ចិនចាយក្នុងវិស័យយោធាកើនដល់ជាង១៧៨ពាន់លានដុល្លារក្នុងឆ្នាំ២០២០នេះ
ចិនបានបន្ថែមទឹកប្រាក់សម្រាប់ចំណាយក្នុងវិស័យការពារជាតិនៅឆ្នាំ២០២០នេះ កើនឡើង៦,៦ភាគរយ ប៉ុន្តែទឹកប្រាក់បន្ថែមនេះ គឺតិចជាងទឹកប្រាក់ដែលបានបន្ថែមកាលពីឆ្នាំ២០១៩ ដែលចំនួនរហូតដល់៧,៥% នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់សភានៅថ្ងៃសុក្រទី២២ ឧសភា ។
តួលេខនេះត្រូវបានគេប៉ាន់ស្មានថា ទឹកប្រាក់សរុបដែលចិនចាយលើវិស័យយោធាមានចំនួន១,២៦៨ទ្រីលានយ៉ន់ឬស្មើនឹងជាង១៧៨ពាន់លាន(១៧៨,១៦)ដុល្លារអាមេរិក។ កាលពីឆ្នាំ២០១៩ ប្រទេសចិនបានតំឡើង ៧,៥ ភាគរយសម្រាប់ថវិកាការពារជាតិដែលមានចំនួនខ្ពស់ជាងកំណើនផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំដែលមានចំនួនតែ៦,១ភាគរយ។
សេដ្ឋកិច្ចចិនបានធ្លាក់ចុះ ៦,៨ ភាគរយនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំមុន ខណៈពេលកំពុងរងផលប៉ះពាល់ពីវីរុសឆ្លងកូរ៉ូណាថ្មី ដែលរាលដាលចេញពីទីក្រុងវ៉ូហាននៅភាគកណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុន។
ប្រទេសចិនបានលុបចោលនូវគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ ជាលើកដំបូងនិងបានសន្យាអំពីគាំទ្ររដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចកំពុងធ្លាក់ចុះនេះ។
ទោះបីជាមានការផ្ទុះឡើងនូវវីរុសឆ្លងកូវីដ១៩ក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់ចិននិងសហរដ្ឋអាមេរិក នៅតែសកម្មនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង និងនៅជុំវិញកោះតៃវ៉ាន់ ដែលតំបន់ទាំងនេះកំពុងត្រូវបានចិនទាមទារយ៉ាងកំហិត។
ការផ្ទុះឡើងនៃជំងឺកូវីដ១៩បានធ្វើឱ្យទំនាក់ទំនងរវាងក្រុងប៉េកាំងនិងវ៉ាស៊ីនតោនបានចុះខ្សោយជាងមុន ខណៈក្រសួងសន្តិសុខរដ្ឋចិនក៏បានព្រមាននៅក្នុងរបាយការណ៍ផ្ទៃក្នុងនាពេលថ្មីៗនេះថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនៅពេលនេះ នឹងក្លាយទៅជាការប្រឈមមុខគ្នាដោយអាវុធ។
ជាមួយគ្នានេះ សម្រាប់ការទូតនិងអ្នកជំនាញមួយចំនួនបាននិយាយថា ចំនួនទឹកប្រាក់ពិតប្រាកដដែលចិនបានចំណាយក្នុងវិស័យយោធារបស់ខ្លួន គឺអាចច្រើនជាងនៅតួលេខដែលបានបញ្ជាក់នៅក្នុងរបាយការណ៍។ បើយកកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសចិនក្នុងឆ្នាំ ២០២០នៅក្នុងរបាយការណ៍ធ្វើការប្រៀបធៀប គឺប្រហែលមួយភាគបួននៃថវិកាការពារជាតិរបស់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន ដែលមានចំនួន៦៨៦ពាន់លានដុល្លារ។
ប្រទេសចិនបានអះអាងជាយូរមកហើយថា ខ្លួនត្រូវការការវិនិយោគបន្ថែមទៀតដើម្បីកាត់បន្ថយគម្លាតជាមួយសហរដ្ឋអាមេរិក ឧទាហរណ៍នៅក្នុងពេលបច្ចុប្បន្ននេះ ចិនមាននាវាដឹកយន្តហោះតែ២ គ្រឿងប៉ុណ្ណោះ បើប្រៀបធៀបជាមួយអាមេរិកមានរហូត១២ គ្រឿង។
នៅឆ្នាំ២០១៨ ប្រទេសចិនបានប្រកាសបង្កើនថវិកាយោធាដ៏ច្រើនបំផុតក្នុងរយៈពេល៣ឆ្នាំគឺកើនឡើងចំនួន ៨,១ ភាគរយ ឬស្មើនឹង ១,១ទ្រីលានយ៉ន់។
ប៉ុន្តែកំណើននៃការចំណាយលើវិស័យការពារជាតិបានថយចុះវិញ ចាប់តាំងពីប្រទេសចិននិងសហរដ្ឋអាមេរិក បានជាប់គាំងនៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់ ដែលបានដាក់សម្ពាធលើសេដ្ឋកិច្ចក្នុងស្រុក ដែលបច្ចុប្បន្នត្រូវបានបំផ្លាញដោយជំងឺរាតត្បាតថែមទៀត។
កាលពីឆ្នាំមុន កងទ័ពរំដោះប្រជាជនចិន បានឈានដល់គោលដៅសំខាន់ពីរ គឺបានបង្ហាញវត្តមាននាវាផ្ទុកយន្តហោះផលិតផលក្នុងស្រុកដំបូងបង្អស់ចំនួន២គ្រឿង និងវត្តមានមីស៊ីលផ្លោងអន្តរទ្វីបដំបូងដែលមានសមត្ថភាពអាចបាញ់ទៅដល់សហរដ្ឋអាមេរិក។
ប្រទេសចិនក៏បានសាងសង់មូលដ្ឋានយោធានៅបរទេសលើកដំបូងរបស់ខ្លួននៅប្រទេសជីប៊ូទី ដែលស្ថិតនៅតំបន់អាហ្វ្រិកកាលពីឆ្នាំ ២០១៧។
ទីក្រុងប៉េកាំងក៏កំពុងរចនានាវាពិឃាដនិងមីស៊ីលជំនាន់ថ្មី ដើម្បីពង្រឹងការទប់ស្កាត់របស់ខ្លួនប្រឆាំងនឹងប្រទេសជិតខាងនៅអាស៊ីនិងកងទ័ពជើងទឹកអាមេរិក។
អ្នកជំនាញខាងយោធានៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៅប្រទេសសិង្ហបុរីបាននិយាយថា កងទ័ពរំដោះប្រទេសចិនបានទទួលជោគជ័យយ៉ាងខ្លាំង ទាក់ទងទៅនឹងសមត្ថភាពខាងចារកម្មតាមអ៊ីនធឺណិត សង្គ្រាមអេឡិចត្រូនិច និងកាំភ្លើងដែលអាចបាញ់ចម្ងាយឆ្ងាយ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការដែនសមុទ្រនិងអាកាសផងដែរ។
ប៉ុន្តែប្រសិនបើយើងប្រៀបធៀបវាជាមួយនឹងកងកម្លាំងជឿនលឿនដទៃទៀត កងទ័ពរំដោះប្រទេសចិន នៅចាញ់ប្រៀបនៅឡើយ ដោយសារតែបទពិសោធន៍មានកំរិតក្នុងការធ្វើប្រតិបត្តិការកងកម្លាំងប្រដាប់អាវុធរួមគ្នានិងប្រតិបត្តិការរួមគ្នានៅកម្រិតកងវរសេនាតូច៕