កម្ពុជាស្វាគមន៍អាមេរិកឲ្យមកទស្សនកិច្ចស្វែងរកការពិត ចំពោះការចោទប្រកាន់ក្រុមហ៊ុនចិន UDG ថានឹងត្រូវប្រើជាមូលដ្ឋានយោធាចិន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការ បានប្រកាសស្វាគមន៍ចំពោះដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាមេរិក ឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងការមន្ទិលសង្ស័យ ដែលថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន UDG ដែលបានវិនិយោគនៅតំបន់អភិវឌ្ឍន៍តារាសាគរខេត្តកោះកុង នឹងត្រូវប្រើប្រាស់ជាមូលដ្ឋានយោធោចិននោះ។ នេះបើយោងតាមថ្លែងការណ៍មួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលចេញកាលពីថ្ងៃទី ២០ ខែកញ្ញានេះ។
ការស្វាគមន៍របស់កម្ពុជា ឲ្យមានការចុះទស្សនកិច្ចពីសំណាក់សហរដ្ឋអាមេរិក និងប្រទេសជាមិត្តដទៃទៀតនេះ គឺធ្វើឡើងក្រោយពីសហរដ្ឋអាមេរិក នៅពីថ្ងៃទី ១៥ ខែកញ្ញា បានសម្រេចដាក់បញ្ចូលក្រុមហ៊ុនចិន UDG ដែលបាននិងកំពុងវិនិយោគរាប់ពាន់លានដុល្លារ នៅតំបន់តារាសាគរខេត្តកោះកុង ចូលក្នុងបញ្ជីខ្មៅ ក្រោមហេតុផលចោទប្រកាន់ថា គម្រោងរបស់ក្រុមហ៊ុននេះ អាចនឹងត្រូវប្រើប្រាស់សម្រាប់ជាកន្លែងទុកដាក់ទ្រព្យសម្បត្តិយោធាចិន។ នេះបើយោងតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍របស់ខ្លួនមួយនៅថ្ងៃទី ២០ ខែកញ្ញា ដោយបានលើកឡើងពីការសោកស្ដាយជាទីបំផុត ចំពោះការសម្រេចចិត្តរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Union Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ មានទីតាំងស្ថិតនៅក្នុងស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកថា ហេតុផលដែលបានចោទប្រកាន់របស់សហរដ្ឋអាមេរិក មកលើក្រុមហ៊ុនចិនមួយនេះ គឺ«មិនឆ្លុះបញ្ចាំងពីការពិតទាល់តែសោះ»។
យោងតាមសេចក្ដីថ្លែងការដដែលនេះ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់ក្រសួងរតនាគារអាមេរិកនេះ នឹងជះឥទ្ធិពលអវិជ្ជមានដែលមិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន UDG ប៉ុណ្ណោះទេ តែក៏អាចប៉ះពាល់ធ្ងន់ធ្ងរផងដែរ ដល់ការងារប្រជាជនស្លូតត្រង់ជាច្រើន ក៏ដូចជាដល់បរិស្ថានធុរកិច្ច និងវិនិយោគនៅកម្ពុជា។
ក្នុងសេចក្ដីថ្លែងការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ បានឆ្លើយតប៥ ចំណុចទៅកាន់ការចោទប្រកាន់ពីសំណាក់អាមេរិក។ ក្នុងនោះ ត្រង់ចំណុចទី៥ អាមេរិកបានចោទប្រកាន់ថា គម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន UDG អាចនឹងត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធារបស់ចិន។ ឆ្លើយតបត្រង់ចំណុចនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបកស្រាយថា «យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គ្មានមូលដ្ឋានកងទ័ពបរទេសណាមួយអាចត្រូវបានបង្កើតនៅកម្ពុជាឡើយ ទោះជាមូលដ្ឋានកងទ័ពចិន អាមេរិក ឬប្រទេសណាមួយក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានបដិសេធជាច្រើនលើកច្រើនសាររួចហើយដែរចំពោះព័ត៌មានដែលថា កម្ពុជាទទួលយកកងទ័ពបរទេសមកឈរជើងនៅក្នុងទឹកដីរបស់ខ្លួន។»
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តទៀតថា «ដូចនេះ កម្ពុជា ស្វាគមន៍ចំពោះ ដំណើរទស្សនកិច្ចស្វែងរកការពិតរបស់សហរដ្ឋអាមេរិកឬប្រទេសជាមិត្តនានា ដើម្បីបញ្ចប់ការចោទប្រកាន់ និងការមន្ទិលសង្ស័យនេះ»។
បើតាមការបញ្ជាក់របស់សេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដដែលនេះ បានឲ្យដឹងថា នាពេលកន្លមកតំណាងស្ថានទូតនៃប្រទេសមួយចំនួន រួមទាំងអនុព័ន្ធយោធាអមស្ថានទូត ក៏ធ្លាប់បានទៅទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តារាសាគារ នាថ្ងៃទី ១២ ខែកុម្ភៈ និងថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩ រួចហើយដែរ។
សូមបញ្ជាក់ថា តាមឯកសារដែលផ្ដល់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុនចិន UDG ជាក្រុមហ៊ុនបរទេស ដែលមានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកម្ពុជា និងមានកាន់កាប់ភាគហ៊ុន ១០០% ដោយក្រុមហ៊ុន Tianjin Union Investment Development Group Co.,Ltd ជាក្រុមហ៊ុនឯកជនសុទ្ធសាធ។ ក្រុមហ៊ុន UDG បានបានទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរនៅកម្ពុជា នៅថ្ងៃឍទី ១៧ ខែ មិថុនា ឆ្នាំ២០០៨៕