អ្នកវិភាគ៖EBAរបស់អឺរ៉ុប និងFTAរបស់ចិនសុទ្ធតែមានសារៈសំខាន់ខ្លាំងដូចគ្នាសម្រាប់កម្ពុជា
ម្សិលមិញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងកម្ពុជា និងចិនត្រូវបានចុះហត្ថលេខាជាផ្លូវការហើយក្រោមវត្តមានលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និង លោកវ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចព្រមព្រៀងFTAជាប្រវត្តិសាស្រ្តជាមួយចិន ដោយអះអាងថា ប្រព័ន្ធអនុគ្រោះពន្ធEBAអាចបាត់បង់នៅថ្ងៃណាមួយ តែកិច្ចព្រមព្រៀងFTAជាមួយចិននេះ គឺនៅជារៀងរហូត។ ប៉ុន្តែ អ្នកវិភាគនៅកម្ពុជាមើលឃើញថា កិច្ចព្រមព្រៀងទាំងពីរនេះសុទ្ធតែមានសារៈសំខាន់ដូចគ្នាសម្រាប់ប្រទេសកម្ពុជា។
លោកបណ្ឌិតគិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និង ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីFTAជាមួយចិន សុទ្ធតែមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ដូចគ្នាដល់ប្រទេសកម្ពុជា។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា គេមិនអាចយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីFTAជាមួយចិនមកជំនួសប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបបានទេ។ ដូច្នេះហើយ លោកបណ្ឌិតគិន ភា ចង់ឱ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណារក្សាឱ្យបាននូវកិច្ចព្រមព្រៀងទាំងពីរនេះ ដើម្បីផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា។
ចំណែក លោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ ក៏បានមើលឃើញពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ។ ប៉ុន្តែបើឱ្យប្រៀបធៀបគ្នា លោកថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបផ្តល់ផលប្រយោជន៍ធំជាងដល់ប្រទេសកម្ពុជា។ តាមលោកបណ្ឌិតប៉ា ច័ន្ទរឿន នេះ គឺដោយសារតែប្រព័ន្ធអនុគ្រោះពន្ធEBA គឺជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋជិត១លាននាក់ ហើយអ្នកដែលទទួលបានផលពី EBA នេះ ក៏មានដល់ទៅពី៣ទៅ៥លាននាក់ឯណោះ។ លោកបណ្ឌិតគិន ភា ក៏ឯកភាពដែរក្រោមហេតុផលថា ប្រព័ន្ធអនុគ្រោះពន្ធEBAបានអនុវត្តជាក់ស្តែង ហើយផ្តល់ផលជាក់ស្តែងរួចហើយដល់កម្ពុជា ខណៈ FTAជាមួយចិនទើបតែបានចុះហត្ថលេខា។
សូមជម្រាបជូនថា កាលពីថ្ងៃចន្ទ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរក្រោមវត្តមានលោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោកប៉ាន សូរស័ក្តិ បានអះអាងថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ គឺបង្ហាញពីការរឹតបន្តឹងចំណងទាក់ទងឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសពីរ និងជាគូសបង្ហាញពីព្រឹត្តិការណ៍សំខាន់ថ្មីនៃទំនាក់ទំនងរវាងកម្ពុជា និងចិន។ កិច្ចព្រមព្រៀងនេះ នឹងជួយលើកស្ទូយដល់ភាពជាដៃគូរសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ លោកប៉ាន សូរស័ក្តិ ក៏បានប្តេជាជំរុញឱ្យភាគីទាំងពីរបញ្ចប់នូវនីតិវិធីផ្ទៃក្នុងសំខាន់ៗ ដើម្បីអាចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនអាចអនុវត្តបាននៅដើមឆ្នាំ២០២១។
លោកចុង ស្សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនវិញ បានគូសបញ្ជាក់ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺព្រឹត្តិការណ៍សំខាន់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ លោកថា ប្រទេសចិនបានត្រៀមខ្លួនជានិច្ចក្នុងបន្តសហការយ៉ាងជិតស្និតជាមួយប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរអាចអនុវត្តបានលឿន៕ប្រភព៖ RFI