ថវិកាសរុបជាង ១៣ ពាន់លានដុល្លារ នឹងប្រើសម្រាប់វិនិយោគសាធារណៈក្នុងរយៈពេល ៣ ឆ្នាំ
ក្រោយរាជរដ្ឋាភិបាល កម្ពុជា បានសម្រេចអនុម័តលើកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ពីឆ្នាំ២០២១ ដល់២០២៣ ថវិកាសរុបជាង ១៣ ពាន់លានដុល្លារ នឹងត្រូវយកមកប្រើសម្រាប់វិនិយោគសាធារណៈក្នុងរយៈពេល ៣ ឆ្នាំ។
យ៉ាងណាមិញ «សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣» នេះ ត្រូវបានសម្រេចអនុម័យក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កន្លងទៅ។
តាមរយៈសេចក្ដីព្រាងច្បាប់នេះ ក៏បានបង្ហាញថា ៥០.១ % នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបនឹងត្រៀមប្រើសម្រាប់អភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ ៨.៩% សម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច ខណៈ ៣៤.២% សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។ ហើយ ៦,.៨% សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២០ នេះ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផែនការនៃក្រសួងផែនការ បានលើកឡើងថា ការងាររៀបចំ «កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល» ជារឿងសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយអាទិភាពឲ្យសម្រេចបាន ជាពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ក៏ដូចជាការឈានទៅសម្រេចបាននូវក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០១៦-២០៣០។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបសម្រេចអនុម័តហើយលើ «សេចក្តីព្រាងកម្មវិធីវិនិយោគ សាធារណៈ៣ឆ្នាំរំកិល ២០២១-២០២៣» ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ពីឆ្នាំ២០២១ ដល់២០២៣ ត្រូវចំណាយទុនជិត ១៣ពាន់លានដុល្លារអាមេរិក។
កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣ ត្រូវបានរៀបចំដោយមានកត្តាចម្បង និងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ គឺការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ មានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និង ការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។
សូមបញ្ជាក់ កម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២១-២០២៣ មានគម្រោងដែលត្រូវអនុវត្តន៍ប្រមាណ ៦២៩គម្រោង។ ក្នុងនោះគម្រោងចំនួន ២០៣គម្រោង ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន ៨,៣៩៧លានដុល្លារអាមេរិក និងចំនួន ៤២៦គម្រោង ជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ដែលត្រូវការទុនចំនួន ៤,៣៩៩លានដុល្លារអាមេរិក៕