ប្រទេសចិនបន្តធ្វើជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសកល ខណៈដែលពិភពលោកកំពុងញាំញីដោយកូវីដ១៩?
នៅថ្ងៃអង្គារ ទី១៣ តុលា ឆ្នាំ ២០២០ អគ្គនាយកដ្ឋានគយចិនបានផ្សព្វផ្សាយស្ថិតិមួយស្តីពីស្ថានភាពវិស័យនាំចេញ និងវិស័យនាំចូលនាខែកញ្ញាកន្លងទៅ។ ស្ថិតិបានឲ្យដឹងថា បើគិតតាំងពីដើមឆ្នាំ ២០២០ ការនាំចូលមានការកើនឡើងគួរឲ្យកត់សម្គាល់សម្រាប់ខែកញ្ញា។ ចំណែកការនាំចេញវិញក៏មានសន្ទុះកើនឡើងដែរ។ ដោយឡែក និងអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺតួលេខស្តីពីការដោះដូរពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលជាមហាអំណាចសេដ្ឋកិច្ចទី១ និងទី២ ក្នុងលោក។ ខុសពីអ្វីដែលប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំចង់បាន ផលលើសពាណិជ្ជកម្មរវាងចិន និងអាមេរិកបន្តកើនឡើង ពោលទំនិញចិននាំទៅអាមេរិកនៅតែច្រើនជាងទំនិញអាមេរិកនាំទៅចិនដែលគិតជាទឹកប្រាក់កើន ៣០ ៧៥០លានដុល្លារក្នុងខែកញ្ញា។
ផលលើសពាណិជ្ជកម្មរវាងចិន និងអាមេរិកបន្តកើនឡើងជាដំណឹងល្អសម្រាប់ចិន តែមិនល្អសម្រាប់អាមេរិក ពិសេសរូបប្រធានាធិបតីលោកដូណាល់ ត្រាំដែលការរៀបចំបោះឆ្នោតប្រធានាធិបតីឈានចូលជិតមកដល់ និងដែលលោកត្រាំបានឈរឈ្មោះអាណត្តិថ្មី។ គឺផលលើសពាណិជ្ជកម្មដែលជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់លោកត្រាំលើចិន ហើយគឺផលលើសពាណិជ្ជកម្មដែលជាដើមចមនៃសង្រ្គាមពាណិជ្ជកម្មរវាងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីតោនមកដល់សព្វថ្ងៃ។ អ្វីដែលលោកត្រាំចង់បាន គឺចង់ឃើញផលលើសពាណិជ្ជកម្មរវាងចិន និងអាមេរិកមានសមភាព ពោលសមភាពនៅក្នុងការដោះដូរពាណិជ្ជកម្មរវាងចិន និងអាមេរិក។
ត្រង់ចំណុចនេះ លោកត្រាំចង់ឃើញចិនទិញផលិតផលអាមេរិកបន្ថែមទៀត។ ក្នុងខែមករាដើមឆ្នាំ ២០២០ ពោលមុនពេលពិភពលោកធ្លាក់ចូលក្នុងវិបត្តិកូវីដ១៩ អាមេរិក និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលចិនបានសន្យាទិញផលិតផលអាមេរិកបន្ថែមសម្រាប់ទឹកប្រាក់ ២០០ ០០០លានដុល្លារក្នុងរយៈពេល ២ឆ្នាំ។ តែទោះជាយ៉ាងនេះក្តី ផលលើសពាណិជ្ជកម្មរវាងចិន និងអាមេរិកនៅបន្តកើនឡើងដែលគិតជាទឹកប្រាក់មាន ៣០ ៧៥០លានដុល្លារក្នុងខែកញ្ញា។ តែកំណើននេះធ្លាក់ចុះបន្តិច បើធៀបនឹងខែសីហាដែលមាន ៣៤ ២៤០លានដុល្លារ មានកត្តាមួយចំនួនដែលអាចបញ្ជាក់លើកំណើននេះ តែសំខាន់ គឺវិបត្តិកូវីដ១៩។
