សារព័ត៌មានមហាខ្មែរ

តើរដ្ឋាភិបាលកម្ពុជាពិតជាប្រើប្រាស់វិបត្តិកូវីដ១៩ ដើម្បីបិទបាំងផលប៉ះពាល់កើតចេញពីការដកផ្នែកខ្លះនៃEBAមែនឬទេ?

7

សារព័ត៌មាន​ហុងកុង​Asia Times កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​កន្លង​ទៅ​ បាន​ចុះផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ​ដោយ​និយាយ​ថា​ លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន ​ប្រើប្រាស់​បញ្ហា​កូវីដ​១៩ ​ដើម្បី​បិទបាំង​ពី​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​សហភាព​អឺរ៉ុប​។ ក៏​ប៉ុន្តែ ​មុន​គណៈកម្មការអឺរ៉ុប​សម្រេច​អនុវត្ត​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​នេះ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​សីហា​ ក្រសួង​សេដ្ឋកិច្ច​ ធ្លាប់​បាន​បង្ហាញ​ឱ្យ​ដឹងថា​ រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​ ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​កើតចេញ​ពី​បញ្ហា​EBA​នេះ​ផង​ និង​ បញ្ហា​កូវីដ​១៩​ផង​។ ដូច្នេះ ​តើ​ជា​ការ​ពិត​ទេ​ដែល​ថា​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យក​បញ្ហា​កូវីដ​១៩​បិទបាំង​ផល​ប៉ះពាល់​នៃ​ ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​របស់​អឺរ៉ុប​?

អត្ថបទដែលយើងចុះផ្សាយលើកមុន៖
អឺរ៉ុប «សម្រេចដកផ្នែកខ្លះនៃ EBA ពីកម្ពុជាជាផ្លូវការហើយ» ខណៈទំនិញកម្ពុជា ២០% នាំទៅអឺរ៉ុបត្រូវចាប់ផ្ដើមបង់ពន្ធពីពេលនេះតទៅ
ដូចទៅនឹងការគ្រោងទុករបស់សហភាពអឺរ៉ុប នៅថ្ងៃទី ១២ ខែសីហានេះ សហភាពអឺរ៉ុបបានសម្រេចកាត់ផ្ដាច់ជាបណ្ដោះអាសន្ននូវផ្នែកខ្លះនៃភាពអនុគ្រោះពន្ធ EBA ពីកម្ពុជាហើយ ដោយក្នុងនោះតាមការវាយតម្លៃអាចនឹងប៉ះពាល់ដល់មុខទំនិញកម្ពុជាប្រមាណ ២០% ដែលនាំទៅអឺរ៉ុបរួមមាន ផលិតផលកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងសម្ភារសម្រាប់ការធ្វើដំណើរជាដើម។ ទោះយ៉ាងណា មុខទំនិញទាំងនេះ នៅតែអាចនាំទៅអឺរ៉ុបបានតែត្រូវបង់ពន្ធ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបនៅថ្ងៃទី ១២ ខែសីហានេះ។
តាមការ​ប្រកាស​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​ដដែលនេះ បាន​ឲ្យដឹងថា ភាពអនុគ្រោះពន្ធ បាន​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​កម្ពុជា​ក្រោម​ប្រព័ន្ធ​អនុគ្រោះពន្ធ អ្វីៗគ្រប់យ៉ាង​លើកលែង​តែ​អាវុធ (EBA) ដែល​ប្រព័ន្ធអនុគ្រោះពន្ធនេះ អឺរ៉ុប​បាន​ផ្ដល់ជូន​សម្រាប់​ប្រទេស​មានការអភិវឌ្ឍ​តិចតួច។
សហភាព អឺរ៉ុប​បានបញ្ជាក់ទៀតថា ការដក​ផ្នែកខ្លះ​នៃ EBA ពីកម្ពុជានេះ គឺ​ដោយសារតែ​មានការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​ និងមាន​លក្ខណៈ​ជាប្រព័ន្ធ ទាក់ទង​នឹង​បញ្ហាសិទ្ធិមនុស្ស​ដែលបាន​កើតឡើង​នៅកម្ពុជា។ សហភាព​អឺរ៉ុប​បាន​បញ្ជាក់ទៀតថា អឺរ៉ុប​នៅតែ​បើកចំហរ ដើម្បី​ចូលរួម​​ជាមួយកម្ពុជា​លើការធ្វើ​កំណែទម្រង​ចាំបាច់។

