អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Development ដែលកំពុងវិនិយោគនៅក្នុងខេត្តកោះកុង
ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចអាមេរិកកាលពីថ្ងៃទី១៥ ខែកញ្ញាម្សិលមិញ បានសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Development Group ក្រោមមូលហេតុបានរឹបអូស និងបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីសាងសង់គម្រោងអភិវឌ្ឍតារាសាគរនៅក្នុងខេត្តកោះកុង។ ក្រសួងសេដ្ឋកិច្ចអាមេរិកអះអាងថា ក្រុមហ៊ុនចិននេះ បានបំពានទៅនឹងច្បាប់Global Magnitsky ហើយបានដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុននេះនៅលើទឹកដីអាមេរិក។
ទណ្ឌកម្មដែលក្រសួងសេដ្ឋកិច្ចអាមេរិកដាក់លើក្រុមហ៊ុនចិនUnion Development Groupនេះ គឺគ្រប់ទ្រព្យសម្បត្តិ និងផលចំណេញចេញពីទ្រព្យសម្បតិ្តនៃក្រុមហ៊ុននេះ និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀតដោយផ្ទាល់ ឫដោយប្រយោល មានភាគហ៊ុន៥០%ឫច្រើនជាងនេះ ឫគ្រប់គ្រងដោយបុគ្គល ឬជាមួយអ្នកដៃទៀតដែលស្ថិតនៅក្នុងសហអាមេរិក ឬជាកម្មសិទ្ធិ ឬគ្រប់គ្រងដោយជនជាតិអាមេរិកាំង គឺត្រូវបង្កកទាំងអស់ និងត្រូវររាយការណ៍មកកាន់ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចអាមេរិក។
អាមេរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិននេះ ដោយផ្អែកទៅតាមច្បាប់Global Magnitsky។ ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចអាមេរិកបានចោទក្រុមហ៊ុនចិនUnion Development Group ថា បានបំពានទៅនឹងច្បាប់នេះតាមរយៈការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានអំពើពុករលួយនៅក្នុងដំណើរការអភិវឌ្ឍគម្រោងរបស់ខ្លួននៅក្នុងខេត្តកោះកុងរបស់កម្ពុជា។
ក្រុមហ៊ុនចិនUnion Development Group បានចាប់ផ្តើមការវិនិយោគនៅក្នុងខេត្តកោះកុងកាលពីឆ្នាំ២០០៨ ដោយទទួលបានកិច្ចសន្យាជួលដីទំហំ៣៦,០០០ហិកតារយៈពេល៩៩ឆ្នាំពីរដ្ឋាភិបាលកម្ពុជា។ ជាមួយនឹងទំហំផ្ទៃដីនេះ ក្រុមហ៊ុនចិនបានបោះទុនប្រមាណ៣.៨ពាន់លានដុល្លារអាមេរិកលើគម្រោងអភិវឌ្ឍតារាសាគរដែលជាគម្រោងទីក្រុងទេសចរណ៍ដ៏បំផុតនៅក្នុងខេត្តកោះកុង។
ក្រសួងសេដ្ឋកិច្ចអាមេរិកបានអះអាងថា នៅក្នុងដំណើរការអភិវឌ្ឍនេះ ក្រុមហ៊ុនចិន Union Development Group បានទាក់ទងជាមួយនឹងលោកគន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ តាមក្រសួងសេដ្ឋកិច្ចអាមេរិក គឺលោកគន់ គីមនេះបានប្រើប្រាស់កងកម្លាំងយោធាបណ្តេញប្រជាពលរដ្ឋ និង បានដុតផ្ទះសម្បែងរបស់ពួកគេ ដើម្បីយកដីឱ្យក្រុមហ៊ុនចិនធ្វើការអភិវឌ្ឍគម្រោង។
សូមបញ្ជាក់ថា លោកគន់ គីម រួមនឹងសមាជិកគ្រួសារ៣នាក់ និងក្រុមហ៊ុនរបស់ពួកគេផង ត្រូវបានក្រសួងសេដ្ឋកិចុ្ចអាមេរិកនេះសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិម្តងរួចមកហើយកាលពីឆ្នាំ២០១៩។ ទណ្ឌកម្មនាពេលនោះ គឺដាក់ចេញជាមួយគ្នានឹងលោកទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រី ភាពគ្រុប។ ក្រសួងសេដ្ឋកិច្ចអាមេរិកបានចោទពួកគេថា បានជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលក្នុងអំពើពុករលួយជាច្រើនករណីដូចជា ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋដោយមិនត្រឹមត្រូវ ការរឹបអូសទ្រព្យសម្បត្តិឯកជនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន អំពើពុករលួយទាក់ទងនឹងកិច្ចសន្យារបស់រដ្ឋាភិបាលកម្ពុជា ឬ ការទាញយកធនធានធម្មជាតិ ឬ ស៊ីសំណូក។
កាលពីឆ្នាំ២០១៨ មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជាហ៊ុន សែន គឺលោកហ៊ីង ប៊ុនហៀងក៏បានរងទណ្ឌកម្មរបស់អាមេរិកនេះដូចគ្នាផងដែរ។ កាលណោះ អាមេរិកចោទថា លោកហ៊ីង ប៊ុនហៀង បានបញ្ជាកងកម្លាំងអង្គរក្សឱ្យវាយប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ និងតំណាងរាស្រ្តអតីតបក្សប្រឆាំង។ ទាំងអស់នេះ គឺបំពាននឹងច្បាប់Global Magnitsky៕