វិបត្តិកូវីដ១៩ បានធ្វើឲ្យសង្វាក់ផលិតកម្មសកលជាប់គាំងសឹងតែទាំងស្រុងតាមរយៈវិធានការបិទខ្ទប់របស់រដ្ឋាភិបាលនៃប្រទេសជាច្រើនដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។ តែគេមិនត្រូវភ្លេចនិយាយទេថា ចិនដែលជាប្រទេសធ្លាក់ក្នុងកូវី១៩ មុនគេក៏បានងើបផុតពីកូវីដ១៩ មុនគេដែរ។ អ៊ីចឹងហើយបានជាសព្វថ្ងៃនេះ រោងចក្រ សហគ្រាសនៅចិនអាចដំណើរការផលិតកម្មដូចមុន ខណៈដែលប្រទេសជាច្រើន ពិសេសអាមេរិកកំពុងងើបខ្លួនមិនរួចពីកូវីដ១៩។ ដូច្នេះអាមេរិកគ្មានជម្រើសអ្វីផ្សេងក្រៅពីបន្ត និងបង្កើនទិញផលិតផលពីចិននៅពេលនេះ។
ម៉ាស និងសម្ភារៈបរិក្ខារពេទ្យជាផលិផលដែលចិននាំចេញច្រើន៖ បើនិយាយជារួម ផលិតផលចិនមិនមែនសម្រាប់ផ្គត់ផ្គត់ឲ្យតែអាមេរិកមួយទេ ពោលសម្រាប់ពិភពលោកទាំងមូល។ ចូរកុំភ្លេចថាក្រៅតែពីចិនដែលបានងើបផុតពីកូវីដ១៩ សឹងតែទាំងស្រុង មានប្រទេសជាច្រើនទៀតកំពុងបន្តរុំាំរ៉ៃងើបមិនរួច និងហាក់កំពុងធ្លាក់ចូលក្នុងកូវីដ១៩ ជាលើកទី២ ទៀតផង ពិសេសអាមេរិក និងប្រទេសនៅអឺរ៉ុប។ ប្រឈមនឹងការឆ្លងរាលដាលកូវីដ១៩ អាមេរិក និងប្រទេសអឺរ៉ុបនៅមិនទាន់អាចបន្តសង្វាក់ផលិតកម្មរបស់ខ្លួនដូចមុនពេលផ្ទុះកូវីដ១៩ បាននៅឡើយទេ។ គឺមានតែបង្កើនការនាំចូលពីក្រៅទើបអាចផ្គង់ផ្គង់តម្រូវការរបស់ខ្លួនបាន។ ខណៈដែលសមត្ថភាពផលិតកម្មនៅក្នុងប្រទេសគូប្រជែងផ្សេងកំពុងជួបភាពរអាក់រអួល ចិនបានឆក់ឱកាសក្រសោបយកទីផ្សារនៅសឹងគ្រប់ផ្នែកទាំងអស់។
ម៉ាស និងសម្ភារៈបរិក្ខារពេទ្យជាផលិតផលតារាដែលចិនលក់បានលុយរាប់សិបម៉ឺនលានដុល្លារក្នុងសម័យកូវីដ១៩ រហូតមានការលើកឡើងថា ចិនបានយកម៉ាស និងសម្ភារៈបរិក្ខារពេទ្យធ្វើជាឧបករណ៍ការទូត។ វិបត្តិកូវីដ១៩ បានធ្វើឲ្យចិនប្រែក្លាយរោងចក្រជាច្រើន ពិសេសរោងចក្រផលិតសម្លៀកបំពាក់ទៅជារោងចក្រផលិតម៉ាស