សារព័ត៌មានមហាខ្មែរ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល៖ កម្ពុជា នឹងបើកច្រកព្រំដែនមួយបន្ថែមទៀត ជាមួយវៀតណាម

19

កម្ពុជានឹងបើកច្រកព្រំដែនអន្តរជាតិថ្មីមួយទៀត ជាមួយនឹងប្រទេសវៀតណាម ដែលមានឈ្មោះថា ច្រកព្រៃវល្លិ នៅក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ច្រកព្រំដែនថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយពង្រីកពាណិជ្ជកម្មតាមច្រកព្រំដែនរវាងកម្ពុជា និងវៀតណាមបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។
ត្រូវបាន​ស្រង់​សម្ដី​ដោយ​ភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​បាន​បញ្ជាក់ថា ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ព្រៃវល្លិ​ ស្ថិតក្នុង​ខេត្ដស្វាយរៀងនេះ នឹងបើក​ឱកាស​យ៉ាងទូលំទូលាយ​ដល់កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​រវាងកម្ពុជា-វៀតណាម​កាត់ បន្ថយការកក​ស្ទះ​ចរាចរណ៍ បង្កើនការវិនិយោគ ជំរុញការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែន។

សារព័ត៌មាន​វៀតណាម បាន​បញ្ជាក់ដែរថា ច្រកព្រំដែន​​កម្ពុជា​ថ្មីនេះ នឹង​ភ្ជាប់ជាមួយនឹង​ឃុំ Binh Hiep នៅក្នុង​ខេត្ត​ជាប់​ដងទន្លេមេគង់ Long An របស់វៀតណាម ដោយ​ច្រកព្រំដែននេះ បាន​សាងសង់រួចរាល់​ហើយ ខណៈដែល​ខាង​អាជ្ញាធរ​កំពុង​រៀបចំ​កម្មវិធីសម្ពោធ។
ក្រៅពី​ច្រកព្រំដែន​ព្រៃវល្លិនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រជុំពិភាក្សា​​អំពី​ការបើក​ច្រក​ព្រំដែន​មួយផ្សេងទៀត ជាមួយ​វៀតណាម​ផងដែរ ដើម្បី​បន្ធូរបន្ថយ​ការកកស្ទះ​ធ្ងន់ធ្ងរ នៅច្រក​ទ្វារ​អន្តរជាតិ​បាវិត-ម៉ុកបៃ។

ស្ថិតិ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​បាន​បង្ហាញថា នៅ ៧ខែ​ដំបូង​ឆ្នាំ២០២០នេះ ការនាំចេញ​របស់​កម្ពុជា​ទៅវៀតណាម​សម្រេចបាន ៥៩២​លាន​ដុល្លារ បាន​កើនឡើង​៧,៥% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុននេះ ខណៈដែល​ការ​នាំចូល​ពីវៀតណាម​មកវិញមាន​ជាង​២,៣៩​ពាន់លាន​ដុល្លារ ធ្លាក់ចុះ​៣,៧%៕

អត្ថបទទាក់ទង