សារព័ត៌មានមហាខ្មែរ

បារាំង៖រដ្ឋាភិបាលបង្ហាញផែនការផ្តល់សន្ទុះសេដ្ឋកិច្ចដែលមានថវិកាចំនួន ១០០ ០០០លានអឺរ៉ូ

8

នៅ​ក្នុង​ប្រទេស​បារាំង នាយករដ្ឋមន្រ្តី​លោក​ហ្សង់ កាស្តិច​បាន​បង្ហាញ​លម្អិត​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៣ កញ្ញា​នូវ​ផែនការ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ។ នៅ​ក្នុង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នេះ រដ្ឋាភិបាល​គ្រោង​ចំណាយ​លុយ​ចំនួន ១០០ ០០០លានអឺរ៉ូ និង​សង្ឃឹម​ស្តារ​សេដ្ឋកិច្ច​បារាំង​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២២។ គួរ​រម្លឹក​ថា សេដ្ឋកិច្ច​បារាំង​ក៏​ដូច​ជា​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​សឹង​តែ​ទាំង​អស់​ក្នុង​លោក​បាន​រងគ្រោះ​ខ្លាំង​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ តាម​ពិត ផែនការ​ស្តារ​សេដ្ឋកិច្ច​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​គ្រោង​លាតត្រដាង​តាំង​ពី​ថ្ងៃទី២៥ សីហា។ តែ​រដ្ឋាភិបាល​បាន​សម្រេច​លើក​ពេល​មក​ដល់​ថ្ងៃ​នេះ​ដើម្បី​ផ្តោត​លើ​ការ​គ្រប់គ្រង​វិបត្តិ​ជំងឺ​កូវីដ-១៩។

« France Relance » ឬ​អាច​ប្រែ​ថា « ផ្តល់​សន្ទុះ​បារាំង​ឡើង​វិញ » ជា​ឈ្មោះ​ផែនការ​ស្តារ​សេដ្ឋកិច្ច​របស់​នាយករដ្ឋមន្រ្តី​លោក​ហ្សង់ កាស្តិច​ដែល​លោក​បាន​បង្ហាញ​លំអិត​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី៣ កញ្ញា។ តែ​នៅ​ពេល​ព្រឹក​ក្នុង​ថ្ងៃ​ដដែល លោក​កាស្តិច​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​ក្នុង​ស្រុក​មួយ​ឈ្មោះ RTL។ នៅ​ក្នុង​បទសម្ភាសន៍ លោក​កាស្តិច​បាន​ហៅ​ផែនការ​ស្តារ​សេដ្ឋកិច្ច​នេះ​ជា​មហា​ផែនការ​វិនិយោគ​ដែល​មាន​គោលដៅ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ និង​ប្រយុទ្ធប្រឆាំង​នឹង​ការ​អត់ការងារ។ តាម​លោក​កាស្តិច « France Relance » នេះ​នឹង​គិតគូរ​ស្រោចស្រង់​សេដ្ឋកិច្ច​នៅ​ចំពោះ​មុខ និង​ត្រៀម​រៀបចំ​ប្រទេស​សម្រាប់​ពេល​អនាគត​នៅ​រង្វង់​ឆ្នាំ ២០៣០។

មាន​កញ្ចប់​ថវិកា​ចំនួន ១០០ ០០០លានអឺរ៉ូ​ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​នៅ​ក្នុង​ផែនការ​ស្តារ​សេដ្ឋកិច្ច​ដែល​បាន​ធ្លាក់​ដុនដាប​ខ្លាំង​ដោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ទឹកប្រាក់​ទាំង ១០០ ០០០លានអឺរ៉ូត្រូវ​បាន​រដ្ឋាភិបាល​ផ្តោត​សំខាន់​លើ​វិស័យគោល​ចំនួន ៣ គឺ​បរិស្ថាន ការ​ប្រកួតប្រជែង ការ​បង្កើត​ថ្មី និង​សង្គម ដែនដី។ ក្នុង​ចំនួន​ទឹកប្រាក់​ទាំង ១០០ ០០០លានអឺរ៉ូ មាន ៣០ ០០០លានអឺរ៉ូ​ផ្តោត​លើ​វិស័យ​បរិស្ថាន​ដើម្បី​ចូលរួម​កាត់​បន្ថយ​ការ​ចាក់ចោល​ឧស្ម័ន​ពុល​ទៅ​ក្នុង​បរិយាកាស។ វិស័យ​ពាក់ព័ន្ធ​ផ្ទាល់​ក្នុង​រឿង​នេះ​មាន វិស័យ​ដឹកជញ្ជូន វិស័យ​ថាមពល និង​វិស័យ​កសិកម្ម។