លោក Phil Hogan ស្នងការ​ពាណិជ្ជកម្មអឺរ៉ុប​បាន​និយាយថា «យើង​បាន​ផ្ដល់ឲ្យ​​កម្ពុជា​នូវ​ឱកាស​ពាណិជ្ជកម្ម ដែល​អនុញ្ញាត​ឲ្យប្រទេសនេះ អភិវឌ្ឍ​ឧស្សាហកម្ម​ផ្ដោត​លើការ​នាំចេញ និងបាន​ផ្ដល់នូវ​ការងារ​រាប់ពាន់​កន្លែង​សម្រាប់​ប្រជាជន​កម្ពុជា។ ឥឡូវនេះ យើងក៏​នៅតែ​មានគោលជំហរ​នៅ​ជាមួយ​ពួកគេដែរ នៅក្នុង​ស្ថានភាព​ដ៏លំបាក​នាពេល​ឥឡូវនេះ ព្រោះតែ​មេរោគ​រាតត្បាត»។
លោក Hogan គូសបញ្ជាក់ទៀតថា «ទោះជាយ៉ាងណា ការបន្ត​ការគាំទ្រ​របស់យើង មិនបាន​បន្ថយ​នូវ​តម្រូវការ​បន្ទាន់​សម្រាប់​ឲ្យ​កម្ពុជា​គោរពសិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នោះទេ។ ខ្ញុំ​ត្រៀមខ្លួន​រួចស្រេចហើយ​ ដើម្បី​បន្ត​ការចូលរួមរបស់យើង​និង​ដើម្បី​ស្ដារឡើងវិញ​សម្រាប់​ផលិតផល​កម្ពុជា​អាច​ចូល​ក្នុងទីផ្សារ​អឺរ៉ុប​ដោយសេរី​ពេញលេញ ដោយការ​ផ្ដល់​ឲ្យយើង​មើលឃើញ​នូវភាព​​ប្រសើរឡើង​ប្រកបដោយ​និរន្ដរភាព​នៅក្នុង​ការគោរព​សិទ្ធិមនុស្ស និងសិទ្ធិការងារនេះ»។
លោក គេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា បាន​អះអាង​កាលពីថ្ងៃទី ០៧ ខែសីហាថា កន្លងមក​ខាង​ភាគីកម្ពុជា​បាន​ខិតខំ តវ៉ា និងស្នើ​ទៅកាន់​សភាព​អឺរ៉ុប​អស់លទ្ធភាពហើយ។

ទោះយ៉ាងណា អគ្គលេខា​ធិការ​សមាគម​រោងចក្រ​កាត់ដេរ​រូបនេះ បាន​គូសបញ្ជាក់ទៀតថា បញ្ហា​ធំរបស់​វិស័យ​កាត់ដេរ​កម្ពុជា​នាពេលនេះ មិនមែន​រឿង EBA ទៀតទេ គឺរឿង​កូវីដ-១៩ ដោយ​បញ្ហាមេរោគរាតត្បាត​មួយនេះ បាន​ធ្វើឲ្យប៉ះពាល់​ដល់វិស័យ​កាត់ដេរយ៉ាងខ្លាំង ខណៈដែលរោងចក្រ​បិទទ្វារ​ និងផ្អាក​ដំណើរការ​បាន​កើនឡើង​កាន់តែច្រើន។
សហភាពអឺរ៉ុប​បាន​ឲ្យដឹងទៀតថា ការដក​យកវិញ នូវ​ផ្នែកខ្លះនៃភាព​អនុគ្រោះពន្ធ EBAនេះ គឺមានប្រហែល​២០% នៃផលិតផល​សរុប​របស់​កម្ពុជា​ដែលនាំទៅអឺរ៉ុប ហើយកម្ពុជា​នៅតែ​អាច​នាំចេញ​ផលិតផល​ទាំងនោះ ទៅអឺរ៉ុប​ ប៉ុន្ដែ ត្រូវបង់ពន្ធ​ទូទៅ​ដូច​ដែលមាន​អនុវត្ត​ចំពោះ​សមាជិក​ផ្សេងទៀត​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកដែរ។ នៅសល់ទំនិញ​កម្ពុជា​នាំចេញទៅ​អឺរ៉ុប​៨០%ទៀត នឹងបន្ដ​ទទួលបាន​ការអនុគ្រោះ​ (ដោយមិនគិតពន្ធ មិនគិតកូតា) សម្រាប់​នាំចេញ​ទៅអឺរ៉ុប​ដដែល។

