សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត
“សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១” ត្រូវបានគណៈរដ្ឋមន្រ្តីប្រជុំអនុម័តហើយ នៅព្រឹកថ្ងៃទី ២៣ តុលានេះ។ គម្រោងថវិការជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែដោយសារតែវិបត្តិដែលបណ្តាលមកពីជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩បាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់និងពិភពលោក។ ចំណែកកម្ពុជា ក៏មិនអាចគេចរួចពីវិបាកអាក្រក់ទាំងនេះដែរ ហើយបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺនេះ ដែលតម្រូវអោយរដ្ឋាភិបាលកម្ពុជាកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានគណៈរដ្ឋមន្ត្រីប្រជុំអនុម័តនៅថ្ងៃទី ២៣ តុលានេះ។
លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនអាចប្រាប់ពីគម្រោងថវិការជាតិដែលរដ្ឋាភិបាលកម្ពុជាត្រូវចំណាយនៅឆ្នាំ២០២១នៅឡើយទេ ដរាបណារដ្ឋសភាមិនទាន់អនុម័ត។ ប៉ុន្តែយ៉ាងណាក្តី ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងកាត់បន្ថយថវិការជាតិជាងពាក់កណ្តាល ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ នេះបើយោងតាមសារាចរណែនាំស្ដីពីការរៀបចំផែនការ យុទ្ធសាស្ត្រថវិកាឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ០៩ មិថុនា។ តាមរយៈសារាចរណែនាំនេះ ថវិកាដែលរដ្ឋាភិបាលគ្រោងចំណាយក្នុងឆ្នាំ២០២១ ឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ មានទំហំប្រហាក់ប្រហែលគ្នាគឺប្រមាណជាង៣,៧ពាន់លានដុល្លារសម្រាប់ឆ្នាំនីមួយៗ។ ហើយវិស័យដែលរងការកាត់បន្ថយចំណាយខ្លាំងជាងគេ រួមមាន វិស័យសង្គមកិច្ច វិស័យរដ្ឋបាលទូទៅ វិស័យសេដ្ឋកិច្ច និងវិស័យការពារជាតិ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជាដើម។
សូមបញ្ជាក់ថា ថវិកាជាតិសម្រាប់ចំណាយនៅក្នុងឆ្នាំ២០២០ មានជាង៨,២ពាន់លានដុល្លារ ហើយថវិកាជាតិសម្រាយចាយក្នុងឆ្នាំ២០១៩ មានជាង៦,៧ពាន់លានដុល្លារ។ យ៉ាងណាក្តី តាមរយៈសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលត្រូវបានផ្សព្វផ្សាយដោយលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅថ្ងៃទី ២៣ តុលានេះ បានអះអាងថា រដ្ឋាភិបាលបានសន្សំថវិកាបានចំនួន៩១៨លានដុល្លារ ពីការកាត់បន្ថយចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០២០ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ១៩មក៕