សារព័ត៌មានមហាខ្មែរ

ត្រូវតែមានទំាងអស់!អាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ត្រូវមានវិញ្ញាបនបត្រ ឬអាជ្ញាប័ណ្ណ

38

អាជីវកម្មគ្រប់វិស័យទាំងអស់នៅក្នុងប្រទេសកម្ពុជា សុទ្ធតែត្រូវចុះបញ្ជី និងបង់ពន្ធតាមច្បាប់កំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ក្រឡេកមកមើលអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក៏តម្រូវឱ្យមានការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈ ឬអាជ្ញាប័ណ្ណអាជីវកម្ម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមុនសិនផងដែរ។

សេវាកម្មវាយតម្លៃ គឺជាសេវាកម្មដែលធ្វើការវាយតម្លៃ ដើម្បីកំណត់តម្លៃលើទ្រព្យ និងអត្ថប្រយោជន៍ផ្សេងៗ ដែលតាំងនៅ ឬភ្ជាប់នឹងទ្រព្យនោះ។ ចំណែកឯ សេវាកម្មអចលនវត្ថុ ចែកចេញជា ២ គឺ សេវាកម្មភ្នាក់ងារអចលនវត្ថុ និងសេវាកម្មគ្រប់គ្រងអចលនវត្ថុ។

សេវាកម្មភ្នាក់ងារអចលនវត្ថុ ជាការផ្តល់សេវាពាក់ព័ន្ធនឹងការទិញ-លក់ និងជួលលើដី អគារ និងសំណង់ជាដើម។ ចំពោះសេវាកម្មគ្រប់គ្រងអចលនវត្ថុវិញ សំដៅដល់ធ្វើការគ្រប់គ្រង ត្រួតពិនិត្យ និងធ្វើប្រតិបត្តិការជួលលើអចលនវត្ថុទាំងឡាយណា ក្នុងនាម និង/ឬជំនួសម្ចាស់កម្មសិទ្ធិនៃអចលនវត្ថុនោះ ដែលមានលក្ខណៈដូចជា អគារស្នាក់នៅរួម បុរី អគារសហកម្មសិទ្ធិ (ខុនដូជាដើម) និងអគារ ឬអគារពាណិជ្ជកម្ម។
ដោយឡែក ការគ្រប់គ្រងនេះ មិនរាប់បញ្ចូលការគ្រប់គ្រងអចលនវត្ថុដែលត្រូវធ្វើអាជីវកម្មដូចជា៖ សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ កំពង់ផែ កន្លែងវាយកូនគោល ការដ្ឋានយកថ្ម រោងភាពយន្ត ពហុកីឡាដ្ឋាន មជ្ឍមណ្ឌលកីឡា និងមន្ទីរពេទ្យ នោះទេ។

រូបវ័ន្តបុគ្គល ដែលចង់បើកអាជីវកម្មផ្តល់សេវាវាយតម្លៃ ឬសេវាកម្មអចលនវត្ថុ ត្រូវដាក់ពាក្យស្នើសុំវិញ្ញាបនបត្រវិជ្ជាជីវៈវាយតម្លៃ ឬវិញ្ញាបនបត្រវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុ ទៅតាមប្រភេទអាជីវកម្មរបស់ខ្លួន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ្ញវត្ថុ។ បន្ទាប់ពីទទួលបានវិញ្ញាបនបត្រ រូបវ័ន្តបុគ្គលទាំងនេះ នឹងក្លាយជា អ្នកជំនាញវាយតម្លៃ ឬអ្នកជំនាញភ្នាក់ងារអចលនវត្ថុ។

ដូចគ្នានេះដែរ ក្រុមហ៊ុន ដែលមានបំណងប្រកបវិជ្ជាជីវៈផ្តល់សេវាវាយតម្លៃ ឬសេវាកម្មអចលនវត្ថុ ត្រូវដាក់ពាក្យស្នើសុំអាជ្ញាបណ្ណវាយតម្លៃ ឬអាជ្ញាបណ្ណភ្នាក់ងារអចលនវត្ថុ ឬអាជ្ញាបណ្ណគ្រប់គ្រងអចលនវត្ថុ ទៅតាមប្រភេទអាជីវកម្មរបស់ខ្លួន ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ្ញវត្ថុ ជាមុនសិន។ ក្រោយពីទទួលបានអាជ្ញាបណ្ណអាជីវកម្ម ក្រុមហ៊ុនទាំងនេះ នឹងក្លាយជាក្រុមហ៊ុនវាយតម្លៃ ឬក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ឬក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុ។

គួរបញ្ជាក់ថា រាល់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មផ្តល់សេវាវាយតម្លៃ ឬសេវាកម្មអចលនវត្ថុ ដែលធ្វើអាជីវកម្ម ដោយមិនបានសុំច្បាប់អនុញ្ញាត នឹងត្រូវទទួលពិន័យជាទឹកប្រាក់ចំនួន ៥ លានរៀល។ នេះបើតាមគោលការណ៍ ដែលមានចែងនៅក្នុងប្រកាសលេខ៦៣៦ សហវ.ប្រក ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

អត្ថបទទាក់ទង