សារព័ត៌មានមហាខ្មែរ

ទោះជាសម័យកូវីដ១៩ ណាហ្កាវើលដ៍នៅតែចំណេញជាង២០លានដុល្លារ

0

ប្រធាន​សហជីព​របស់​ក្រុមហ៊ុន​កាស៊ីណូ ណា​ហ្គា វើ​ល​ដ៍ (Naga World) មាន​គម្រោង​ខ្ចីប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន​ជា​ថ្មី​ទៀត ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​លំបាក​ក្នុង​ជីវភាព​រស់នៅ ក្រោយ​ដែល​មាន​បុគ្គលិក​ជា​ច្រើន មិន​ទាន់​បាន​ចូល​ធ្វើការ​វិញ និង​ខ្លះ​ទៀត មិន​បាន​ធ្វើការ​ពេញ​ម៉ោង នៅឡើយ​។​

​ការ​លើក​ឡើង​នេះ ក្រោយ​ដែល​ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ បាន​អះអាង​ថា ក្រុមហ៊ុន ចំណេញ​ប្រាក់​ចំនួន ២១​លាន​ដុល្លារ រយៈពេល​៦​ខែ ដើមឆ្នាំ​២០២០ ខណៈ​ដែល​ពិភពលោក កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​ការ​រាលដាល​សកល​នៃ​ជំងឺ​កូ​វី​ដ​១៩ (Covid-19)​។​

​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន កាស៊ីណូ ណា​ហ្គា​វើ​ល​ដ៍ (Naga World) ស្វាគមន៍ ដែល​ក្រុមហ៊ុន​កាស៊ីណូ​មួយ​នេះ បាន​ចំណេញ​ប្រាក់​ចំនួន ២១​លាន​ដុល្លារ​ក្នុងអំឡុងពេល ៦​ខែ ដើមឆ្នាំ​២០២០ ទោះបីជា​មានការ​បិទ​កាស៊ីណូ​អស់​រយៈពេល ៣​ខែ ដោយសារ​ការ​រាលដាល​សកល​នៃ​ជំងឺ​កូ​វី​ដ​១៩ (Covid-19) ក៏​ដោយ​។​

​កញ្ញា ឈឹ​ម ស៊ី​ថរ ប្រាប់​អាស៊ី​សេរី កាលពី​យប់​ថ្ងៃ​ទី​២៩ ខែសីហា ថា ទោះបីជា​ក្រុមហ៊ុន​ចំណេញ​ប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ក៏​ដោយ ក៏​បុគ្គលិក​ធ្វើការ​ជា​ច្រើន នៅ​តែ​ប្រឈម​បញ្ហា​លំបាក​ក្នុង​ជីវភាព​រស់នៅ​។ កញ្ញា​បន្ត​ថា បុគ្គលិក​និង​សហជីព មាន​គម្រោង​ខ្ចី​ប្រាក់ខែ​ជា​មុន​សិន ពី​ក្រុមហ៊ុន​សម្រាប់​យក​មក​ដោះ​ទាល់​នូវ​ការ​ខ្វះខាត​ប្រចាំ​ថ្ងៃ ហើយនឹង​សង​ទៅ​វិញ​នៅ​ពេល​បាន​ចូល​ធ្វើការ​វិញ និង​ធ្វើការ​ពេញ​ម៉ោង​៖ «​ទាំងអស់​គ្នា​យល់ព្រម​ថា នឹង​ដាក់​សំណើ​ថ្មី​មួយ ទៅ​ខាង​ភាគី​ក្រុមហ៊ុន ស្នើ​សុំ​ខ្ចី​ប្រាក់ខែ​ចំនួន ១០​ថ្ងៃ ហើយនឹង​សង​វិញ ដរាបណា​បុគ្គលិក​បាន​ធ្វើការ​ពេញ​ម៉ោង​ដូច​ពី​មុន​។ ទោះជា​កាស៊ីណូ បើក​ឡើង​វិញ គឺ​នៅ​ខែកក្កដា យើង​ធ្វើ​បាន​សម្រង់​ស្ថិតិ រក​ឃើញ​ថា បុគ្គលិក​ខ្លះ​ធ្វើការ​បាន​១​ស​ប្ដា​ហ៍ ខ្លះ​ច្រើន​បំផុត ២​ស​ប្ដា​ហ៍ ហើយ​ខ្លះ​ទៀត អត់​បាន​ធ្វើការ​សោះតែ​ម្ដង​»​។​