បើតាមសហភាព​អឺរ៉ុប បានឲ្យ​ដឹងថា ផលិតផល​របស់កម្ពុជា​ដែលនឹងត្រូវអឺរ៉ុប ដកភាពអនុគ្រោះពន្ធនោះ មានដូចជា ផលិផលសម្លៀក​បំពាក់​មួយ​ចំនួន ស្បែកជើង ផលិតផលសម្រាប់ការធ្វើដំណើរ និងស្ករសជាដើម។
តាមការ​លើកឡើង​របស់​ឯកឧត្តម ហេង សួរ​អ្នកនាំពាក្យ​ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជា​ជីវៈកាលពី​ដើមខែ​កក្កដា​កន្លងទៅនេះ​បាន​ឲ្យដឹងថា​មានរោងចក្រ​កាត់ដេរ​ប្រមាណ​ជាង៤៥០ រោងចក្រហើយ បានព្យួរការងារ និងមានកម្មករ​កម្មការិនី​ប្រមាណជាង​១៣ម៉ឺននាក់​បាន​ប៉ះពាល់ការការ។ កត្តានេះ បានធ្វើឲ្យ​​ការនាំចេញ​នៃវិស័យកាត់ដេរ​ បាន​ធ្លាក់ចុះពី​ចំនួនជាង ៤ពាន់លាន​ដុល្លារ កាលពីឆមាសទី១​ឆ្នាំ២០១៩ មកនៅ​ត្រឹមតែជិត​៣ពាន់​៨​រយ​លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ នៅឆមាស​ទី១​ឆ្នាំ២០២០នេះ ពៅលគឺ​ធ្លាក់ចុះប្រមាណ​៥,៤%។
តាមតួលេខ​ពី​សហភាពអឺរ៉ុប​បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី​រវាង​អឺរ៉ុប​និងកម្ពុជា​សម្រេចបាន​ដល់ទៅ ជាង​៦ពាន់លាន​ដុល្លារអាមេរិក ក្នុងនោះ កម្ពុជា​នាំចេញទៅអឺរ៉ុប​ប្រមាណ​ជាង​៥ពាន់លាន​ដុល្លារ ខណៈដែលអឺរ៉ុប​នាំ​ចូលមកកម្ពុជា​វិញ​ប្រមាណ១ពាន់លាន​ដុល្លារអាមេរិក។ ក្នុងចំណោម​ការនាំចេញ​សរុប​របស់​កម្ពុជាទៅកាន់​សហភាព​អឺរ៉ុប​នៅឆ្នាំ២០១៩ គឺរហូតដល់​ទៅ ៩៨% ទទួលបាន​ការអនុគ្រោះពន្ធ EBA។ អឺរ៉ុប ក៏ជាដៃគូ​ពាណិជ្ជកម្ម​ធំបំផុតទី​២​របស់​កម្ពុជា​ផងដែរ បន្ទាប់ពី​ប្រទេសចិនផងដែរ៕

អត្ថបទទាក់ទង