តើជនបរទេសមានកម្មសិទ្ធិលើអគារសហកម្មសិទ្ធិបានកម្រិតណា?
ដើម្បីជួយសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស”។
តើច្បាប់នេះមានន័យយ៉ាងណា ហើយជនបរទេសមានកម្មសិទ្ធិអគារសហកម្មសិទ្ធិបានត្រឹមកម្រិតណា? អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានកម្មសិទ្ធិករ ឬអ្នក់កាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូមិគ្រឹះ ពាក់កណ្តាលភូមិគ្រឹះ និងប្រភេទផ្ទះផ្សេងទៀតដែលមានរចនាសម្ព័ន្ធជាប់គ្នា។
ជាទូទៅ អគារសហកម្មសិទ្ធិ មានចំណែកខ្លះជាកម្មសិទ្ធិផ្តាច់មុខរបស់សហកម្មសិទ្ធិករហៅថា «ចំណែកឯកជន» និងមានចំណែកខ្លះជាលំហរួម សម្រាប់ការប្រើប្រាស់រួមរបស់កម្មសិទ្ធិករហៅថា «ចំណែករួម»។ ចំណែកឯកជន សំដៅដល់ចំណែកដែលស្ថិតក្រោមការកាន់កាប់ និងប្រើប្រាស់ជាឯកជនផ្តាច់មុខ។ រីឯ ចំណែករួម គឺសំដៅដល់រាល់ចំណែករួមដូចជា ដី ទីធ្លា ជណ្តើរ ដំបូល ឧទ្យាននិងសួនច្បារ ផ្លូវ ច្រកចេញចូល ជញ្ជាំងអឌ្ឍសិទ្ធិ និងទីកន្លែងនៃសេវាកម្មរួមជាដើម។
ដោយសារអគារសហកម្មសិទ្ធិ មានច្រើនចំណែកដូច្នេះ ការកម្រិតសិទ្ធិជារឿងចាំបាច់ ជាពិសេសសម្រាប់ជនបរទេស។ ជនបរទេសដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមផ្លូវច្បាប់ អាចមានកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិបាន ពោលគឺ អាចកាន់កាប់ ទិញ ឬលក់យូនីតណាមួយនៃអគារសហកម្មសិទ្ធិបាន។
ជនបរទេសទាំងនោះ អាចកាន់កាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចាប់ពីជាន់ទី១ ឡើងទៅ។ ជាន់ផ្ទាល់ដី និងជាន់ក្រោមដី ជនបរទេសមិនមានសិទ្ធិកាន់កាប់ឡើយ។ដោយឡែក ពួកគេមិនអាចកាន់កាប់ចំណែករួមនៃអគារសហកម្មសិទ្ធិបានទេ តែមានសិទ្ធិប្រើប្រាស់ ដោយត្រូវគោរពតាមបទបញ្ញត្តិផងដែរ។
ចំណុចសំខាន់មួយទៀតគឹ ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់អគារសហកម្មសិទ្ធិ ក្នុងតំបន់មួយចំនួនដែលកំណត់ដោយរាជរដ្ឋាភិបាល ដូចជាតំបន់ដែលស្ថិតនៅចំងាយ ៣០ គីឡូម៉ែត្រពីព្រំដែនគោកជាដើម។ ប៉ុន្តែ ជនបរទេសអាចទទួលមានសិទ្ធិកម្មក្នុងអគារសហកម្មសិទ្ធិ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ទីប្រជុំសំខាន់ៗ និងតំបន់ផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាល។
លើសពីនេះជនបរទេស គឺមិនមានសិទ្ធិកាន់កាប់ក្បាលដីដែលអគារសហកម្មសិទ្ធិនោះតាំងនៅនោះទេ។ ដោយឡែក សម្រាប់ការជួលវិញ ជនបរទេសអាចជួលជាអចិន្ត្រៃយ៍ដូចពលរដ្ឋខ្មែរដែរ ចំពោះអគារសហកម្មសិទ្ធិដែលសាងសង់នៅលើដីជួលពីបុគ្គលទីបី។