សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាង៩០%នៅកម្ពុជា បានផ្អាកដំណើរការក្នុងកំឡុងកូវីត-១៩
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានលើកឡើងថា យ៉ាងហោចណាស់ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាង៩០%នៅកម្ពុជា បានផ្អាកដំណើរការក្នុងរយៈពេលប៉ុន្មានខែមកនេះ ដោយសារតែរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។ បន្ថែមលើនេះ បុគ្គលិក កម្មករ នៅក្នុងវិស័យសេវាកម្មទេសចរណ៍ ប្រមាណជាង៥ម៉ឺននាក់ ក៏បាត់បង់ការងារផងដែរ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពនេះ បានចាប់ផ្តើមកំរើកឡើងវិញ បន្ទាប់ពីមានចរន្តទេសចរណ៍ផ្ទៃក្នុងប្រមាណជា១លាន៤សែននាក់ កាលពីអំឡុងខែសីហាកន្លងទៅ។ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ក្រសួងកំពុងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជារំពឹងទុកថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងរយៈពេលជាងកន្លះខែខាងមុខនេះ គឺជាឱកាសថ្មីនៃការជំរុញកំណើនទេសចរណ៍ផ្ទៃក្នុងកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ១៩ ខណៈវិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា។ ក្នុងនោះ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ប្រមាណជាង៩០%បានបិទទ្វារ ហើយបុគ្គលិកកម្មករនៅក្នុងវិស័យសេវាកម្មទេសចរណ៍ប្រមាណជាង៥ម៉ឺននាក់ បានបាត់បង់ការងារ។ នេះបើតាមការលើកឡើងរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍កម្ពុជា នៅក្នុងសន្និសីទកាសែតដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ០៣ កញ្ញា ស្តីពី «ស្ថានភាពវិស័យទេសចរណ៍ ក្នុងអំឡុងពេលជំងឺកូវីដ១៩»។ ប៉ុន្តែនៅក្នុងសន្និសីទកាសែតនេះ លោក ទិត ចន្ថា បានថ្លែងថា តាមរយៈការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង កាលពីខែសីហាកន្លងទៅនេះ វាបានជួយស្រោចស្រង់ផលប៉ះពាល់នេះបានប្រមាណជា៣០%។
គួរជំរាបជូនថា ក្នុងអំឡុងពេលឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរកាលពីខែសីហាកន្លងទៅនេះ គឺជាលើកទីមួយហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកអោយមានទេសចរណ៍ផ្ទៃក្នុង ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅខែមករា ឆ្នាំ ២០២០មក។ ក្នុងនោះ មានភ្ញៀវទេសចរណ៍ប្រមាណជា ១លាន៤សែននាក់ ក្នុងនោះ១០% ឬ ១ម៉ឺន៤ពាន់នាក់ គឺជាភ្ញៀវទេសចរណ៍បរទេស ដែលស្នាក់នៅកម្ពុជា បានទៅទស្សនាកំសាន្តនៅតាមរមណីយដ្ឋាននានា ដោយបានរួមចំណែកអោយមានចរន្តសេដ្ឋកិច្ចផ្ទៃក្នុងប្រមាណជា១០០លានដុល្លារក្នុងរយៈពេល៩ថ្ងៃ ក្នុងនោះ ខេត្តកំពត និងខេត្តសៀមរាប បានទទួលភ្ញៀវទេសចរណ៍ច្រើនជាងគេ។ បើតាមលោក ទិត ចន្ថា ក្នុងអំឡុងពេលនោះ មានផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋានប្រមាណជា៣០% បានបើកទ្វារឡើងវិញ ដែលតាមរយៈទេសចរណ៍ផ្ទៃក្នុងនេះ នឹងជួយកាត់បន្ថយផលប៉ះពាល់លើវិស័យទេសចរណ៍កម្ពុជាបានខ្លះ។
មានការវាយតម្លៃថា កម្ពុជាបានបាត់បង់ចំណូលប្រមាណជា៥ពាន់លានដុល្លារពីវិស័យទេសចរណ៍ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩នេះ។ យ៉ាងណាក្តី ក្រសួងទេសចរណ៍កម្ពុជារំពឹងទុកថា ការស្តារវិស័យទេសចរណ៍កម្ពុជាអោយមានសកម្មភាពជាធម្មតាឡើងវិញ នឹងអាចធ្វើទៅបានរហូតដល់ឆ្នាំ២០២២ នោះប្រសិនបើពិភពលោករកឃើញវ៉ាក់សាំងការពារជំងឺកូវីដ១៩បាន៕