GMAC ប្ដឹងជំទាស់EU ករណីព្យួរ EBA ពីកម្ពុជា គឺជាការជួយចុងក្រោយមួយក្នុងការការពារផលប្រយោជន៍រោងចក្រកាត់ដេរ
សំណុំរឿង EBA ដែលសហភាពអឺរ៉ុបសម្រេចដកផ្នែកខ្លះពីកម្ពុជានោះ នៅមិនទាន់បញ្ចប់នៅឡើយទេ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានដាក់ពាក្យបណ្ដឹងប្រឆាំងនឹងការសម្រេចនេះទៅកាន់តុលាការយុត្តិធម៌អឺរ៉ុបកាលពីខែកក្កដា ហើយពាក្យបណ្តឹងបានទៅដល់ដៃតុលាការយុត្តិធម៌តំបន់អឺរ៉ុបហើយកាលពីចុងខែមុន។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្ដរជាតិ RFI នៅថ្ងៃសៅរ៍ ទី២៦កញ្ញានេះថា ការប្តឹងទៅកាន់តុលាការតំបន់នៅអឺរ៉ុបនេះគឺជាជ្រើសចុងក្រោយបង្អស់ហើយ ដោយសារ GMAC យល់ថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប មានលក្ខណៈអយុត្តិធម៌។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃសៅរ៍ថា មេធាវីរបស់ GMAC បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការយុត្តិធម៌តំបន់នៅអឺរ៉ុបនោះតាំងពីពាក់កណ្តាលខែកក្កដា ហើយតុលាការមួយនេះទើបទទួលយកពាក្យបណ្តឹងជាផ្លូវការកាលពីចុងខែសីហា។ គឺជាពាក្យបណ្តឹងប្រឆាំងនឹងសេចក្តីសម្រេចចុងក្រោយបំផុតរបស់សហភាពអឺរ៉ុប ដែលបានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ២០% លើគ្រប់មុខទំនិញទាំងអស់ លើកលែងតែអាវុធដែលហៅកាត់ថា EBA។
សម្រាប់អគ្គលេខាធិការ GMAC ការដែលខ្លួនសម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹង EU ទៅកាន់តុលាការតំបន់នៅអឺរ៉ុបនេះគឺជាជ្រើសចុងក្រោយបង្អស់ហើយ ដោយសារ GMAC យល់ថា សេចក្តីសម្រេចរបស់ EU វាអយុត្តិធម៌។ តែលោក ខេន លូ បដិសេធធ្វើអត្ថាធិប្បាយ ចំពោះភស្តុតាងដែល GMAC យកទៅធ្វើជាសំអាងដើម្បីប្តឹងសហភាពអឺរ៉ុបនោះ។
សូមជម្រាបថា ការដែលសហភាពអឺរ៉ុបកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ ២០% គ្រប់មុខទំនិញលើកលែងតែអាវុធ EBA ពីកម្ពុជានោះ ដោយសារតែEUរកឃើញថា រដ្ឋាភិបាលកម្ពុជាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការរំលាយគណបក្សប្រឆាំងជាដើម។
សេចក្តីសម្រេចនេះ គឺបានចូលជាធរមានតាំងពីថ្ងៃទី១២ ខែសីហា ហើយទំនិញរបស់កម្ពុជា៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំនឹងត្រូវបង់ប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីអាចនាំចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបបាន។
ការដក EBA ២០% នេះ ជាជំហានដំបូងរបស់សហភាពអឺរ៉ុប តែអឺរ៉ុបក៏នៅតែបានបើកផ្លូវឱ្យកម្ពុជាអាចទទួលបានមកវិញដែរ ប្រសិនបើកម្ពុជាធ្វើការកែលម្អឡើងវិញផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនេះ។ប៉ុន្តែរដ្ឋាភិបាលកម្ពុជាអះអាងថាការទាមទាររបស់បណ្តាប្រទេសលោកសេរីទាំងនេះគឺជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជាទៅវិញ៕