​ក្នុង​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន ប្លូ​ម​ប៊ឺ​ក (Bloomberg Daybreak) កាលពី​ថ្ងៃ​ទី​២៧ ខែសីហា នាយករង​ចាត់ចែង​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ណា​ហ្គា (NagaCorp Ltd.) លោក ហ្វី​លី​ព លី (Philip Lee) បញ្ជាក់​ថា ប្រាក់​ចំណេញ​ចំនួន ២១​លាន​ដុល្លារ​ក្នុងអំឡុងពេល​៦​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា រហូត​ដល់​ថ្ងៃ​៣០ ខែមិថុនា ឆ្នាំ​២០២០​នេះ គឺ​ភាគច្រើន បាន​មក​ការ​បើក​ល្បែងភ្នាល់ និង​ស្លុត​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ​។ លោក​មិន​បាន​បញ្ជាក់​ទំហំ​ទឹកប្រាក់​សរុប​ក្នុង​រយៈពេល​៦​ខែ​នោះ​ទេ​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា បាន​សម្រេច​ឲ្យ​អាជីវកម្ម​កាស៊ីណូ ណា​ហ្គា​វើ​ល​ដ៍ (Naga World) អាច​បើក​ដំណើរការ​ឡើង​វិញ ក្រោយ​ពី​បាន​បិទ​អស់​រយៈពេល ៣​ខែ​មក ដោយសារ​វិបត្តិ​ជំងឺ​កូ​វីត​១៩ ក៏​ប៉ុន្តែ​ការ​អនុញ្ញាត​នេះ គឺ​សំរាប់​តែ​ល្បែងភ្នាល់​និង​ស្លុត​ម៉ាស៊ីន​ប៉ុណ្ណោះ​។​

​កញ្ញា ឈឹ​ម ស៊ី​ថរ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា កញ្ញា​នៅ​មាន​ក្តី​សង្ឃឹមថា ក្រុមហ៊ុន​កាស៊ីណូ​ដ៏​ធំ​មួយ​នេះ នឹង​គិតគូរ​ពិចារណា​អំពី​ស្ថានភាព​លំបាក​របស់​បុគ្គលិក និង​កម្មករ​។ កញ្ញា​ថា កាលពី​ខែមិថុនា​កន្លង​មកនេះ នៅ​ពេល​ដែល​កាស៊ីណូ បិទ​បណ្ដោះអាសន្ន បុគ្គលិក​រាប់​ពាន់​នាក់ ក៏​បាន​ដាក់​លិខិតស្នើ​សុំ​ខ្ចីប្រាក់​ម្តង​ដែរ ប៉ុន្តែ​ក្រុមហ៊ុន​ឲ្យ​តែ​ខ្ចី ៥​ថ្ងៃ​ប៉ុណ្ណោះ​៖ «​នាង​ខ្ញុំ​សោកស្ដាយ ក្នុង​នាម​តំណាង​បុគ្គលិក​ដែល​បានឃើញ​ការ​លំបាក​របស់​កម្មករ ហើយ​ដែល​ក្រុមហ៊ុន​មិន​បាន​យកចិត្តទុកដាក់​បុគ្គលិក​ខ្លួនឯង​។ ជាក់ស្ដែង​កាលពី​ខែមិថុនា បុគ្គលិក​ជាង ៣​ពាន់​នាក់ បាន​ធ្វើ​ញត្តិ​ស្នើ​សុំ​ទៅ​ក្រុមហ៊ុន​ឲ្យ​បន្ត​ជួយ​ឧបត្ថម្ភ ប្រាក់ខែ​៣០% ប៉ុន្តែ​ជា​ការ​ឆ្លើយ​តប ក្រុមហ៊ុន​អោយ​ខ្ចី​តែ​៥​ថ្ងៃ​ទេ ហើយ​ត្រូវ​សង​វិញ​នៅ​ចុងខែ​ដដែល​»​។​

​របាយការណ៍​របស់​ក្រុមហ៊ុន​សាជីវកម្ម​ណា​ហ្គា (NagaCorp Ltd.) បាន​បង្ហាញ​ថា ក្នុង​អំឡុង​ឆ្នាំ ២០១៩ ក្រុមហ៊ុន​នេះ​ទទួល​បាន​ប្រាក់​ចំណូល​ចំនួន​ជិត ២​ពាន់​លាន​ដុល្លារ ($1.75b) ដែល​ក្នុង​នោះ​គឺ​ទទួល​បាន​ប្រាក់​ចំណេញ​ជិត ៥៧២​លាន​ដុល្លារ ($571.8m) ហើយ​ក្រោយ​ពី​ការ​បង់ពន្ធ​ទៅ​រដ្ឋាភិបាល​កម្ពុជា គឺ​នៅ​ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន ៥២១​លាន​ដុល្លារ​($521.3m)​។ ចំណែក​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កម្ពុជា​ទទួល​បាន​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ​សរុប​ទូ​ទាំង​ប្រទេស មាន​ចំនួន ជាង ៥៦​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៩៕

អត្ថបទទាក់ទង