពាល់ខ្លាំងពីវិបត្តិជំងឺកូវីដ-១៩។
យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ដែលបានចេញនៅថ្ងៃទី២៦ ខែតុលា បានលើកឡើងថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ចាប់ពីខែមេសា ដល់ខែកញ្ញា និន្នាការទេសចរណ៍មានការប្រែប្រួលយ៉ាងខ្លាំង។ ជាក់ស្ដែង ទេសចរសម្រាកលំហែកម្សាន្តមាន ៤៣.៤% ទេសចរធុរកិច្ច និងការទូតមាន ៥៤.៤% និងផ្សេងៗ ២.៣%។ កាលពីឆ្នាំ២០១៩ ទេសចរសម្រាកលំហែកម្សាន្តមានរហូតដល់ ៧៦.២% ទេសចរធុរកិច្ច និងការទូតមាន ២០.៧% និងប្រភេទផ្សេងៗ ៣.១%។
តាមការព្យាករណ៍នៅឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរអន្តរជាតិប្រមាណ ១.៣២លាននាក់ ថយចុះ ៨០% ធៀបនឹងឆ្នាំ២០១៩។ អ្នកជំនាញទេសចរណ៍ បានវាយតម្លៃថា ស្ថានភាពទេសចរណ៍កម្ពុជា នឹងវិលត្រលប់មកប្រក្រតីភាពឡើងវិញ តាមសេណារីយ៉ូចំនួន ២៖
* សេណារីយ៉ូទី១៖ ប្រើរយៈពេល ៣ឆ្នាំ (២០២០-២០២៣)។ * សេណារីយ៉ូទី២៖ ប្រើរយៈពេល ៥ឆ្នាំ (២០២០-២០២៥)
ក្រសួងទេសចរណ៍ បានបន្តថា រយៈពេល៩ខែ ឆ្នាំ២០២០ មានទេសចរផ្ទៃក្នុង ៧,២៨៤,៤០៩នាក់ ដែលបានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាទូទាំងប្រទេស ថយចុះ ៥១.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ក្នុងនោះទេសចរជាតិ មានប្រមាណ ៥,៥៦២,៥៣១នាក់ ថយចុះ ៣៨.២% និងទេសចរបរទេសមានប្រមាណ ១,៧២១,៨៧៨នាក់ ថយចុះ ៧២%។
តាមការព្យាករណ៍ ឆ្នាំ២០២០ កម្ពុជានឹងទទួលទេសចរផ្ទៃក្នុងបានប្រមាណ ៩លាននាក់ ថយចុះ ២០% ធៀបនឹងឆ្នាំ២០១៩ ខណៈទេសចរផ្ទៃក្នុងនឹងវិលមកប្រក្រតីភាពឡើងវិញក្នុងរយៈពេល ៣ឆ្នាំ ពោលគីឆ្នាំ២០២៣ កម្ពុជានឹងទទួលបាន ១១លាននាក់៕