និងសម្ភារៈបរិក្ខារពេទ្យ។ ក្នុងសម័យកូវីដ១៩ ចិនមានលុយច្រើនដោយគ្រាន់តែផលិតម៉ាស និងសម្ភារៈបរិក្ខារពេទ្យលក់ ហើយចរន្តមួយនេះអាចនឹងបន្តមានជាច្រើនខែទៅមុខទៀត។ តាមស្ថិតិរបស់អគ្គនាយកដ្ឋានគយចិន វិស័យនាំចេញបានកើន ៩,៩% ក្នុងខែកញ្ញា។ តែទន្ទឹមនឹងសន្ទុះកំណើននាំចេញ វិស័យដឹកជញ្ជូន និងវិស័យទេសចរណ៍កំពុងមានដំណើររអាក់រអួល។ ភាពរអាក់រអួលនៅក្នុងវិស័យទាំងពីរនេះមាននៅគ្រប់ប្រទេសទាំងអស់ ពោលមិនមែនមានតែចិនមួយទេ។
ទន្ទឹមនឹងកំណើននាំចេញ ចិនក៏មានកំណើននាំចូល៖ ពិភពលោកត្រូវការចិនជារឿងចៀសមិនរួច តែចិនក៏មិនអាចអត់ពិភពលោកបានដែរ។ ទន្ទឹមនឹងនាំទំនិញចេញ ចិនក៏ទិញទំនិញពីបរទេសយ៉ាងច្រើនសម្បើមដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ ក្នុងខែកញ្ញា វិស័យនាំចូលចិនមានកំណើន ១៣,២%។ អគ្គនាយកដ្ឋានគយមិនបានបញ្ជាក់ពីមុខទំនិញដែលចិនបានទិញពីបរទេសទេ តែអ្នកវិភាគលោក Stephen Innes បានយល់ឃើញថា ផលិតផលបច្ចេកវិទ្យាអាចជាផលិតផលដែលចិនបានទិញក្នុងបរិមាណច្រើន ពិសេសមុនពេលចូលជាធរមាននូវទណ្ឌកម្មអាមេរិក។ គួរបញ្ជាក់ថាតាំងពីថ្ងៃទី១៥ កញ្ញាមក ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei មិនអាចទិញបច្ចេកវិទ្យារបស់អាមេរិកដើម្បីបំពាក់លើផលិតផលរបស់ខ្លួនបានទៀតឡើយ។
ដូច្នេះជាការបង្ការទុកមុន ចិនបានបង្វែរបង្កើនការទិញស្តុកពីប្រទេសផ្សេង។ ក្នុងបរិបទដដែលនេះ ចិនក៏បាននាំចូលយ៉ាងច្រើនសម្បើមនូវផលិផលរ៉ែដែក និងឈីប នេះជាការលើកឡើងរបស់អ្នកវិភាគលោក Tommy Xie។ ចំណែកអ្នកវិភាគម្នាក់ទៀតលោក Julian Evans-Pritchard បានបញ្ជាក់ថា ចិនបានទិញយ៉ាងច្រើននូវផលិតផលកសិកម្ម បន្ទាប់ពីចិនបានរងគ្រោះទឹកជំនន់នាដើមរដូវក្តៅ។ យ៉ាងណាក៏ដោយ និងបើគេនិយាយជារួម សេដ្ឋកិច្ចចិនហាក់កំពុងងើបឡើងវិញបន្តិចម្តងៗ។ ផលិតផលសរុបក្នុងស្រុកនៅត្រីមាសទី២ បានកើន ៣,២% បន្ទាប់ពីបានធ្លាក់ចុះ ៦,៨% នៅត្រីមាសទី១។ មានការឯកភាពដូចគ្នាថា ចិនដែលបានធ្លាក់ក្នុងកូវីដ១៩ មុនគេ និងងើបចេញពីកូវីដ១៩ មុនគេ គឺជាប្រទេសដែលនឹងមានសន្ទុះកំណើនសេដ្ឋកិច្ចខ្លាំងមុនគេ៕ ប្រភព៖ RFI