សម្តេចតេជោនឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវ៣៨ ខ្សែនៅក្នុងខេត្តសៀមរាបនៅអំឡុងខែវិច្ឆិកាខាងមុខនេះ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់សារជាថ្មី ថា នឹងអញ្ជើញទៅបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ ២០២០នេះ ខាងមុខនេះខណៈដែលរដ្ឋបានខេត្តបាននឹងកំពុងសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលមានសំណង់ប៉ះពាល់ពីគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងគេនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ឱ្យដឹងថា ការបើករដ្ឋានស្ថាបនាផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនាពេលខាងមុខនេះ ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋកម្ពុជាដែលបានបង់ការងារដែលបង្ករឡើងដោយជំងឺកូវីដ ១៩។
សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលសម្រេចទម្លាក់កញ្ចប់ថវិកាប្រមាណ ១៥០ លានដុល្លារអាមេរិក ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភណភាពខេត្តទេសចរណ៍កាន់តែទាក់ទាញបន្ថែមទៀត។
សម្តេចតេជោបន្ថែមថា ជាមួយនឹងការបើករដ្ឋានសាងសង់ផ្លូវនេះ គឺផ្តល់ឱកាសការងារជូនពលរដ្ឋ ហើយទទួលបានចំណូលពីថវិកា ១៥០ លានដុល្លាររបស់រាជរដ្ឋាភិបាល ដើម្បីយកទៅលើកកម្ពស់ជីវភាពកាន់តែប្រសើរនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវី ១៩ ខណៈជំងឺនេះ ស្ថិតនៅក្នុងភាពមិនប្រកដប្រជា។
រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងធ្វើការវាយតម្លៃខ្ពស់អំពីផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាប ដែលទទួលបានផ្លូវ៣៨ខ្សែ ដែលសម្រេចដោយអន្តរក្រសួង ក្រោមការផ្តល់កញ្ចប់ថវិកាពីប្រមុខរាជរដ្ឋាភិបាល ហើយក៏ជាឱកាសសម្រាប់ខេត្តប្រវត្តិសាស្ត្រធ្វើកិច្ចអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងពេលដែលនៅលើ ពិភពលោកបានកំពុងជួបនូវវិបត្តិកូវីដ១៩។
រដ្ឋបាលខេត្តសៀមរាបឱ្យដឹងថា ម៉ក្រោយការរៀបចំហេដ្ឋារចនាសម្ព័ន្ធនេះរួច ក្រុងសៀមរាបនឹងកាន់តែមាននូវ សោភណ្ឌភាពស្រស់ត្រកាល ក្នុងការទាក់ទាញដល់អារម្មណ៍ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត ព្រមទាំងបាន ជំរុញដល់ក្រុមការងារកំណត់ជើងម៉ែត្រ ធ្វើការពិនិត្យឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប ថា ផ្លូវទាំង៣៨ខ្សែនេះ គឺផែនការប្រវត្តិសាស្ត្ររបស់ខេត្តសៀមរាបមួយ ក្រោមការឧបត្ថម្ភគាំទ្រនិងការផ្តល់នូវកញ្ចប់ថវិការបស់សម្តេចនាយករដ្ឋមន្ត្រី ដើមី្បធ្វើការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ក្នុងទីក្រុងទេសចរណ៍ប្រវត្តសាស្ត្រ ឲ្យកាន់តែមានសោភណ្ឌភាពស្រស់ត្រកាលឡើង ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រៅពីគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ខេត្តក៏មានលើក នូវគម្រោងស្ថាបនាផ្លូវមួយចំនួនទៀតក្នុងក្រុងសៀមរាប ហើយចំពោះគម្រោងផ្លូវនៅថ្នាក់ស្រុក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរអប្សរាគ្រប់គ្រង គឺជាភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ៕