រដ្ឋបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យខណៈចំណូលពន្ធត្រីមាសទី៣ កើនដល់ជាង២ពាន់លានដុល្លារ
អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការប្រមូលពន្ធអចលនទ្រព្យ ឱ្យបានកាន់តែហ្មត់ចត់ ខណៈចំណូលពីការប្រមូលពន្ធសរុបប្រចាំត្រីមាសទី ៣ កើនឡើងដល់ទៅជាង ២ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលពន្ធប្រចាំត្រីមាសទី ៣ ដែលចេញផ្សាយកាលពីថ្ងៃទី ១២ តុលា នេះ។
របាយការណ៏ដដែល បានឱ្យដឹងថា សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០២០ ចំណូលពន្ធ-អាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានដល់ទៅ ២ ២២៥,៩៥ លានដុល្លារអាមេរិក ឬស្មើនឹង៧៨,១% នៃផែនការប្រចាំឆ្នាំ។ តួរលេខនេះ គឺកើនឡើងប្រមាណជាង ៨០ លានដុល្លារ ឬ ៣,៧១% បើប្រៀបធៀបទៅនឹងត្រីមាសក្នុងឆ្នាំ ២០១៩។
ទោះបីមានការកើនឡើងក្ដី អគ្គនាយកដ្ឋានពន្ធដារ ក៏បានបេជ្ញានឹងបន្តពង្រឹងការផ្ដល់សេវាបង់ពន្ធអចលនទ្រព្យ សេវាចុះបញ្ជីថ្មី ការធ្វើបច្ចុប្បន្បភាពអចលបទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិអចលនទ្រព្យទូទាំងប្រទេស ដោយសហការជាមួយម្ចាស់អចលនទ្រព្យ និងស្ថាប័នពាក់ព័ន្ធឱ្យបានស្អិតរមួតជាងមុន។
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារក៏នឹងបន្តផ្សព្វផ្សាយដល់អ្នកជាប់ពន្ធ នឹងបណ្ដុះបណ្ដាលមន្រ្តី អំពីការប្រមូលពន្ធលើចំណេញមូលធន ដែលនឹងត្រូវអនុវត្តចាប់ពីខែ មករា ឆ្នាំ ២០២១ ខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា ដើម្បីជួយសម្របសម្រួលដល់អ្នកជាប់ពន្ធ អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលថ្ងៃផុតកំណត់បង់ពន្ធអចលនទ្រព្យពីថ្ងៃទី ៣០ ខែកញ្ញា ទៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០។