ប្រទេសស្ហ៊ីបលុបចោលនយោបាយ ផ្តល់លិខិតឆ្លងដែនដោយការប្រើប្រាក់វិនិយោគ
ប្រទេសស្ហ៊ីប ដែលជាកោះស្ថិតក្នុងសមុទ្រម៉េឌីទែរ៉ាណេ និងជាប្រទេសសមាជិកសហភាពអឺរ៉ុប ត្រូវបានគេស្គាល់ថា គឺជាប្រទេសដែលមានគោលនយោបាយ ផ្តល់លិខិតឆ្លងដែនដល់ជនបរទេសណា ដែលហ៊ានចំណាយប្រាក់វិនិយោគ ក្នុងប្រទេសនេះ ចាប់ពី២លាន៥សែនអឺរ៉ូឡើងទៅ។ ក៏ប៉ុន្តែ កាលពីថ្ងៃអង្គារទី១៣តុលានេះ រដ្ឋាភិបាលប្រទេសនេះ បានប្រកាសថានឹងលុបចោលគោលនយោបាយនេះ ចាប់ពីខែវិច្ឆិកាទៅ។ ការសម្រេចនេះ គឺបន្ទាប់ពីមានការផ្សាយវីដេអូឯកសារមួយ របស់ទូរទស្សន៍ Al Jazeera ដែលលើកឡើងពីភាពមិនប្រក្រតីក្នុងនីតិវិធី ព្រមទាំងករណីពុករលួយ របស់មន្ត្រីរដ្ឋការប្រទេសនេះផងដែរ។
ទូរទស្សន៍ Al Jazeera បានផ្សាយវីដេអូឯកសារមួយ នៅថ្ងៃចន្ទ ទី១២តុលា ស្តីអំពីគោលនយោបាយផ្តល់លិខិតឆ្លងដែនប្រទេសស្ហ៊ីប (Chypre/Cyprus) ទៅឲ្យជនបរទេស មហាសេដ្ឋីដែលមានប្រាក់ចំណាយវិនិយោគ។ នៅក្នុងវីដេអូឯកសារនោះ អ្នកកាសែតរបស់ទូរទស្សន៍ Al Jazeera បានបន្លំខ្លួន ធ្វើជាអ្នកតំណាង របស់អ្នកមានស្តុកស្តម្ភម្នាក់ ដែលចង់បានលិខិតឆ្លងដែនស្ហ៊ីប តែអ្នកមាននោះ គឺជាឧក្រិដ្ឋជន។ ទោះជាយ៉ាងនេះក្តី ទាំងមេធាវី ទាំងបុគ្គលិកអចលនៈទ្រព្យ ព្រមទាំងមន្ត្រីអាជ្ញាធរប្រទេសស្ហ៊ីប បានធានាថានឹងជួយសម្រួល ដើម្បីឲ្យជននោះអាចទទួលបានលិខិតឆ្លងដែន។
វីដេអូឯកសារនេះ បានបង្ហាញពីការពាក់ព័ន្ធសកម្មភាពស៊ីសំណូក របស់លោកប្រធានសភាស៊្ហ៊ីប ព្រមទាំងតំណាងរាស្រ្តម្នាក់ផងដែរ។ តែបុគ្គលមានអំណាចទាំង២នាក់នេះ បានឆ្លើយបដិសេធ ថាគ្មានពាក់ព័ន្ធទេ។ ស្រាប់តែប៉ុន្មានម៉ោងក្រោយការផ្សាយវីដេអូឯកសារនេះ នៅថ្ងៃអង្គារទី១៣តុលា រដ្ឋាភិបាលស្ហ៊ីបបានសម្រេច លុបចោលគោលនយោបាយផ្តល់លិខិតឆ្លងដែន ដោយការចំណាយប្រាក់វិនិយោគនេះ ចាប់ពីថ្ងៃទី១វិច្ឆិកាតទៅ។ នេះបើផ្អែកតាមការបញ្ជាក់ពីលោក Kyriacos Koushos អ្នកនាំពាក្យរដ្ឋាភិបាល។ ចំណែកលោក Demetris Syllouris ប្រធានសភាស្ហ៊ីបវិញ ក៏បានប្រកាស លាលែងចេញពីមុខងារដែរ។
សូមបញ្ជាក់ថា គោលនយោបាយផ្តល់លិខិតឆ្លងដែនដល់អ្នកវិនិយោគ របស់រដ្ឋាភិបាលប្រទេសស្ហ៊ីបនេះ គឺត្រូវបានអនុវត្តចាប់ពីឆ្នាំ២០០៧។ ចាប់ពីឆ្នាំ២០១៣មក គោលនយោបាយនេះ បានទទួលការពេញនិយមជាខ្លាំង ពីសំណាក់មហាសេដ្ឋីមកពីរុស្ស៊ី និងមកអាស៊ី ដែលចង់បានលិខិតឆ្លងដែនអឺរ៉ុបកាន់។ អ្នកដែលចង់បាន គឺអាចចំណាយប្រាក់ តែ២លាន៥សែនអឺរ៉ូ ក្រោមរូបភាព ជាការទិញអចលនៈទ្រព្យ ដីឬផ្ទះវីឡា នៅលើកោះស្ហ៊ីប ជាការស្រេច។
គិតមកត្រឹមពេលនេះ រដ្ឋស្ហ៊ីបបានប្រមូលប្រាក់ ប្រមាណ៧ពាន់លានអឺរ៉ូ តាមរយៈគោលនយោបាយនេះ។ ក៏ប៉ុន្តែសហភាពអឺរ៉ុប ធ្លាប់បានក្រើនរំលឹករដ្ឋាភិបាលស្ហ៊ីបជាច្រើនដងមកហើយ ថាគោលនយោបាយលក់លិខិតឆ្លងដែននេះ គឺវាអាចបើកផ្លូវឲ្យឧក្រិដ្ឋជនបរទេស អាចចូលមកក្នុងសហភាពអឺរ៉ុប ព្រមទាំងបង្កើនការលាងលុយក្រខ្វក់ផងដែរ។
គួរកត់សំគាល់ថា ក្រៅពីប្រកាសលុបចោលគោលនយោបាយនេះ រដ្ឋាភិបាលស្ហ៊ីប ក៏បានបញ្ជាក់ឲ្យដឹងដែរថា នឹងពិនិត្យមើលឡើងវិញ ទៅលើលិខិតឆ្លងដែនចំនួនប្រមាណ៤០០០ ដែលត្រូវបានប្រគល់រួចហើយ។ ដោយឡែកកាលពីសប្តាហ៍កន្លងទៅ អាជ្ញាធរស្ហ៊ីបបានសម្រេចដកហូត លិខិតឆ្លងដែនចំនួន៧ ពីជនបរទេស ដែលទទួលបានវា ដោយគោលនយោបាយពិសេសនេះ៕ ប្រភព៖ RFI