គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៤១ នឹង ចាប់ផ្តើមបើការដ្ឋានស្ថានបនានៅឆ្នាំក្រោយនេះ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ៤១ នឹងចាប់ផ្តើមបើកការដ្ឋានស្ថាបនាជាផ្លូវការនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដោះស្រាយលើបញ្ហារងគ្រោះ និងបង្ករឡើងដោយគ្រោះទឹកជំនន់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងពិធីចុះត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ ៤១ ដែលកំពុងដែលលិចលង់ដោយទឹកជំនន់កាលពីម្សិលមិញនេះ ឱ្យដឹងថា រដ្ឋនឹងបើកការដ្ឋានលើកកម្ពស់ផ្លូវជាតិលេខ៤១នេះ នៅឆ្នាំក្រោយ ដោយក្រាលជាកៅស៊ូ AC រួមជាមួយនឹងការដាក់ប្រឡាយឱ្យធំជាងមុន។
លោកថ្លែងថា “ដូច្នេះឆ្នាំក្រោយលែងលិចហើយ។ ហើយចំពោះផ្លូវផ្សេងទៀត យើងកំពុងដោះស្រាយបញ្ហាចំពោះមុខ ដូចជាទប់មិនឱ្យទឹកហូរកាត់ផ្លូវ ហើយផ្លូវដែលដាច់យើងនឹងចុះវាយតម្លៃជាថ្មី និងជួសជុល ដើម្បីធ្វើឱ្យលែងលិចនៅឆ្នាំក្រោយ”។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចឱ្យសាងសង់ និងលើកកម្ពស់ផ្លូវជាតិចំនួន៣គម្រោងទៀត រួមមាន ផ្លូវលេខ៤១ តភ្ជាប់ពីផ្លូវលេខ៤ ទៅកំពត, ផ្លូវលេខ៣១ និងផ្លូវលេខ៣៣ នៅខេត្តកំពតផងដែរ។ សម្តេចតេជោបញ្ជាក់ថា គម្រោងទាំងនេះ នឹងសុំខ្ចីថវិកាពីរដ្ឋាភិបាលចិន។
បើតាមគម្រោង រដ្ឋាភិបាលកម្ពុជា នឹងចុះហត្ថលេខាលើគម្រោងកម្ចីថវិការពីរដ្ឋាភិបាលចិនអាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០នេះ។ ប៉ុន្តែទោះជាយ៉ាងក៏ដោយ គេមិនទាន់ដឹងពីទំហំថវិកាដែលនឹងត្រូវផ្តល់ឱ្យកម្ពុជាពីសំណាក់ភាគីចិននៅឡើយនោះទេ៕