ធនាគារជាតិ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញដល់អតិថិជន ជាង ២៨ម៉ឺននាក់ ដែលជួបការលំបាកដោយសារកូវីដ១៩
បាត់ដំបង៖ មន្ត្រីជំនាញជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ការរៀបចំផ្ដល់ឥណទានឡើងវិញនៅក្នុងកំលុងពេលនៃការរងផលប៉ះពាល់ពីវីរុសកូវីដ១៩ មានសារសំខាន់និងផ្ដល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់អតិថិជន។ នេះជាការលើកឡើងរបស់លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូ របស់ធនាគារជាតិនៃកម្ពុជានៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាដែលរៀបចំធ្វើនៅស្រុកមោងឬស្សី ខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែតុលាឆ្នាំ ២០២០ នេះ។
លោក ម៉ែន ភក្តី បានបញ្ជាក់ឲ្យដឹងទៀតថា ដោយមើលឃើញពីអត្ថប្រយោជន៍នៃការផ្ដល់ឥណទានឡើងវិញសម្រាប់អតិថិជននៅក្នុងកំលុងងពេលកូវីដ១៩នេះកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណ៍ណែនាំមួយស្ដីពីឥណទានរៀបចំឡើងវិញក្នុងគោលបំណងដើម្បីសម្រាលបន្ទុកដល់អ្នកខ្ចីដែលកំពុងប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូរទាង់សង។បជាមួយនេះដែរ ក៏ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងកំលុងពេលកូវីដនេះផងដែរ។
លោកបានពន្យល់ ឲ្យដឹងដែរថា “អ្វីដែលជាអត្ថប្រយោន៍ដែលអតិថិជនយើងទទួលបានទៀតនោះ គឺការផ្ដល់ជូនអតិថិជននូវភាពអនុគ្រោះផ្សេងៗមួយចំនួនទៀតផងដែរដូចជាការពន្យាលពេល និងបញ្ចុះអាត្រាការប្រាក់, ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន, ការពន្យារឥណប្រតិទាន(ពេលសង)និងការបន្ថែមឬការផ្ដាស់ប្ដូរអ្នកខ្ចីនិងអ្នកធានាជាដើម”។
នៅក្នុងការងារនេះ លោកប្រធាននាយកដ្ឋានបានឲ្យដឹងដែរថា៖ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២០ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានធ្វើការរៀបចំឥណទានឡើងវិញដល់អតិថិជនដែលកំពុងជួបប្រទះការលំបាកដោយសារវីរុសកូវីដ១៩បានចំនួនជាង ២៨ម៉ឺននាក់ក្នុងទំហំទឹកប្រាក់ចំនួន៤.៤៣៦,៥១ លានដុល្លារអាមេរិក (១១,៩២% នៃសមតុល្យឥណទានសរុប)។
ដោយឡែកសម្រាប់លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា នៅក្នុងកាលៈទេសៈដ៏លំបាកបណ្តាលមកពីជំងឺកូវីដ១៩ សមាគមបានធ្វើការងារនេះយ៉ាងសកម្មជាមួយសមាជិក និងដៃគូពាក់ព័ន្ធនានា ជាពិសេស ធនាគារជាតិនៃកម្ពុជា ដើម្បី ជួយដល់អតិថិជនដែលរងផលប៉ះពាល់នេះ។ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួនជាង២៧ម៉ឺន៦ពាន់នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ ក្នុងនោះ អតិថិជនចំនួន ជិត២៦ម៉ឺននាក់ស្មើជាង៩៤%នៃអតិថិជនដែលបានស្នើសុំ បានទទួលការអនុញ្ញាតរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបចំនួន១២៦០ លានដុល្លារ។
នៅក្នុងសិក្ខាសាលានេះដែរលោក ម៉ែន ភក្តី បានស្នើសុំដល់អាជ្ញាធរមូលដ្ឋាននិងអ្នកពាន់ពន្ធ័ទាំងអស់ចាំបាច់ត្រូវតែមានការដឹងយល់ឲ្យបានច្បាស់អំពីការងារនិងបញ្ហាផ្សេងៗពាក់ព័ន្ធនឹងវិស័យមីក្រូហិរញ្ញវត្ថុដើម្បីធ្វើជាមូលដ្ឋានសម្រាប់គាំទ្រនិងជួយប្រជាពលរដ្ឋរបស់ខ្លួនដើម្បីកុំឲ្យពួកគាត់ជាប់បំណុលវ័ណ្ឌក និងរងការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញ ឬអ្នកឲ្យខ្ចីបុលក្រៅផ្លូវការ៕