ក្រសួងពាណិជ្ជកម្ម ចេញរបាយការណ៍ថ្នាក់ជាតិ ស្តីពីកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់នៅប្រទេសកម្ពុជា
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) បានធ្វើការផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពីកម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន នៅប្រទេសកម្ពុជា និងគម្រោងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអាល្លឺម៉ង់។
ថ្លែងក្នុងពីធីនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ជាប្រធានបទមួយថ្មី និងមានលក្ខណៈក្មេងខ្ចីនៅឡើយ បើធៀបជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការជំរុញការយល់ដឹងឱ្យបានទូលំទូលាយ និងបង្កើតឱ្យមានច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ គម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» នេះ, អគ្គនាយកដ្ឋាន ក.ប.ប. បានទទួលនូវការគាំទ្រផ្នែកបច្ចេក ទេស និងហិរញ្ញវត្ថុ ដើម្បីរៀបចំការស្ទង់មតិថ្នាក់ជាតិស្តីពី «កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា»។
យោងតាមរបាយការណ៍បឋមនៃការស្ទង់មតិនេះ ពិតមែនតែគំរូសរុបចំនួន ២០០គំរូ មានលក្ខណៈតិចតួចក្នុងការតំណាងឱ្យអ្នកប្រើប្រាស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែត្រូវបានជ្រើសរើសចម្រុះចេញពី ស្ត្រីនិងបុរស អ្នកប្រើប្រាស់នៅទីក្រុងនិងជនបទ នៅរាជធានី ខេត្ត ចំនួន៤ គឺរាជធានីភ្នំពេញ សៀមរាប បាត់ដំបង និងកំពង់ចាម ដែលគ្របដណ្តប់លើភូមិសាស្ត្រសំខាន់ៗ។ ផលិតផលចុងក្រោយរបស់ការស្ទង់មតិនេះ គឺផលិតចេញនូវរបាយការណ៍ថ្នាក់ជាតិមួយស្តីពី «កម្រិតយល់ដឹងរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា»។
លោករដ្ឋមន្ត្រី បន្តថា អង្គការ GIZ បានផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ប្រទេសកម្ពុជា ជាច្រើនឆ្នាំមកហើយ ដែលបង្ហាញពីការចូលរួមចំណែករបស់រដ្ឋាភិបាលអាល្លឺម៉ង់ តាមរយៈកិច្ចសហប្រតិបត្តិការរវាងអន្តររដ្ឋាភិបាលអាល្លឺម៉ង់ និងកម្ពុជា ដើម្បីធ្វើឱ្យប្រសើរឡើងកិច្ចការអភិវឌ្ឍក្នុងវិស័យជាអាទិភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្រោមការគាំទ្រក្នុងគម្រោងថ្មីនេះ គឺគម្រោង «ការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន» ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍអាល្លឺម៉ង់ អនុវត្តដោយអង្គការ GIZ មានរយៈពេល ៣ឆ្នាំ ដែលបន្តរហូតដល់ឆ្នាំ២០២២ មានគោលបំណងសំខាន់ គឺដើម្បីពង្រឹងប្រព័ន្ធកិច្ចការពារអ្នកប្រើប្រាស់ក្នុងតំបន់អាស៊ាន ហើយផ្តល់ការគាំទ្រដល់ប្រទេសជាសមាជិកអាស៊ាន។
លោករដ្ឋមន្ត្រី ក៏បានគាំទ្រ និងណែនាំឱ្យអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម ជាពិសេសអគ្គនាយកដ្ឋាន ក.ប.ប. បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងអង្គការ GIZ ដែលជាដៃគូអភិវឌ្ឍន៍យូរឆ្នាំ និងស្មោះត្រង់ ដើម្បីអនុវត្តគម្រោងនេះ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី គាំទ្រការប្រើប្រាស់របាយការណ៍នេះ ជាឯកសារមូលដ្ឋានក្នុងកិច្ចការពារអ្នកប្រើប្រាស់, ជំនួយស្មារតីក្នុងការឆ្លុះបញ្ចាំង និងការលើកកម្ពស់ចំណេះដឹងសាធារណៈ និងសម្រាប់រៀបចំផែនការឆ្លើយតបនឹងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា៕