អត្រាកំណើននាំចេញពីកម្ពុជាទៅទីផ្សារអាមេរិករយៈពេល៨ខែឆ្នាំនេះកើនខ្ពស់គួរឲ្យកត់សំគាល់
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិករយៈពេល៨ខែឆ្នាំ២០២០នេះ បានកើនឡើងក្នុងអត្រាខ្ពស់គួរឲ្យកត់សំគាល់។
យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល៨ខែឆ្នាំ២០២០នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបានក្នុងអត្រាកំណើនដល់ទៅ២២%ជាអត្រាកំណើនខ្ពស់គួរឱ្យកត់សំគាល់បើគិតក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។
យោងតាមតួលេខ រយៈពេល៨ខែឆ្នាំនេះ ការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកសម្រេចបានក្នុងទឹកប្រាក់ចំនួនជាង៤០៩៦លានដុល្លារដោយបានកើនឡើងទឹកប្រាក់ពីចំនួន៣៣៥៨លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។
សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២សំរាប់កម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិកបានស្រូបយករង្វង់២៥%នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេស។ ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្ម នៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ (GSP) ធ្វើឲ្យកម្ពុជា អាចនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញ ចំនួនជាង៥០០០មុខ។ នៅក្រោមប្រព័ន្ធអនុគ្រោះ GSP ប្រទេសកម្ពុជា បាននាំទំនិញសម្រាប់ការធ្វើដំណើរ ដែលមានតម្លៃជិត១ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៩៕