ចំណែក​ទឹកប្រាក់ ៣៥ ០០០លានអឺរ៉ូ​ផ្តោត​លើ​ការ​ប្រកួតប្រជែង​នៃ​រោងចក្រ សហគ្រាស ក្នុង​នោះ​មាន​ការ​បញ្ចុះ​ពន្ធផលិតកម្ម ជំនួយ​ផ្នែក​វិនិយោគ និង​ការ​ជួយ​ផ្តល់​ជា​ប្រាក់កម្ចី​ដោយ​មាន​ការ​ធានា​ពី​រដ្ឋ។ រីឯ​ទឹកប្រាក់​ចំនួន ៣៥ ០០០លានអឺរ៉ូ​ទៀត​ផ្តោត​លើ​បញ្ហា​សង្គម និង​ដែនដី។

បង្កើត​ការងារ​ចំនួន ១៦០ ០០០ការងារ

ក្តីរំពឹង​ទុក​របស់​រដ្ឋាភិបាល​ពី​ផែនការ​ផ្តល់សន្ទុះ​មួយ​នេះ គឺ​ស្តារ​សេដ្ឋកិច្ច​បារាំង​ឡើង​វិញ ពិសេស​បង្កើត​ការងារ​បន្ថែម​ចំនួន ១៦០ ០០០ការងារ​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០២១ ខាង​មុខ។ តែ​ដើម្បី​អាច​សម្រេច​កម្មវត្ថុ​មួយ​នេះ​បាន រដ្ឋាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការ​ចូលរួម​ពេញ​ទំហឹង​ពី​ក្រុមហ៊ុន រោងចក្រ សហគ្រាស។ គោលដៅ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ ២០២២ គឺ​ព្យាយាម​រក​ឲ្យ​បាន​ឡើង​វិញ​នូវ​ស្ថានភាព​សេដ្ឋកិច្ច​ដែល​បារាំង​ធ្លាប់​មាន​នៅ​មុន​ផ្ទុះ​វិបត្តិ​ជំងឺ​កូវីដ-១៩។ គួរ​រម្លឹក​ថា បើ​គិត​តាំង​ពី​ថ្ងៃ​ផ្ទុះ​វិបត្តិ​កូវីដ-១៩ មាន​លុយ​ដល់​ទៅ ៤៦០ ០០០លានអឺរ៉ូ​ដែល​រដ្ឋាភិបាល​បាន​ប្រើ និង​គ្រោង​ប្រើ​ដើម្បី​ស្តារ​ប្រទេស​ឡើង​វិញ។

មាន​ការ​លើក​ឡើង​ថា ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបាល​គ្រោង​ចំណាយ​តែ ១០០ ០០០លានអឺរ៉ូ​នៅ​ក្នុង​ផែនការ « France Relance » ពេល​នេះ។ ហេតុអ្វី​មិន​ដាក់​លុយ​ឲ្យ​ដល់ ២០០ ០០០ ឬ ៣០០ ០០០លានអឺរ៉ូ​ទៅ?។ ទីប្រឹក្សា​ជិតស្និទ្ធ​បំផុត​ម្នាក់​របស់​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ១០០ ០០០លានអឺរ៉ូ​គឺ​ស្មើ​នឹង ៤ពិន្ទុ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​ដែល​បារាំង​បាន​បាត់បង់​នៅ​ក្នុង​វិបត្តិ​ជំងឺ​កូវីដ-១៩។ តើ​ទឹកលុយ​ប៉ុណ្ណឹង​គ្រប់គ្រាន់​ដើម្បី​ស្តារ​នូវ​អ្វី​ដែល​បារាំង​បាន​បាត់បង់​បាន​ទេ និង​ថា តើ​ផែនការ​មួយ​នេះ​មិន​បាន​ធ្វើ​ឡើង​ដោយ​ចង់​យឺតពេល​បន្តិច​ដូច​ដែល​គណបក្សប្រឆាំង​បាន​លើក​ឡើង​ទេ ឬ​យ៉ាង​ណា?។ រដ្ឋាភិបាល​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា វា​មិន​យឺត​ពេល​ទេ ហើយ​បើ​ចាំ​បាច់ រដ្ឋាភិបាល​នឹង​ដាក់​លុយ​បន្ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​តាម​សភាពការណ៍​ជាក់ស្តែង។

សម្រាប់​ប្រទេស​បារាំង ឆ្នាំ ២០២០ ជា​ឆ្នាំ​ដែល​សេដ្ឋកិច្ច​មាន​ស្ថានភាព​អាក្រក់​ខ្លាំង​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ ១៩៤៥។ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​លោក​ប៊្រុយណូ ឡឺម៊ែរ​បាន​ព្យាករណ៍​កាល​ពី​ថ្ងៃទី២៤ សីហា​ថា កំណើន​សេដ្ឋកិច្ច​បារាំង​ឆ្នាំ ២០២០ នឹង​ដាំ​ក្បាល​ចុះ ១១% ក្រោម​សូន្យ បំណុល​សាធារណៈ​អាច​មាន​ដល់​ទៅ ១២១% នៃ​ផលិផលសរុប​ក្នុង​ស្រុក ហើយ​ឱនភាព​ថវិកា​សាធារណៈ​នឹង​អាច​មាន ១១,៤% នៃ​ផលិផលសរុប​ក្នុង​ស្រុក៕

អត្ថបទទាក់ទង