ចិនយកលុយទៅណាអស់ទេពេលនេះ??? ចិនអះអាងថានឹងអាចផលិតវ៉ាក់សាំងប្រឆាំងកូវីដ ចំនួន ១ពាន់លានដូស ក្នុង១ឆ្នាំ
បន្ទាប់ពីប្រកាសថា នឹងមានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ចាប់ពីខែវិច្ឆិកា ប្រទេសចិន កាលពីថ្ងៃសុក្របានអះអាងថា ខ្លួនអាចមានសមត្ថភាពផលិតវ៉ាក់សាំង បាន៦០០លានដូស នៅឆ្នាំ នេះ និងចំនួន ១ពាន់លានដូស ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំក្រោយទៅ។ តាមប្រធាននាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចិន ដែលបានថ្លែង នៅក្នុងសន្និសីទកាសែត នៅទីក្រុងប៉េកាំង កាលពីម្សិលមិញ កម្មវិធីអភិវឌ្ឍន៍វ៉ាក់សាំងរបស់ចិនកំពុងនាំមុខគេ។
នៅក្នុងចំណោមវ៉ាក់សាំង ជាង១០០ដែលបណ្តាប្រទេសជាច្រើនក្នុងពិភពលោក កំពុងស្រាវជ្រាវ ដើម្បីប្រឆាំងជំងឺកូវីដ១៩ មានវ៉ាក់សាំង ចំនួន៥៩ ជាគម្រោងរបស់ប្រទេសចិន។ វ៉ាក់សាំង ១១ប្រភេទ របស់ចិនបានឈានដល់ដំណាក់កាលសាកល្បងគ្លីនិក មានន័យថា ការធ្វើតេស្តសាកល្បងវ៉ាក់សាំង លើមនុស្ស។ វ៉ាក់សាំង ៤ប្រភេទ បានចូលដល់ដំណាក់កាលសាកល្បងទី៣ ដែលជាដំណាក់កាលចុងក្រោយ មុននឹងឈានដល់ការផលិតដាក់ឲ្យប្រើប្រាស់។
សម្រាប់លោក វូ យ័នពីន Wu Yuanbin ប្រធាននាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ចិនកំពុងនាំមុខគេក្នុងផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
វ៉ាក់សាំង២ប្រភេទរបស់ក្រុមហ៊ុនចិន China National Biotec Group បានចាប់ផ្តើមដំណាក់កាលទី៣ ដោយបានធ្វើតេស្តសាកល្បងលើមនុស្ស៣ម៉ឺន ៥ពាន់នាក់ នៅតំបន់ដើមបូព៌ា។ វ៉ាក់សាំងមួយប្រភេទទៀត របស់ក្រុមហ៊ុន Sinovac ធ្វើការសាកល្បងនៅអាមេរិកខាងត្បូង និងនៅអាស៊ីអាគ្នេយ៍ ចំណែកវ៉ាក់សាំង អភិវឌ្ឍដោយCanSino Biologics រួមជាមួយកងទ័ពចិន ត្រូវបានអនុញ្ញាតឲ្យធ្វើតេស្តសាកល្បង នៅទឹកដីអឺរ៉ុប និងនៅអាស៊ី។
នៅប្រទេសចិន អាជ្ញាធរបានធ្វើការសាកល្បងវ៉ាក់សាំងទៅលើមនុស្សជាង១សែននាក់ ដែលធ្វើការនៅកំពង់ផែ មន្ទីរពេទ្យ និងនៅកន្លែងប្រឈមនឹងជំងឺកូវីដ តាំងពីខែ កក្កដា។ តាមអ្នកទទួលខុសត្រូវ ចិន កម្មវិធីសាកល្បងវ៉ាក់សាំង របស់ចិនបានទទួលការគាំទ្រពីអង្គការសុខភាពពិភពលោក។
តាមលោកចេង ជុងវៃ Zheng Zhongwei មន្រ្តីគណៈកម្មការសុខភាពជាតិចិន នៅក្នុងការធ្វើតេស្តសាកល្បងវ៉ាក់សាំង គេមិនទាន់ឃើញមានប្រតិកម្ម របស់វ៉ាក់សាំង ដែលអាចធ្វើទុក្ខ ប៉ះពាល់ សុខភាពរបស់អ្នកដែលបានចូលរួមក្នុងការធ្វើតេស្តសាកល្បងនោះទេ។
ជាមួយនឹងសញ្ញាវិជ្ជមាននៃសុវត្ថិភាពរបស់វ៉ាក់សាំង ប្រទេសចិនសង្ឃឹមថា នឹងអាចផលិតវ៉ាក់សាំង ៦១០លានដូស នៅដំណាច់ឆ្នាំនេះ និងយ៉ាងតិច ១០០០ លានដូស ក្នុង១ឆ្នាំ នៅឆ្នាំក្រោយ។ មន្រ្តីចិនបានអះអាងថា វ៉ាក់សាំងរបស់ចិន នឹងមានតម្លៃសមរម្យ។ ចំណែកប្រធានាធិបតីចិន លោកស៊ី ជីនពីង ធ្លាប់បានប្រកាសថា វ៉ាក់សាំងរបស់ចិន នឹងជាទ្រព្យសម្បត្តិរួមរបស់ពិភពលោក៕