ប្រទេសកម្ពុជាស្វែងរកការវិនិយោគពីប្រទេសថៃបន្ថែមទៀត
រដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានស្នើសុំឱ្យប្រទេសថៃជួយជំរុញការវិនិយោគពីប្រទេសខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈដែលលោកលើកឡើងថា ការវិនិយោគថៃនៅកម្ពុជាមានការកើនឡើងជិតបីដងចាប់ពីខែមករាដល់ខែសីហាក្នុងឆ្នាំនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃសៅរ៍បន្ទាប់ពីជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយឯកឧត្តម Don Pramudwinai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃកាលពីថ្ងៃសុក្រកន្លងទៅ លោក ប្រាក់ សុខុន បានឲ្យដឹងថា៖ «ប្រទេសកម្ពុជាលើកទឹកចិត្តដល់វិនិយោគិនថៃឲ្យមកធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា»។ សេចក្តីប្រកាសព័ត៌មានដដែលបានបន្តឲ្យដឹងថា៖ «ភាគីទាំងពីរក៏បានសម្ដែងនូវក្តីរីករាយកត់សំគាល់ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរក្នុងវិស័យសំខាន់ៗដូចជាសន្តិសុខ ការអប់រំ ទេសចរណ៍ថាមពល និងការតភ្ជាប់»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ឆ្នាំ២០២០នេះគឺជាខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងថៃ។ សេចក្តីប្រកាសព័ត៌មានបន្ថែមថាភាគីទាំងពីរមានសេចក្តីរីករាយចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីដ៏ររឹងមាំ បើទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ-១៩ ក៏ដោយ កម្ពុជាបានស្នើភាគីថៃជួសម្រួលការដឹកជញ្ជូនទំនិញឆ្លងដែន បង្កើនការនាំចូលកសិផលរបស់កម្ពុជា ព្រមទាំងពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្ដីពីការដឹកជញ្ជូនឆ្លងដែន និងការងារសំខាន់ៗដ៍ទៃទៀត។
ភាគីទាំងពីរពេញចិត្តនឹងការបើកច្រកព្រំដែនថ្មីក្នុងតំបន់និងអន្តរជាតិ និងការតម្លើងច្រកព្រំដែនតំបន់ដែលមានស្រាប់ទៅជាច្រកព្រំដែនអន្តរជាតិ។ ប្រទេសទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទ្វេភាគីប្រកបដោយប្រសិទ្ធភាពផងដែរ។ សេចក្តីប្រកាសព័ត៌មានបន្តថា ភាគីទាំងពីររំពឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះលើកទី ៤ និងកិច្ចប្រជុំគណៈកម្មាធិការចម្រុះស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ១១ នឹងត្រូវបានរៀបចំឡើងក្នុងពេលសមស្របបំផុតក្រោយស្ថានការណ៍ជំងឺកូវីដ ១៩ បានប្រសើរឡើង។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌពហុភាគីដូចជាអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាដើម។ ឧបនាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធដើម្បីពង្រឹងចំណងមិត្តភាពយូរអង្វែង ភាពជាអ្នកជិតខាងដ៏ល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាពនៃព្រះរាជាណាចក្រទាំងពីរ។
ជាមួយគ្នានេះផងដែរ លោក ប្រាក់ សុខុន ក៏បានស្នើដល់ប្រទេសថៃអនុញ្ញាតឱ្យពលករចំណាកស្រុកកម្ពុជាដែលកាន់លិខិតឆ្លងដែននិងពលករក្រោមអនុស្សារណៈយោគយល់អាចវិលត្រឡប់ទៅធ្វើការវិញនិងកាត់បន្ថយការចំណាយនៃការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។
ភាគីទាំងពីរសង្ឃឹមថាប្រទេសថៃនឹងអាចផលិតបានវ៉ាក់សាំងរបស់ខ្លួនដោយជោគជ័យនាពេលឆាប់ៗខាងមុខនេះ។ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនាំមកនូវផលប្រយោជន៍ទៅវិញទៅមកហើយ ខណៈដែលភាគីទាំងពីរត្រូវការគ្នាទៅវិញទៅមកទាក់ទងនឹងនយោបាយសេដ្ឋកិច្ចនិងកម្លាំងពលកម្ម។
លោកថា៖ «ទំនិញថៃជាច្រើនត្រូវបាននាំចូលមកកាន់កម្ពុជា ខណៈដែលយើអាចចាត់ថាប្រទេសកម្ពុជាគឺជាទីផ្សារដ៏ធំមួយសម្រាប់ប្រទេសថៃ ខណៈប្រទេសថៃគឺជាទីផ្សារដ៏ធំសម្រាប់កម្លាំងពលកម្មកម្ពុជា»។ លោកបន្ថែមថា៖ «ប្រសិនបើប្រទេសថៃមិនមានឱកាសក្នុងការផ្តល់ការងារដល់ពលករកម្ពុជា វានឹងក្លាយជាបញ្ហាដ៏ធំសម្រាប់ប្រទេសកម្ពុជា»៕ ប្រភព៖ ប្រភព៖ Khmer Times